រដ្ឋមន្ត្រី​មហាផ្ទៃ​ដកតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំនួន​០៤​រូប​

1159
ចែករម្លែក
  • 100
    Shares

ដោយ: មុនី​រ័ត្ន​ / ​ភ្នំពេញ: ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំនួន​០៤​រូប ត្រូវបាន​ដកចេញ​ពី​តួនាទី ដោយ​ឲ្យ​មក​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ ដោយសារតែ​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ឈើ​ខុសច្បាប់​ឆ្លងទៅ​ប្រទេស​វៀតណាម​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ធនធាន​ព្រៃឈើ រួមទាំង​ពាក់ព័ន្ធ​រឿង​មិន​ប្រក្រតី​មួយ​ចំ​នន​ទៀត​។ នេះ​បើតាម​ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ (រូបឯកសារ)

​យោងតាម​ប្រកាស​ស្តីពី​ការផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​កាលពី​ថ្ងៃទី​១២ ខែតុលា បាន​ឲ្យ​ដឹងថា មន្ត្រីរាជការ​ចំនួន​៥​រូប ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មានដូចជា ១៖ លោក ឯម បញ្ញា​រិ​ទ្ធ ពី​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ទ្វេភាគី ដារ ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។ ២ ៖ លោក សុន ស ពី​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន ចាន់​មូល ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។ ៣ ៖ លោក ហ៊ាង សុ​ភី ពី​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន ដូនរ័ត្ន ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។ ៤ ៖ លោ វ៉ា ចាន់​នឿន ពី​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ទ្វេភាគី ទន្លេ​ចាម ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។ ៥ ៖ លោក កែវ សុខា ពី​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន ទ​ន្លូ​ង ឲ្យ​ទៅកាន់​មុខតំណែង​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ទ្វេភាគី ទន្លេ​ចាម​។

​ចំណែក​មន្ត្រីរាជការ​ចំនួន​០៤​រូប ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មានដូចជាៈ
១ ៖ លោក ស្រ៊ុន ណាត នាយករង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត ឲ្យ​ទៅកាន់​មុខតំណែង​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន ដូនរ័ត្ន​។ ២ ៖ លោក អ៊ុំ ផា​ឡូត ប្រធានការិយាល័យ​របៀប និង​ឯកសារ នៃ​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត ឲ្យ​ទៅកាន់​មុខតំណែង​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន ចាន់​មូល​។ ៣ ៖ លោក មួន សុភាព ប្រធានការិយាល័យ​កិច្ចការ​ច្បាប់ និង​សុវត្ថិភាព​សាធារណៈ នៃ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ឲ្យ​ទៅកាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​ទ្វេភាគី ដារ​។ ៤ ៖ លោក ភួង សុភា ឲ្យ​ទៅកាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន ទ​ន្លូ​ង​។​

​នៅក្នុង​ប្រកាស​បាន​បញ្ជាក់ថា អាណត្តិ​បំពេញភារកិច្ច​របស់​សា​ម៉ី​ខ្លួន មាន​រយៈពេល​ពីរ​ឆ្នាំ​។ នៅពេល​ចប់​អាណត្តិ សាលាខេត្ត​ត្បូងឃ្មុំ​ត្រូវ​លើកសំណើ​សុំ​ផ្លាស់ប្តូរ ឬ​បន្ត​អាណត្តិ​មក​ក្រសួងមហាផ្ទៃ​ដើម្បី​ពិនិត្យ​សម្រេច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម