កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី​ផ្ញើ​សារ​ទៅ​អ្នកនយោបាយ​មាន​សញ្ជាតិ​ពីរ​ពឹង​បរទេស​មក​ធ្វើបាប​ខ្មែរ

1046
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ញើ​សារ​ទៅ​អ្នកនយោបាយ​មួយចំនួន​ដែលមាន​សញ្ជាតិ​ពីរ​រស់នៅ​ក្រៅប្រទេស ដែលរ​ត់ទៅ​ពឹង​បរទេស​មក​ធ្វើបាប​ខ្មែរ ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​លុតជង្គង់​តាម​គេ​ប្រាប់ថា ឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅ​មិន​រួច​ទេ កុំ​សង្ឃឹម​ឲ្យ​សោះ​។ ថ្នាក់ដឹកនាំ​ខ្មែរ​ដែលមាន​គំនិត​ជាតិនិយម​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ អត់​បម្រើ​ឲ្យ​បរទេស​ណា​នោះទេ​។​

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រេ​ី ប្រាស់​ជា​ផ្លូវការ​នូវ​សាលារៀន​អន្តរជាតិ​អាល់​រ៉ូ​ស​ម៉ាន ចំនួន​០១​ខ្នង មាន​២​ជាន់ ១០​បន្ទប់ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា អ្នក​ដែល​រាជ រដ្ឋាភិបាល​ត្រូវ​ស្ដាប់ គឺ​ស្ដាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​អ្វី គឺ​ចង់បាន​សេចក្តីសុខ សន្តិភាព​។ ដូច្នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ថែរក្សា​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដាច់ខាត​។ ប្រជាពលរដ្ឋ​ចង់បាន​កិត្តិយស​ជាតិខ្មែរ ចង់បាន​មោទនភាព​ជាតិខ្មែរ ចង់បាន​ចេញទៅ​ក្រៅ​ស្មើមុខស្មើមាត់​នឹង​គេ មិន​ចង់​ឲ្យ​នៅក្នុង​គំនាប​របស់​នរណា​ទេ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​យើង​ជា​ខ្មែរ យើង​ចង់បាន​ជាតិខ្មែរ​យើង​ថ្កុំថ្កើង បរទេស​ទទួលស្គាល់​និង​គោរព​យើង​ទៅវិញទៅមក​។ ដូច្នេះ​សម្តេច​តេ​ជោ ត្រូវ​ដឹកនាំ​ប្រទេសមួយ​ដែលមាន​អធិបតេយ្យភាព ឯករាជ្យ​ជាតិ កិត្តិយស​ជាតិ​មិន​ល​ល់​តួ​ជាមួយ​បរទេស​ណាមួយ​ទេ​។ យើង​ធ្វើ​យើង​រួមគ្នា​ធ្វើ​។ ខ្ញុំ​និយាយ​នេះ គឺជា​មោទនភាព​ជាតិខ្មែរ​រួមគ្នា​នៅថ្ងៃនេះ ហើយ​ចង់​ផ្ញើ​សារ​ទៅ​អ្នកនយោបាយ​មួយចំនួន​ដែលមាន​សញ្ជាតិ​ពីរ​រស់នៅ​ក្រៅប្រទេស​ដែលរ​ត់ទៅ​ពឹង​បរទេស​មក​ធ្វើបាប​ខ្មែរ ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង​លុតជង្គង់​តាម​គេ​ប្រាប់ថា​ឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅ​មិន​រួច​ទេ កុំ​សង្ឃឹម​ឲ្យ​សោះ​។ ថ្នាក់ដឹកនាំ​ខ្មែរ​ដែលមាន​គំនិត​ជាតិនិយម​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ អត់​បម្រើ​ឲ្យ​បរទេស​ណា​នោះទេ​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​សម្តេច​តេ​ជោ គឺ​មិន​ខុស​ទេ​គឺ​យើង​ធ្វើ​តាំងពី​ប្រទេស​យើង​នៅ​ទន់ខ្សោយ ឥឡូវ​យើង​រឹងមាំ ពេលចេញ​ទៅណា​គេ​ទទួលស្គាល់​ជា​ជាតិ​មួយ​ដែលមាន​កិត្តិយស​និង​មោទនភាព​”​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា “​ខ្មែរ​រួមគ្នា​នៅក្រោម​ដំបូល​សុខសន្តិភាព ចង់​ប្រទេស​ណា​ផ្សេង​ធ្វើ​អី ទៅ​មិន​រួច​ទេ​។ សំខាន់​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​ហើយ យើង​ត្រូវ​រួមគ្នា​ឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ សន្តិភាព និង​អធិបតេយ្យភាព​របស់​ខ្មែរ​យើង មិន​អោនក្បាល​ចំពោះ​នរណា​ទាំងអស់ ហ្នឹងហើយ​ខ្មែរ​យើង​។ យើង​បាន​កសាង​មកដល់​ថ្ងៃនេះ មិន​មានន័យថា យើង​មិន​ស្វាគមន៍​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​នោះទេ យើង​ស្វាគមន៍​មិត្ត​ទាំងអស់​ដែលជា​មិត្ត​ពិតប្រាកដ​មិនមែនជា​មិត្ត​ក្លែងក្លាយ​នោះទេ​។ មិត្ត​ដែល​ពិតប្រាកដ​គឺ​ជួយ​ដោយ​ចិត្ត​ស្មោះ​ដើម្បី​ផលប្រយោជន៍​ប្រជា ពលរដ្ឋ យើង​ទទួល​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានបាន​។ នេះហើយ​គឺជា​គោល​គំនិត​របស់​យើង​។ បើ​អ្នកជា​មិត្ត​ពិតប្រាកដ​របស់​កម្ពុជា​ត្រូវអោយ​ច្បាស់​ជាមួយគ្នា កុំ​និយាយ​តែ​មិត្ត​តា​ពាក្យពេចន៍ នៅ​ពីក្រោយ​មាន​រូបភាព​បំផ្លាញ​យើង បំផ្លាញ​សន្តិភាព យើង​អត់​ទទួល​ទេ​។ មិត្ត​ដ៏​ល្អ​មួយទៀត​គឺជា​មិត្ត​ដែល​គោរព​គ្នា​ទៅវិញ ទៅមក មិត្ត​ខ្លះ​អាង​តែ​ប្រទេស​ធំ​មើលងាយ​យើង​ណាស់​។ វា​មិន​សំខាន់​ថា​អ្នកមាន​ប៉ុន្មាន​នោះទេ​សំខាន់​យើង​ធ្វើការ​ជាមួយគ្នា​ត្រូវគោរព​គ្នា​ទៅវិញទៅមក ព្រោះ​យើង​ក៏​ជា​ប្រទេសជាតិ​មួយ​ដូចគ្នា​។ ខ្មែរ​បាន​កសាង​ប្រទេស​មកដល់​ថ្ងៃនេះ​ដោយសារ​យើង​រួមគ្នា​ធ្វើ​។ ខ្មែរ​យើង សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង មិនអាច​ឲ្យ​គេ​បង្គាប់បញ្ជា​បាន​នោះទេ​។ ប្រជាពលរដ្ឋ​ជាង ៨០​ភាគរយ​បាន​បោះឆ្នោត​គាំទ្រ​សម្ដេច​តេ​ជោ​ដឹកនាំ​ប្រទេស​។ ដូច្នេះ​យើង​ស្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ស្តាប់​បរទេស​នោះទេ​”​។​

​លោក​បាន​លើកឡើងថា គោលនយោបាយ​ទាំងអស់​ដែល​យើង​មាននៅ​ថ្ងៃនេះ​គឺ​បានមកពី​ការចូលរួម​ប្រទេស​ជា​មិត្ត ជា​ដៃគូ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​គឺ​យើង​ជា​ខ្មែរ យើង​រួមគ្នា​ធ្វើ​ក្រោម​ដំបូល​សុខសន្តិភាព​តែមួយ​។ យើង​បានបញ្ចប់​សង្គ្រាម​និង​កសាង​ប្រទេស​ដោយ​ខ្មែរ​តែមួយ​។ នេះ​ជា​ស្មារតី​ជាតិនិយម​របស់​យើង ខ្មែរ​ដើម្បី​ខ្មែរ​ទាំងអស់គ្នា​។ នៅពេលដែល​យើង​មាន​សុខសន្តិភាព ស្ថេរភាព​ដំណើរការ​អភិវឌ្ឍ​ចេះតែ​ទៅមុខ​។ ជាក់ស្ដែង​តំបន់​នេះ ពីមុន​យើង​គ្មាន​អី​សោះ ប៉ុន្តែ​ថ្ងៃនេះ យើង​មាន​សម​ទ្ធិ​ផល​ហើយ​២០​ទៅ​៣០ ឆ្នាំ​ទៅមុខទៀត​យើង​មាន​សមិទ្ធផល​ច្រើន​ទៀត​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ប៉ុន្តែ​ទាល់តែ​យើង​រួមគ្នា​កសាង​ទៅមុខ​។ ដូច្នេះ​យើង​រួមគ្នា​បន្តទៀត​ដើម្បី​ថែរក្សា​សុខសន្តិភាព រួមគ្នា​កសាង​ប្រទេស​យើង ក្នុងនាម​ជា​ខ្មែរ​យើង រួមគ្នា​ការពារ​ខ្មែរ​យើង​។

​ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​អរគុណ​ប្រជាពលរដ្ឋ​ចំពោះ​ការទុកចិត្ត និង​សូម​បន្ត​ទុកចិត្ត​គាំទ្រ​សម្តេច​តេ​ជោ​ដើម្បី​លោក​មានឱកាស​ដឹកនាំ​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត​។ ព្រោះ​កត្តា​សំខាន់​ដែល​ដែល​ធ្វើអោយ​យើង​មាន​ថ្ងៃនេះ គឺ​សម្ដេច​តេជ​ដឹកនាំ​រាជរដ្ឋាភិបាល​គោលនយោបាយ​ត្រឹមត្រូវ មាន​សុខសន្តិភាព​។ ដូច្នេះ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​គឺ​ការបង្ក​ឱកាស​ឲ្យ​សម្តេច​ជោ​ដែលជា​តួអង្គ​សំខាន់ ដឹកនាំ​ប្រទេស​ឲ្យ​រីកចម្រើន​មកដល់​ថ្ងៃនេះ​និង​តទៅ​មុខ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម