ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ត សីហនុ​

3097
ចែករម្លែក
  • 7
    Shares

ដោយៈ មេសា​/ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ ក​ត្ដិក ឆ្នាំ ច ព​.​ស ២៤៦៦ ត្រូវ​នឹង​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​១៩២២​គឺជា​ព្រះរាជបុត្រ​នៃ​ព្រះបាទ​នរោត្តម​សុរាម្រិត និង ព្រះមហាក្សត្រី​យា​នី ស៊ីសុវត្ថិ កុស​មៈ ។​

​ចាប់ពី​ឆ្នាំ​១៩៣០ ដល់ ឆ្នាំ​១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា ផ្ហ្រ​ង់​ស្វា​បឺ​ឌ្វា​ង់ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង​ស្ឆេះ​ស្ល៊ូ​ប​ឡូ​បា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ ។​នៅ​ឆ្នាំ​១៩៤៦ និង ១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ​និង​កង​រថពាសដែក​នៅ​សូ​មៀរ ប្រទេស​បារាំង​។​

រាជបល្ល័ង្ក និង នយោបាយ

​ ​ខែ មេសា ឆ្នាំ​១៩៤១ ព្រះអង្គ ត្រូវបាន​ក្រុមប្រឹក្សារាជបល្ល័ង្ក ក្រោម​ការបង្គាប់បញ្ជារ​បស់​អាណានិគម​បារាំង ជ្រើសរើស ជា​ព្រះមហារ​ក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា ។ ត្រូវបាន​គេ​មើលឃើញថា ការដែល​បារាំង​ជ្រើសរើស​ព្រះអង្គ ធ្វើជា​ស្តេច​នាពេលនោះ គឺ​ដោយសារ បារាំង​គិតថា ព្រះអង្គ​នៅ​ក្មេង ងាយ​នឹង​បារាំង​ប្រើប្រាស់ ។ ប៉ុន្តែ​បន្ទាប់ពី​បាន​សោយរាជ​មិនបាន​ប៉ុន្មាន​ផង ព្រះអង្គ​បានធ្វើឱ្យ បារាំង ខកចិត្ត​យ៉ាងខ្លាំង និង ជា​បន្តបន្ទាប់ ដ្បិត​ព្រះអង្គ គឺជា​ក្សត្រ​ដ៏​ឆ្លាត​វៃ រហូត បារាំង ទប់ទល់​មិនជា​ប់ ។​


​ឆ្នាំ ១៩៤៧ ព្រះករុណា នរោត្តម សីហនុ បានទាមទារ​ដោយ​ជោគជ័យ​ឱ្យ​ប្រទេស ថៃ សង​មក​កម្ពុជា​វិញ​នូវ​ខេត្ត បាត់ដំបង សៀមរាប កំពង់ធំ និង ខេត្ត ស្ទឹងត្រែង ដែល ថៃ បាន​យក​ពី​កម្ពុជា​ទៅ​នៅ​អំឡុង​សម័យ​សង្គ្រាមលោកលើកទី ២ ។​

​ចាប់ពី​ឆ្នាំ ១៩៤៩ យុវ​រាជ្យ នរោត្តម សីហនុ បានចាប់ផ្តើម​ទាមទារ​ឲ្យ បារាំង​បញ្ឈប់​ជា​បន្តបន្ទាប់ នូវ​អាណានិគម​របស់ខ្លួន ដែល​បារាំង​បានធ្វើ​មកលើ​កម្ពុជា​តាំងពី ឆ្នាំ​១៨៦៣ មក ។ ប្រាកដ​ណាស់ ការទាមទារ​របស់​ព្រះអង្គ ធ្វើឱ្យ បារាំង មិន​ពេញ​សោះឡើយ​ព្រះអង្គ​បាន​យាង​ទៅកាន់​ប្រទេស ថៃ នៅ​ខែ ឧសភា ១៩៥៣ ដោយសារ​មានការ​គំរាមកំហែង​ដល់​ព្រះជន្ម​របស់​ទ្រង់​ពី​សំណាក់​អាណានិគម បារាំង ។​

​ទីបំផុត ព្រះអង្គ​ទាមទារ​បាន​ឯករាជភាព​ទាំងស្រុង​ពី បារាំង មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា នៅ​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​ថ្វាយ​ព្រះនាម​ព្រះអង្គ ថា​ជា ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ​។


​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៩៥៥ ព្រះបាទ នរោត្តម សីហនុ បានដាក់​រាជ​ថ្វាយ ព្រះបាទ នរោត្តម សុរាម្រិត ដែលជា​ព្រះ​រាជបិតា ហើយ​បាន​បង្កើត​ចលនា​សង្គមរាស្ត្រនិយម​នៅ​ថ្ងៃទី ២៣ ខែ​និង ឆ្នាំ ដដែល​នោះ ។ ការបោះឆ្នោត​សភាជាតិ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​១៩៥៥ ព្រះករុណា នរោត្តម សីហនុ ទទួល ការគាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើសលប់​។

​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះអង្គ កម្ពុជា​បាន​ចូល​ជា​សមាជិក នៃ អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ១៩៥៥ ។ នៅ​ឆ្នាំ​១៩៦០ ព្រះករុណា នរោត្តម សីហនុ ត្រូវបាន​សភា សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង ជា​ព្រះប្រមុខរដ្ឋ ។ សម័យ​សង្គមរាស្ត្រនិយម របស់​ព្រះអង្គ ត្រូវបាន​ទទួលស្គាល់ថា កម្ពុជា មានការ​រីកចម្រើន​ដ៏​រុងរឿង​ខ្លាំងក្លា​មួយ​នៅ​អាស៊ី ហើយ​ភ្នំពេញ ត្រូវបាន​ប្រសិទ្ធ​នាម​ថា ទីក្រុង​គជ់ ។​

​ចាប់ពី ខែឧសភា ឆ្នាំ ១៩៦១ ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានចាប់ផ្តើម​បំពេញ​ព្រះរាជ​បេសកកម្ម​នយោបាយ​ការទូត​ទាមទារ ប្រាសាទព្រះវិហារ ពី ថៃ មកវិញ ហើយ​តុលាការ​ក្រុងឡាអេ បានប្រគល់​ប្រាសាទព្រះវិហារ មក​កម្ពុជា​វិញ​នៅ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ​១៩៦២​។​

​រដ្ឋប្រហារ និង ការយាង​ត្រឡប់មកវិញ​

​នៅពេល​សង្គ្រាម​វៀតណាម ( គឺជា​ការប៉ះទង្គិច​យោធា​សម័យ​សង្គ្រាមត្រជាក់​ដែល​បានកើត​ឡើង​នៅ​វៀតណាម លាវ និង កម្ពុជា ចាប់ពី ១ វិច្ឆិកា ១៩៥៥ រហូតដល់ មេសា ១៩៧៥ )​បាន​ឆាបឆេះ​ឡើង សម្តេច​ព្រះសីហនុ បាន​ផ្សព្វផ្សាយ​គោលនយោបាយ អព្យាក្រឹតភាព និង សន្តិសុខ​ជាសំខាន់​បំផុត​សម្រាប់​កម្ពុជា ។ ប៉ុន្តែ​ត្រូវបាន​គេ​មើលឃើញថា ព្រះអង្គ បាន​ឈរ​ខាង​ប្រទេសជិតខាង​រហូត​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​វៀតណាម​ខាងជើង​នៅ​កម្ពុជា​ភាគ​ខាងកើត​និង​អនុញ្ញាតឱ្យ​មានការ​ផ្គត់ផ្គង់​យោធា​ពី​ចិន​ទៅដល់​វៀតណាម​តាមរយៈ​កំពង់ផែ​កម្ពុជា ជាហេតុ​នាំឱ្យមាន​សម្ពាធ និង មានការ​ខ្វែងគំនិត​គ្នា​ជាច្រើន​នៅក្នុង​ជួរ​មន្ត្រី​រាជរដ្ឋាភិបាល​របស់​ព្រះអង្គ ។

​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ខណៈ​កំពុង​បំពេញ​ព្រះរាជទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សហភាព សូ​វៀត ព្រះអង្គ ត្រូវបាន​ឧ​ត្ត​ម​សេនីយ លន់ នល់ ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ ។ ថ្ងៃទី​២៣ ខែ​មី នា ឆ្នាំ​១៩៧០ សម្តេចព្រះ នរោត្តម សីហនុ ជា​ព្រះប្រធាន​ចលនា​តស៊ូ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ ក៏មាន​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ដើម្បី ផ្តួលរំលំ​របប​សាធារណរដ្ឋ​របស់ លន់ នល់ វិញ ។


​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព របស់​ព្រះអង្គ ផ្តួលរំលំ​របប លន់ នល់ បាន​ដោយ​ជោគជ័យ ហើយ​របប កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​បង្កើតឡើង​ដែលមាន​ព្រះ​អង្គជា​ព្រះប្រធាន ។ ប៉ុន្ដែ​ដោយសារ​មិន​យល់ស្រប​នឹង​ទង្វើ​របស់​មនុស្ស​ក្នុង​ក្រុម​នេះ ទើប​នៅ​ខែមេសា ឆ្នាំ​១៩៧៦ ព្រះអង្គ លាលែង​ពី​ព្រះប្រធាន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ហើយ​ត្រូវបាន​ពួក​ខ្មែរក្រហម​ឃុំឃាំង​ព្រះអង្គ និង សម្តេច​ព្រះរាជអគ្គមហេសី ព្រមទាំង​ធ្វើគ​ត​ព្រះរាជ​បុត្រាបុត្រី​មួយចំនួន​ផង ។​

ការបង្រួបបង្រួម និង ផ្សះផ្សា​ជាតិ​

​របប​ខ្មែរក្រហម បាន​ដួលរលំ​នៅ​ឆ្នាំ ១៩៧៩ ហើយ​ប្រទេស​កម្ពុជា ក៏​នៅតែមាន​សង្គ្រាម ហែកហួ​គ្នា​យ៉ាង​រាលដាល បែកបាក់​ជា ៤ ភាគី​ធំៗ ។ ចាប់តាំងពី​ឆ្នាំ​១៩៨៧ សម្តេច នរោត្តម សីហនុ បាន​ខិតខំ​អស់ពី​កម្លាំង​កាយពល​ដើម្បី​បង្រួបបង្រួម​ភាគី ជម្លោះ​កម្ពុជា​ទាំងអស់ និង រក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់ ជម្លោះ​នៅ​កម្ពុជា ។ ឥស្សរជន​នយោបាយ​ដ៏​សកម្ម និង លេចធ្លោ​មួយរូប​ទៀត ពេលនោះ គឺ​ឯកឧត្តម ហ៊ុន សែន ( សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា )​។

​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៩១ ភាគី​ជម្លោះ​ទាំង​៤ បាន​ព្រមព្រៀងគ្នា​បង្កើត ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ SNC និង ដាក់ចេញ​នូវ​បទ​ឈប់​បាញ់​គ្នា ។ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​១៩៩១ ព្រះអង្គ​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន អព្យាក្រឹត នៃ ក្រុមប្រឹក្សា SNC នោះ ។ ទីបំផុត ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ក៏​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ។​


​គ្រប់ភាគី​ជម្លោះ​ទាំងអស់ បាន​ព្រមព្រៀងគ្នា​ថា ព្រះបាទ ន​រោ​ត្ដម សីហនុ​នៅតែ​ជា​ព្រះប្រមុខរដ្ឋ រហូតដល់​មាន ការបោះឆ្នោត​ជាថ្មី នៅ​ឆ្នាំ​១៩៩៣ ។ ប៉ុន្តែ ភាគី​រដ្ឋ​កម្ពុជា មិន​ទទួលយក​នូវ​លទ្ធផល នៃ ការបោះឆ្នោត​នោះឡើយ ទើប​ភាព​ប្រេះឆា​ជាតិ​កើតឡើង​ទៀត ។ ពេលនោះ ព្រះករុណា នរោត្តម សីហនុ បាន​សម្របសម្រួល ហើយ​បង្កើតបានជា​រា​រដ្ឋាភិបាលចម្រុះ ១ ដែល​សហនាយករដ្ឋមន្ត្រី ។

​ព្រះអង្គ​បាន​សោយរាជ្យ​សម្បត្តិ​សាជាថ្មី នៅ​ឆ្នាំ​១៩៩៣ ជា​អ្វីដែល ពុំ​ធ្លាប់មាន​ក្នុង​លោក​។ ប៉ុន្តែ​លើក​នេះ ព្រះអង្គ​គឺជា​ព្រះមហាក្សត្រ​កម្ពុជា​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។​

​ជម្លោះ​នយោបាយ ក៏ដូចជា​ជម្លោះ​ប្រដាប់អាវុធ នៅ​កម្ពុជា ក៏​ចេះតែ​កើតមាន​ជា​ហូរហែ ជាពិសេស រវាង​គណបក្ស​ប្រជា​កម្ពុជា និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ បាន​បំពេញ​ព្រះរាជកិច្ច​ដ៏​ឧត្ដម​ជាទីបំផុត ក្នុងការ​បង្រួបបង្រួម ផ្សះផ្សា​ជាតិ ។

​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជាទី​សក្ការៈ​តែងតែ​ប្រកាន់ ខ្ជាប់​នូវ​ព្រះរាជកិច្ច​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ទសពិធរាជធម៌ ដ៏​ឧត្តុង្គឧត្តម ចំពោះ​ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត ។ ព្រះ​អង្គជា​ព្រះ​អគ្គ​ពុទ្ធ​សាសនូបត្ថម្ភ តែងតែ​កសាង​ព្រះ វិហារ កុដិ សាលា​បុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូងទឹក ស្រះ​ទឹក​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ជូន​ប្រជានុរាស្ត្រ​។​

​ព្រះអង្គ បានដាក់​រាជ្យ​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០០៤ ហើយ​ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ ១៥ កើត ខែ ភទ្របទ ឆ្នាំ រោង នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០ ព្រះវស្សា ហើយ​ត្រូវបាន​ថ្វាយ​ព្រះ​គោរមងា​ថា ព្រះ​បរម​រតន​កោដ្ឋ ។ ព្រះ​សព​របស់​ទ្រង់​ត្រូវបាន​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​មកកាន់​រាជធានី​ភ្នំពេញ ដោយ​ព្រះករុណា​ព្រះបាទ​សីហមុនី និង សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន នៅ​ថ្ងៃទី​១៧ ខែតុលា វេលា​ម៉ោង ២:៣០ រសៀល ។ ការ​ដង្ហែ​ព្រះ​បរមសព​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មក ព្រះបរមរាជវាំង​កាត់​តាម​វិមានឯករាជ្យ បានបញ្ចប់​នៅ​ម៉ោង ៥:៣០ ល្ងាច ដោយមាន​ប្រជានុរាស្ត្រ​ប្រមាណ​ជាង ១ ០០០ ០០០ (​មួយ​លាន​) ទៅ​ជាង ១ ២០០ ០០០ (​មួយ​លាន​ពីរ​សែន​) នាក់មក​ចាំ​ដង្ហែ​មាន​ទាំង​បព្វជិត និង គ្រហស្ថ ។ ព្រះ​បរមសព​របស់​ទ្រង់​នឹង​តម្កល់​នៅ​ព្រះបរមរាជវាំង ៣​ខែ​។ ក្រោយ​រយ​:​ពេល​៣​ខែម​កនៅ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ព្រះ​បរមសព ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​-​សីហនុ ត្រូវបាន​ប្រារព្ធ ពិធី​ដង្ហែ ចេញពី​ព្រះបរមរាជវាំង​ទៅកាន់​វាល​ព្រះមេរុ ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​យ៉ាង​មហោឡារិក ។​
​ចាប់ពីពេលនោះ​មក ថ្ងៃទី ១៥ ខែ តុលា ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​ថា​ជា​ទិវា​គោរព​ព្រះ​វិ​ណ្ណ​ក្ខ​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​គឺជា​ថ្ងៃ​សម្រាក​សាធារណៈ ។​

​ ​ប្រជាជាតិ​ខ្មែរ គ្រប់​គណបក្ស និង គ្រប់​និន្នាការ​នយោបាយ នៅតែ​ចាត់ទុក​ព្រះអង្គ ថា​ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង ជា​ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ។ ព្រះ​បរម​រូបសំណាក​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ស្ថាបនា​ឡើង​ពី​លោហធាតុ តម្កល់​នៅក្នុង​សួនច្បារ​ខាងកើត​វិមានឯករាជ្យ ទុកជា​ការគោរព​រប​ស់​ប្រជាជាតិ​ខ្មែរ​ចំពោះ​ព្រះអង្គ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម