ទោះ​មិនបាន​មេដាយ​ក៏មាន​ការទទួល​ស្វាគមន៍​ការ​ត្រឡប់មកវិញ​ដែរ​

1302
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុមកីឡា​ជនពិការ​កម្ពុជា ដែល​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​សម្រាប់​ជនពិការ (ASIAN Para Games) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​ព្រលប់​ថ្ងៃទី​១៤​តុលា​។​

​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​បាន​ទៅ​ទទួល​ស្វាគមន៍​ការវិលត្រឡប់​នេះ ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៦​ប្រភេទ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ក្នុងនោះ​មាន​ប្រភេទ​កីឡាអត្តពលកម្ម ដែល​អត្តពលកម្ម​មាន​វិញ្ញាសា​រត់​៣​រូប គឺ​ពិការ​ក្រោម​ជង្គង់​១​រូប និង​ពិការ​ដៃ​ទាំង​២​ចំនួន​២​រូប​។ កីឡាករ​ប្រណាំង​រទេះ​ចំនួន​២​រូប គឺ​កីឡាករ វ៉ាន់ វ៉ុ​ន លេង​៣​វិញ្ញាសា​គឺ​ចម្ងាយ​១០០​ម៉ែត្រ​២០០​ម៉ែត្រ និង ៤០០​ម៉ែត្រ​។ កីឡាករ ហេង សាវឿន លេង​៣​វិញ្ញាសា គឺ​២០០​ម៉ែត្រ ៤០០​ម៉ែត្រ និង​៨០០​ម៉ែត្រ​។ ក្រៅពីនោះ​មាន​ប្រភេទ​កីឡាហែលទឹក​មាន​៤​រូប បាញ់​ធ្នូ​មាន​៤​រូប ក្នុងនោះ​មួយរូប​ជា​កីឡាការិនី​ប៊ូល​លីង​ចំនួន​២​រូប បាល់បោះ​រទេះ​១២​រូប និង វាយ​កូនឃ្លី​លើ​តុ​ចំនួន​២​រូប​។​

​នេះ​ជាការ​ប្រកួត​មួយ​ដែល​កម្ពុជា​ទទួលបាន​ល​ទ្ធ​ផល​អាក្រក់​ខុសពី​ពេលមុនៗ​។ កីឡាករ​អត្តពលកម្ម​រត់ប្រណាំង ជឹម ផាន កីឡាករ​រទេះ​ដែល​ខ្លាំង វ៉ាន វ៉ុ​ន កីឡាករ​រទេះ ហេង សាវឿន ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយ​នោះ បែរជា​ត្រឡប់មកវិញ​ដោយ​ដៃទទេ​។​

​បើតាម​លោក យី វាសនា ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នោះ បាន​ទទួលស្គាល់ថា អ្វីៗ​ពិតជា​មានការ​ប្រែប្រួល​មែន​។ ការវាយតម្លៃ​ពី​ប្រភេទ​ពិការ​ក៏បង្ក​ឲ្យ​មាន​បញ្ហា​ដែរ​។ តែ​ទោះជា​យ៉ាងណា ក៏​ការប្រកួត​បានបញ្ចប់​ទៅ​ហើយ ឯ​លទ្ធផល​គឺ​កម្ពុជា​មិនបាន​ទទួល​មេដាយ​។​

​សូមបញ្ជាក់ថា ប្រតិភូ​កីឡា​ជនពិការ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា​តាំងពី​ថ្ងៃទី​១​តុលា ដែល​កាលនោះ ក៏​ក្រោម​ការជូន​ដំណើរ​របស់លោក ស សុខា ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម