អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​គោរព​ព្រះ​បរម​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​

1369
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ ក្នុងនាម​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​ព្រះរាជ​ពិធី​គោរព​ព្រះ​បរម​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ចំពោះ​ការយាង​ចូល​ទីវ​ង្គ​ត់​គម្រប់​៦​ព្រះវស្សា នៅ​ព្រះរាជដំណាក់​ខេត្តសៀមរាប​។​

​ក្នុងនាម​ទូលព្រះបង្គំ​យើងខ្ញុំ​ព្រះករុណា​ជា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​គ្រប់​ជាន់ថ្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សូម​សម្តែង​នូវ​មហា​ទុក្ខសោក​ចំពោះ​ការបាត់បង់​អង្គ​ព្រះមហាវីរៈក្សត្រ​ដ៏​ឆ្នើម​នៃ​កម្ពុជា និង​សូម​ថ្វាយ​មហា​ព្រះ​រាជកុសល ព្រះ​បរម​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​សោយសុខ​ក្នុងឋាន​ព្រះ​បរមសុខ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​បើទោះបី​ព្រះកាយ​នៃ​អង្គ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​សោយ​ព្រះ​ទីវ​ង្គ​ត់​ក្តី​ក៏ពិតមែន ក៏​យើងខ្ញុំ​ព្រះករុណា ជា​កូន ចៅ ចៅទួត​របស់​ព្រះអង្គ ចងចាំ​មិន​ភ្លេច​ឡើយ​នូវ​ព្រះ​គុណូបការៈ​មហាថ្លៃ​ថ្លា​របស់​ព្រះបិតា​ជាតិខ្មែរ​ក្នុងការ​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ព្រះរាជ​ដឹកនាំ​របស់​ព្រះអង្គ​បាន​ស្គាល់​នូវ​ការរីកចម្រើន​គ្រប់​វិស័យ​និង​រស់នៅ​ក្រោម​ម្លប់​សុខក្សេមក្សាន្ត​។​

​ក្រៅពី​ការស្វែងរក​សុខសន្តិភាព ការពារ​បូរណភាព​ទឹកដី បង្រួបបង្រួម​ជាតិ​ហើយ ព្រះអង្គ​បាន​លះបង់​ព្រះកាយ​ពលព្រះ​បញ្ញាញាណ​របស់​ព្រះអង្គ ចំពោះ​វិស័យ​វប្បធម៌​ក្នុងនាម​ជា​ព្រះប្រធាន​កិត្តិយស នៃ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (​អាយ​ស៊ី​ស៊ី​-​អង្គរ​) និង​ការការពារ​ប្រាសាទព្រះវិហារ​ពី​ពួក​បរទេស​ឈ្លានពាន​ផងដែរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា ប្តេជ្ញា​ថែរក្សា ការពារ និង​ដើរ​តាម​មាគ៌ា នៃ​អង្គ​ព្រះមហាវីរៈក្សត្រ ព្រះ​បរម​រតន​កោដ្ឋ យ៉ាង​មុតមាំ ក្នុងការ​លើកស្ទួយ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​គ្រប់​កាល​វេលា​តទៅ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម