​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1182
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ កម្ពុជា​បាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ យ៉ាង​សប្បាយរីករាយ​។ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ការឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ រាប់​ចាប់តាំងពី​ថ្ងៃទី​៨​រហូតដល់​ថ្ងៃទី​១០ ខែតុលា អ្នក​ទេសចរណ៍​ជាង ១,២​លាន​នាក់ បានចេញ​ទៅលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា នៅ​ទូទាំងប្រទេស​។ ក្រសួងទេសចរណ៍ បានប្រកាសថា ចំនួន​ភ្ញៀវទេសចរ​ដែល​បាន​ទៅលេង​កម្សាន្ត​នៅ​ទូទាំងប្រទេស​នេះ បាន​កើន​ប្រមាណ ២០​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ ក្នុងនោះ នៅ​ខេត្តសៀមរាប មាន​អ្នកទេសចរ ទៅ​កម្សាន្ត​ច្រើនជាងគេ រហូតដល់​ជាង ២​សែន ៥​ម៉ឺន​នាក់ រីឯ​តំបន់ឆ្នេរ អ្នកទេសចរ ថយចុះ ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។

​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា ភ្ជុំបិណ្ឌ រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៥៣​លើក បណ្តាល​ឲ្យ​ស្លាប់ ២៨​នាក់ និង​របួស ៨៥​នាក់​។ បើ​ធៀប​នឹង​ឆ្នាំមុន ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ បាន​កើនឡើង ១​លើក អ្នកស្លាប់​កើនឡើង ២​នាក់ រីឯ​អ្នករបួស បាន​ថយចុះ ៥​នាក់​។​

​ដោយឡែក​ចាប់តាំងពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នៅ​ថ្ងៃទី​១០ ខែតុលា សម្តេច​តេ​ជោ បាន​អញ្ជើញ​ចាក​ពី​ទីក្រុង​តូ​ក្យូ បន្ត​ទៅកាន់​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​ក្នុង​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​( IMF) និង​ធនាគារពិភពលោក (World Bank) ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។​

​កាលពី​ថ្ងៃទី​១១ ខែតុលា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្ដីថ្លែងការណ៍ ២​ទំព័រ ឆ្លើយតប​ទៅនឹង​សេចក្ដីប្រកាស​របស់​សហ​ភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​វិធាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វីៗ​ក៏ដោយ លើកលែងតែ​សព្វាវុធ​”​។ កម្ពុជា​បាន​គូសបញ្ជាក់ ប្រាប់​សហភាព​អឺរ៉ុប​ថា ការដាក់ទណ្ឌកម្ម​តឹងរឹង ជាជាង​ការសន្ទនា​បែប​ស្ថាបនា នឹង​ផ្ដល់​ផល​អវិជ្ជមាន បញ្ច្រាស់​មកវិញ​។ ជាមួយគ្នា​នោះ កម្ពុជា​ក៏​សុខចិត្ត​បង់ពន្ធ​លើ​មុខទំនិញ ដែល​នាំចូល​ទីផ្សារ​អឺរ៉ុប ជាជាង​ការចុះ​ញ៉ម ព្រមទាំង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​។

​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ ក្រោម​អធិបតីភាព សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុង​របៀបវារៈ​ចំនួន​ពីរ ទី​១. ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤ និង​ទី​២.​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤​។ នោះ​គឺ​លោកស្រី កង សៅរ៍​ធន ត្រូវបាន​អង្គប្រជុំ​ព្រឹទ្ធសភា ប្រកាស​ទទួល​ជា​សមាជិក​ថ្មី នៅ​មណ្ឌល​ភូមិភាគ​ទី​៥ ហើយ​លោក ស៊ឹម កា ត្រូវបាន​ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា ជំនួស​លោក នៃ ប៉េ​ណា ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​។

​កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​សម្តេច បាន​ចំណាយពេល​ជិត​មួយ​សប្តាហ៍ ចូលរួម​កិច្ចប្រជុំ នៅ​ប្រទេស​ជប៉ុន និង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់តាំងពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨​។ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ចំណាយពេល​ចូលរួម​កិច្ចប្រជុំ​នានា នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ ខែតុលា ហើយ​សម្តេច​បាន​បន្តដំណើ​រ​ចាក​ចេញពី​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១០ ខែតុលា ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ នៅ​ប្រទេស​ឥណ្ឌូនេស៊ី រហូតដល់​ថ្ងៃទី​១២ ខែតុលា​។ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ បាន​នាំមក​នូវ​ជោគជ័យ​ជាច្រើន ទាំង​ក្នុង​កម្រិត​ទ្វេភាគី កម្រិត​អនុតំបន់ តំបន់ និង​ពិភពលោក​ទាំងមូល​។

​កាលពី​ថ្ងៃទី​១២ ខែតុលា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា កម្ពុជា​មិនមែនជា​ប្រទេស ដែល​អនុញ្ញាត​ឲ្យ​មានការ​ជួញដូរ​ផលិតផល​សត្វព្រៃ ស្របច្បាប់​នោះទេ​។ កម្ពុជា ក៏​មិនមែនជា​ប្រទេស ដែលមាន​តម្រូវការ​ផលិតផល​ស​ត្វ​ព្រៃ សម្រាប់​ការប្រើប្រាស់ ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​ដែរ​។ សម្តេច សខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ កាលពី​ថ្ងៃទី​១២ ខែតុលា ក្នុង​សន្និសីទ ស្ដីពី​ការជួញដូរ​សត្វព្រៃ​ខុស ច្បាប់​លើក​ទី​៤ នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ដែលមាន​ការចូលរួម​ពី​ប្រទេស​ជាង ៨០ ប្រទេស ដោយមាន​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាង ១០០០​នាក់​។

​មាន​ពលរដ្ឋ​មិនតិចជាង​ពីរម៉ឺន​នាក់​នោះទេ ដែល​បាន​ប្រើប្រាស់​សេវា​រថយន្តក្រុង និង​រថភ្លើង​ដោយ​ឥតគិតថ្លៃ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កន្លងទៅនេះ​។ សេវា​ដឹកជញ្ជូន​សាធារណ​របស់​រាជរដ្ឋាភិបាល តាម​ឡានក្រុង និង​តាម​រថភ្លើង​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅកាន់​ស្រុកកំណើត និង​ត្រលប់មក​ភ្នំពេញ​វិញ ដោយ​ពុំមាន​ការបង់ថ្លៃ​នោះឡើយ នៅក្នុង​អំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គិត​ចាប់ពី​ថ្ងៃទី​០៥ ខែតុលា រហូតដល់​ថ្ងៃទី​១១ ខែតុលា​។​

​គិត​ត្រឹម​ថ្ងៃទី​១២​តុលា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១២​ម៉ឺន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​រួមមាន​ការពិនិត្យ​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​អ្នកបោះឆ្នោត បានចាប់ផ្ដើម កាលពី​ថ្ងៃទី​០១ ខែតុលា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម