​បាត់​ខ្លួន​៧​ថ្ងៃ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ប្រឡាយ​ទឹកស្អុយ​អូ​វែង​

1007
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​ដែល​គេ​តែងតែ​ឃើញ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​បាន​បាត់​ពី​ផ្ទះមួយ​ស​ប្តារ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្តែត​ក្នុង​ប្រឡាយ​ទឹកស្អុយ​អូ​វែង​ដោយមាន​សភាព​ស្អុយរលួយ​។​

សព​នោះ​បង្កឱ្យមាន​ការ​ផ្អើល​នៅ​ចំណុច​ប្រឡាយទឹក​អូ​វែង​ផ្លូវ​បេតុង​វត្ត​ទួល ក្រុមទី​១៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ឈ្មោះ ចិន រតន​: ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្លូវ​បេតុង​វត្ត​ទួល ក្រុមទី​១១ ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។ បុរស​នោះបាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៨​មក​ម្លេះ​។

​តែ​ម្តាយ​ដើររក​មិនឃើញ​ទើប​នៅ​ថ្ងៃទី​១៣​ខែ​ដដែល​បានមក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​គីឡូម៉ែត្រ​លេខ​៦​។​រហូតដល់​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​ទើប​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​ឃើញ​នៅ​កន្លែងកើតហេតុ​។

​បើតាម​សាច់ញាតិ​សព​ជនរងគ្រោះ​បានឱ្យដឹងថា​គាត់​ជា​បុរស​ពោះម៉ាយ​បែកបាក់​គ្រួសារ​ជា​យូរ​ឆ្នាំ​មកហើយ​គ្មាន​កូន​ទេ​។​តាំងពី​ថ្ងៃ​បាត់​ខ្លួន​មក​ក្រុមគ្រួសារ​ដើររក​ដែរ​តែ​រក​មិនឃើញ​ទើបតែ​នៅ​ព្រឹក​នេះ​មាន​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ថា​ឃើញ​សព​មនុស្ស​ទើប​គាត់​មក​មើល​តែម្តង​។

​ប្រភព​ដដែល​បាន​បន្តថា​កាល​គាត់​នៅរស់​តែងតែ​ផឹកស្រា​និង​ទឹកត្នោតជូ​ជាប្រចាំ​ស្រវឹង​រាល់ថ្ងៃ​។​ក្រោយពេល​មានការ​ណ៍​ភ្ញាក់ផ្អើល​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ​និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​។​ក្រោយពី​ពិនិត្យ​សាកសព​រួច​ខាង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​និង​ពេទ្យ​តុលា​បានបញ្ជាក់​ថា​សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម