អារ៉ាប៊ីសាអ៊ូឌីត ហៅ​ការអះអាង​អំពី​ឃាតកម្ម​លើ​អ្នកកាសែត ថា​ជា​”​ការ​កុហក​និង​គ្មាន​មូលដ្ឋាន “

1351
ចែករម្លែក

អារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃសៅរ៍ទី១៣ខែតុលា បានហៅការចោទប្រកាន់ដែលថាខ្លួនបានបញ្ជាឱ្យសម្លាប់លោកJamal Khashoggi អ្នកកាសែត អារ៉ាប៊ីសាអ៊ូឌីតនៅក្នុងស្ថានកុងស៊ុលរបស់ខ្លួន នៅក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីនោះថា ជា”ការកុហក និងជាការចោទប្រកាន់គ្មានមូលដ្ឋាន “។

ការបដិសេធរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Saud Al Saudបានកើតឡើង គឺ១១ថ្ងៃបន្ទាប់ពី លោកJamal Khashoggi ត្រូវបានគេឃើញនៅពេលចុងក្រោយដើរចូលស្ថានកុងស៊ុលនោះ។

ប្រភពព័ត៌មានពីតួកគីបានអះអាងថាលោកJamal Khashoggi ត្រូវបានសម្លាប់ដោយភ្នាក់ងារអារ៉ាប៊ីសាអូឌីត មួយក្រុម។

ប្រភពព័ត៌មានពីសន្តិសុខតួកគីបានប្រាប់ទូរទស្សន៍ BBC ថាក្រុមមន្រ្តីមានភស្តុតាងសំឡេងនិងវីដេអូដែលបង្ហាញពីការសម្លាប់នេះ។

អារ៉ាប៊ីសាអ៊ូឌីត នៅតែអះអាងថា អ្នកកាសែតដែលជាអ្នករិះគន់រដ្ឋាភិបាលនេះបានចាកចេញពីអគារស្ថានកុងស៊ុលនោះ ភ្លាមៗបន្ទាប់ពីបានមក ដល់កាលពីថ្ងៃទី២ខែតុលា។

លោក Jamal Khashoggi អ្នកកាសែត ដែលធ្វើការឱ្យសារព័ត៌មានWashington Post នេះ​បានបាត់ខ្លួនចាប់តាំងពីលោកបានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី២ខែតុលាដើម្បីទទួលឯកសារសម្រាប់អាពាហ៍ពិពាហ៍របស់លោក៕ដោយ៖សុខា/sn

លោកJamal Khashoggi អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត