កម្ពុជា​យល់ព្រម​បន្ត​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាម៉េរិក​ដែល​បាត់​ខ្លួន​ឡើងវិញ​

1696
ចែករម្លែក

​ដោយៈ ម៉េង​ឆៃ​,មុនីរ័ត្ន/​ភ្នំពេញ​:​ក្នុង​លិខិត​ឆ្លើយតប​នឹង​សមាជិក​ព្រឹទ្ធសភា​លោក ដុក អេ​រិ​ក​សុន (Doug Ericksen) និង​តំណាងរាស្ត្រ លោក វីន​សុន បា​យ្ស (Vicent Buys) ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ពី​ការយល់ព្រម បន្ត​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​ដោយសារ​សង្គ្រាម នៅ​ប្រទេស​កម្ពុជា​ឡើងវិញ​។ ប្រតិបត្តិការ​នេះ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​។​

សកម្មភាពបញ្ជូនអដ្ឋិធាតុនាពេលកន្លងទៅ(រូបឯកសារ)

​ក្នុង​លិខិត​ជូន​សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ​អាម៉េរិក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយបាន​ទទួល​លិខិត​រួមគ្នា​របស់​ឯកឧត្តម សម្តែង​នូវ​ការពេញ​ចិត្ត​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​សព្វថ្ងៃ និង​សេចក្តីប្រាថ្នា​របស់​ឯកឧត្តម ដែល​ចង់​ឲ្យ​បន្ត​ឡើងវិញ​នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាម៉េរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​សម្តេច​តេ​ជោ បន្តថា “​ជាការ​ពិត​យើង​តែងតែមាន​បំណង​ចង់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋ​អាម៉េរិក ដោយ​ឈរលើ​មូលដ្ឋាន​ផល​បប្រយោជន៍​រួម និង​គោរព​គ្នា​ទៅវិញទៅមក​។ កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី POW/MIA តាំងពី​មុនពេល​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ត​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ទសវត្ស ១៩៩០ គឺជា​ឧទាហរណ៍​បញ្ជាក់​ច្បាស់​អំពី​ការខិតខំ​របស់​យើង​ដើម្បី​គោលដៅ​នេះ ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​នូវ​ការរួម​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ក្រុមគ្រួសារ​ឈ្លើយសឹក និង​ទាហាន​អាម៉េរិក​បាត់​ខ្លួន ដែល​បាន​រង​ទុក្ខ​ផ្លូវចិត្ត​យ៉ាង​ធំធេង​ដោយ​ការបាត់បង់​របស់គេ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​កម្មវិធី POW/MIA បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​អស់​ជាង ៣០​ឆ្នាំ​មក​ហើយ មុនពេល​ត្រូវ​ផ្អាក បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ដាក់ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌ ដោយ​គ្រាន់តែ​ស្នើសុំ​ឲ្យ​សហរដ្ឋ​អាម៉េរិក ផ្តល់​ការពិចារណា​បន្ថែម ចំពោះ​ករណី​កម្មវិធី​ធ្វើ​មាតុភូមិ​និវត្ត​ខ្មែរ​នៅ​អាម៉េរិក ដោយ​ឈរលើ​មូលដ្ឋាន​មនុស្សធម៌ ប្រហាក់ប្រហែលគ្នា​ដែរ​”​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា “​ដូចដែល​យើង​បាន​ពិភាក្សា​លើក​មុន និង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ឯកឧត្តម ព្រមទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​របស់​សហរដ្ឋ​អាម៉េរិក រដ្ឋាភិបាល​របស់ខ្ញុំ ដោយ​ក្នុង​ស្មារតី​មេត្តាករុណា​ដូច​កន្លងមក យល់ព្រម​ចាប់ផ្តើម​ឡើងវិញ​នូវ​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ POW/MIA ដ៏​សំខាន់​នេះ ទោះបី​ជាការ​រឹតត្បិត​ទិដ្ឋាការ​សហរដ្ឋ​អាម៉េរិក នៅតែមាន​សុពលភាព​ក៏ដោយ​”​។​

​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​សមាជិក​ព្រឹទ្ធសភា លោក ដុក អេ​រិ​ក​សុន និង​លោក​តំណាងរាស្ត្រ វីន​សុន បា​យ្ស រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក ខាងលើនេះ ក៏បាន​ចម្លងជូន​លោកស្រី អាន​មៀល គ្រី​ហ្វី​ត ( Ann-Mills Gritfiths ) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​សមាគមជាតិ​នៃ​គ្រួសារ របស់​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយ​សឹក និង​ទាហាន​អាម៉េរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) ផងដែរ​។​

​សូម​រម្លឹកថា កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាម៉េរិក នៅ​កម្ពុជា ត្រូវបាន​ប្រកាស​ផ្អាក​ជា​បណ្តោះ​​អាសន្ន កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក បាន​រឹតបន្តឹង​លើ​ការផ្តល់​ទិដ្ឋាការ​ឬ​វី​សា (Visa) ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ចាប់តាំងពី​ថ្នាក់​អគ្គនាយក រហូតដល់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ក្រុមគ្រួសារ​។​

​សហរដ្ឋ​អាម៉េរិក បានដាក់​ចេញ​នូវ​ទណ្ឌកម្ម​រឹតបន្តឹង​លើ​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​បន្ទាប់ពី​កម្ពុជា​បានស្នើ​សុំ​ដល់​សហរដ្ឋ​អាម៉េរិក ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ សញ្ជាតិ​អាម៉េរិក ដែលមាន​ទោសកំហុស ដោយ​កម្ពុជា​ស្នើ​ដល់​អាម៉េរិក​ឲ្យ​ឃុំឃាំង​អ្នក​ទាំងនោះ នៅ​ទឹកដី​អាមេរិក ជំនួស​ការចាប់​បញ្ជូន​ពួកគេ​ទាំង​បង្ខំ​មក​កម្ពុជា ហើយ​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​។ វិធានការ​របស់​អាម៉េរិក​ដូច្នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ពលរដ្ឋ​ខ្មែរ មាន​សញ្ជាតិ​អាម៉េរិក​ទាំងនោះ ត្រូវ​ព្រាត់ប្រាស់​ប្រពន្ធ​កូន​ជា​រៀងរហូត​។​

​របាយការណ៍​បង្ហាញថា ទាហាន​អាម៉េរិក ប្រមាណ ៩០​នាក់ បាន​បាត់​ខ្លួន នៅ​កម្ពុជា ក្នុងអំឡុងពេល​នៃ​សង្គ្រាម​វៀតណាម​។ នៅ​ឆ្នាំ ១៩៩២ សហរដ្ឋ​អាម៉េរិក បានស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​ពី​កម្ពុជា ក្នុងការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន ដែល​បាន​បាត់​ខ្លួន​ទាំងនោះ​។ សំណើ​នេះ បានទទួល​ការស្វាគមន៍ ហើយ​ចាប់តាំងពី​ពេល​នោះមក ការរុករក​ទាហាន​អាមេរិក ក៏បាន​ធ្វើឡើង​នៅក្នុង​ទឹកដី​កម្ពុជា និង​បាន​រកឃើញ​អដ្ឋិធាតុ​ជា​បន្តបន្ទាប់​។
​មុនពេល​ប្រតិបត្តិការ​នេះ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ មាន​អដ្ឋិធាតុ​ទាហាន និង​ឈ្លើយសឹក​អាមេរិក ប្រមាណ ៤០​នាក់ ត្រូវបាន​រកឃើញ ហើយ​បញ្ជូន​ទៅកាន់​សហរដ្ឋ​អាម៉េរិក​វិញ​៕ សរន


ទីតាំងផ្សាយពាណិជ្ជកម្ម