អ្នក​ឃុំ​ស្ទឹង​កែវ​បាន​ស្ពានឈើ​ឆ្លង​ក្រោយ​ជួប​ការលំបាក​ជិត​បី​ខែ​

964
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: បន្ទាប់ពី​ជួប​ការលំបាក​អស់​រយៈពេល​ជិត​បី​ខែ ដោយសារ​ជំនន់​បំផ្លាញ​ស្ពាន​មួយ​ខ្សែ អ្នក​ឃុំ​ស្ទឹង​កែវ​បានទទួល​ស្ពានឈើ​ល្អ​ប្រណីត​ជា​ជំនួស​វិញ ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ស្ពានឈើ​ដែល​អាច​ចរាចរ បាន​ត្រឹម​ប្រភេទ​រថយន្ត​ទេសចរណ៍​នេះ​ប្រវែង​៨០​ម៉ែត្រ ទទឹង​៣​ម៉ែត្រ​ស្ថិតនៅ​ភូមិ​អន្លង់​មាក់ប្រាង ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ​ជា​អំណោយ​ក្នុង​គ្រា​បន្ទាន់​ពីស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​មានតម្លៃ​ត​៦៥​លាន​រៀល​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ នូវ​សមិទ្ធផល​ថ្មី​ខាងលើ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​តែងតែ​គិតគូរ និង​ដោះស្រាយបាន​ទាន់ពេលវេលា​ដោយ​មិន​ព្រងើយកន្តើយ​ឡើយ​។ ជាក់ស្តែង ក្រោយ​ទទួល​ព័ត៌មាន​ថា​ស្ពាន​ស្ទឹង​កែវ​បាន​បាក់​ដាច់​ដោយ​ជំនន់​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ហើយ​បង្ក​ការលំបាក​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចំណាយ​ទឹកប្រាក់​ចំនួន​៦៥​លាន​រៀល​តាមរយៈ​រូបលោក​ផ្ទាល់​ដើម្បី​សាងសង់​ស្ពានឈើ​ប្រវែង​៨០​ម៉ែត្រ ទទឹង​៣​ម៉ែត្រ​ជា​បណ្តោះអាសន្ន​សិន​។ ក្រោយពី​នោះ ក្រសួង​អភិវឌ្ឍ​ជនបទ​នឹងសិក្សា​គម្រោង​ដើម្បី​ស្ថាបនា​ជា​ស្ពានបេតុង​សម្រាប់​រយៈពេល​យូរអង្វែង​។​

​សូម​រំលឹកថា​ស្ពាន​ស្ទឹង​កែវ​ស្ថិតនៅ​ភូមិ​អន្លង់​ម៉ាក់​ប្រា​ង ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​មាន​សារសំខាន់​ចំពោះ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​សម្រាប់​ឆ្លងកាត់​ដើម្បី​បាន​ដល់​គោលដៅ​នានា ដូចជា ទៅធ្វើ​ស្រែចម្ការ ទៅ​ផ្សារ សិស្ស​ទៅ​សាលារៀន ឬ​ការធ្វើដំណើរ​ទៅមក​រវាង​ក្រុង​ស្រុក​នានា​នៅ​ទូទាំង​ខេត្តកំពត និង​តំបន់​អភិវឌ្ឍន៍​យោធិន​ពិការ​ប៊ុនរ៉ានី ហ៊ុនសែន​៣១៧​កោះស្លា​ជាដើម​។

​ស្ពាន​នេះ​បាន​បាក់​ដោយសារ​កម្លាំង​ទឹក​ហូរ​ធ្លាក់​បន្ត​មកពី​ខេត្តកំពង់ស្ពឺ​បុក​ផ្តាច់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។ ចាប់តាំងពី​ពេលនោះ​មក ប្រជាពលរដ្ឋ​ទូទៅ ពិសេស​សិស្សសាលា​មាន​ភាពលំបាក​ក្នុងការ​ធ្វើដំណើរ​ដោយ​ត្រូវ​ចំណាយលុយ​ជិះទូក​ឆ្លង ហើយ​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ទៀតផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម