​រថយន្ត​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស​បុក​ជាមួយ​រថយន្តសាំងយ៉ុងៈ​ស្លាប់​២​នាក់,​របួស​ច្រើន​នាក់​

760
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រថយន្ត​ដឹក​អ្នកដំណើរ​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស​បុក​ជាមួយ​រថយន្ត​សាំង​យ៉ុង​បណ្តាលឱ្យមាន​អ្នកស្លាប់​និង​របួស​ជាច្រើន​នាក់​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវបំបែក​ប្រសព្វ​រាង​អក្សរ​Y​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ឈាម​ឃុំ​សំព្រោច​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​។​

​ព័ត៌មាន​បានឱ្យដឹងថា​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​លឿង​ស​ផ្លាកលេខ​ភ្នំពេញ​3A.1365​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អិ​ច​ប្រេ​ស​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន​។

​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​សាំង​យ៉ុង​ពណ៌​ស​ផ្លាកលេខ​ភ្នំពេញ​2N.1848​បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ដោយ​ឈ្មោះ គា​ម​.​តូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្នោត ឃុំ​ត្នោត​ចុង​ស្រង់​ស្រុក​បន្ទាយមាស ខេត្តកំពត​(​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន​ពីរ​នាក់​ស្លាប់​ទី​១. ឈ្មោះ តូ ភេទ​ប្រុស ស្នាក់នៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​ជុំ​គិរី ខេត្តកំពត និង​ទី​២. ឈ្មោះ ចិន្តា ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​និង​មាន​របួស​ជាច្រើន​នាក់​ទៀត​។​ចំណែក​រថយន្ត​ដឹក​អ្នកដំណើរ​មេគង្គ​អ៊ិ​ច​ប្រេ​ស្សរង​ការខូចខាត​ផ្នែក​ខាងមុខ​។ រីឯ​រថយន្ត​សាំង​យ៉ុង គឺ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។​

​មូលហេតុ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អិ​ច​ប្រេ​ស​បើកបរ​មិន​ប្រកាន់​ស្តាំ​រួមផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង​មាន​ល្បឿន​លឿន​។​វត្ថុតាង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​៕S/​សរន

​រថយន្ត​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស​បុក​ជាមួយ​រថយន្ត​ស្លាប់​២​នាក់​របួស​ជាច្រើន​នាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ