ជនសង្ស័យ​២​នាក់​លួច​ម៉ូតូ​បានសម្រេច​ត្រូវអស់​ល័​ក្ខ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​

932
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ត្រូវបាន​ម្ចាស់​ម៉ូតូ តាម​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ក្រោយ​ពេលដែល​ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង ដែល​ម្ចាស់​ចត​ទុក​ចាក់សោរ​ក្នុង​បន្ទប់​ជួល​បានសម្រេច​។ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វិទ្យាល័យ​សាមគ្គី​ជាស៊ីម ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​តាម​សម្ដី​ពី​ម្ចាស់​ម៉ូតូ​បានបញ្ជាក់​ប្រាប់ថា ក្រោយពេល ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CV 1769 បានសម្រេច​ហើយ​ជនសង្ស័យ​យក​ម៉ូតូ​ជនរងគ្រោះ ទៅ​ផ្ញើទុក​នៅ​កន្លែងផ្ញើម៉ូតូ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង ដោយ​ម៉ូតូ​ខាងលើ​ម្ចាស់​បាន ភ្ជាប់​ប្រព័ន្ធ GPS ទើប​រង់​ចាំមើល​ជនសង្ស័យ​មក​យក​ម៉ូតូ​វិញ បានធ្វើ​ការឃាត់​ជនសង្ស័យ​២​នាក់ ខណៈដែល​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក MSX មួយគ្រឿង ដែលជា​មធ្យោបាយ​ឌុប​គ្នា​ជិះ​មក​យក​ម៉ូតូ​ដែល​ផ្ញើ​រួម និង​ម៉ូតូ​២​គ្រឿង​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ ដឹក​យកមក​សាកសួរ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​កាច់ករ​យក​ម៉ូតូ​ខាងលើ​នៅ​ចំណុច​ខាងលើនេះ​ពិតប្រាកដ​មែន មូលហេតុ​ពួកគេ​ជា​អ្នកញៀន​ថ្នាំ ហើយ​ខ្វះខាត​លុយ​ដើម្បី​ទិញ​ថ្នាំញៀន​ជក់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ នួន គីម​ស្រា​ន អាយុ​២៤​ឆ្នាំ មុខរបរ​សន្តិសុខ​ស្នាក់នៅ​បន្ទប់​ជួល​ចំណុច​ចោរលួច​ម៉ូតូ​ខាងលើ​ ​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មានឈ្មោះ ទី​១៖ ជា សុវណ្ណារ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​អូស​រទេះ​នៅ​ផ្សារ​ដើម​គរ​។ និង​ទី​២​មានឈ្មោះ ហឿន ចាន់​ធី អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ​ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​កំបូល​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម និង​ម៉ូតូ​ដែលជា​មធ្យោបាយ​ត្រូវបាន​បញ្ជូនទៅ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ រួចរាល់​ផងដែរ​៕