សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨

959
ចែករម្លែក

ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៥ ខែតុលា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​មន្ដ្រីរាជការ​ទូរ​ទាំង​ប្រទេស​អញ្ជើញ​គោរព​វ​ញ្ញាណ​ក្ខ​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ​
​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ នៅ​ព្រះបរមរាជវាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ដង្ហែរ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះ មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេចម៉ែ ន​រោ​ត្ដម មុនីនាថ សីហនុ ក្នុង​ពិធី​ថ្វាយ​ព្រះ​រាជកុសល ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ ន​រោ​ត្ដម សីហនុ គម្រប់​ខួប ៦ ឆ្នាំ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ។ ក្រៅពីនេះ ប្រជារាស្ត្រ​ទូទាំងប្រទេស​ព្រមទាំង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ៕

*​ទឹក​បឹង​ទន្លេសាប​ឆ្នាំនេះ​ធំ​តែ​ចាប់ផ្តើម​ហូរ​ចេញ​ខ្លាំង​និង​លឿន​ជាង​ពេល​ធម្មតា ខណៈ​ខាង​ជលផល​រំពឹងថា​សំបូរ​ត្រី
​ទឹក​បឹង​ទន្លេសាប​ដែល​បាន​ជន់​ឡើងជា​លំដាប់​តាំងពី​ដើមរដូវ​បាន​ក្លាយជា​ជំនន់​ធំ​នៅ​កម្ពស់​៨,៤៥​ម៉ែត្រ បានចាប់ផ្តើម​ហូរ​ចេញ​មុនពេល​ធម្មតា​ជិត​មួយខែ នាំ​ឲ្យ​រដ្ឋបាល​ជលផល​និង​ប្រជា​នេសាទ​រំពឹងថា​ទិន្នផល​ត្រី​ឆ្នាំនេះ​អាច​នឹង​កើនឡើង​ជាង​បណ្តា​ឆ្នាំមុនៗ ៕

*​ផែនការ ត្រួតពិនិត្យ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ពេលយប់​នៅ​ភ្នំពេញ​
​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានដាក់​ចេញ​នូវ​គោលការណ៍ ដឹកនាំ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ចំពោះ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ពេលយប់ នៅក្នុង​រាជធានី​ភ្នំពេញ​។ វិធានការ​រឹតបន្តឹង​នេះ អនុវត្តតាម​ផ្លូវជាតិ​សំខាន់ៗ ចេញចូល​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ថ្ងៃទី​០១ ខែតុលា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ៕

*​ទឹក​ហូរ​ច្រោះ​បាក់​ស្ពាន​មួយកន្លែង​នៅ​ស្រុក​ពោធិ៍​រៀងមក​ពី​សំណង់​គ្មាន​គុណភាព​
​ព្រោះតែ​ទឹក​ហូរ​ច្រោះ​គួបផ្សំ​និង​គ្រឹះ​ស្ពាន​មិន​រឹងមាំ​បណ្ដាលឱ្យ​បាក់​ស្ពាន​ទាំងយប់​លែង​បាន​ឆ្លងកាត់​។​ស្ពាន​ដែល​បាក់ស្រុត ឈ្មោះ​ស្ពាន​ស្អាង ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​បាន​បាក់​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ៕

*​ប៉ូលិស​ចិន​មក​ទទួលយក​ក្រុម​ជម្រិត​ទារប្រាក់​ជនជាតិ​ចិន​៩១​នាក់​ពី​ប៉ូលិស​កម្ពុជា​
​ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ប្រទេស​ចិន ប្រមាណ​ជាង ១០០​នាក់ បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​មក​ទទួលយក​ជ​ន​ជាតិចិន​ចំនួន ៩១​នាក់ ពី​ប៉ូលិសអន្តោប្រវេសន៍​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ​។​ជនជាតិ​ចិន​ទាំង​៩១​នាក់​នេះ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៥ ខែតុលា នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រគល់​ជនជាតិ​ចិន​ចំនួន ៩១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​២១​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) ទៅ​ឲ្យ​ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ចិន ដើម្បី​យក​ពួកគេ​ទៅ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​ចិន​។ ប៉ូលិស​ខេត្ត​ហ្គ័​ង​ចូ​វ របស់​ចិន ដែល​មក​មាន​ចំនួន​១៨២​នាក់​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ចិន​វិញ គឺ​តាម​ជើងយន្តហោះ​ពិសេស​ប្រភេទ A330 (​ជើងយន្តហោះ​លេខ CZ3001/CZ3002) ៕

*​រថយន្ត​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស​បុក​ជាមួយ​រថយន្ត​សាំង​យ៉ុងៈ​ស្លាប់​២​នាក់​,​របួស​ច្រើន​នាក់​
​រថយន្ត​ដឹក​អ្នកដំណើរ​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស​បុក​ជាមួយ​រថយន្ត​សាំង​យ៉ុង​បណ្តាលឱ្យមាន​អ្នកស្លាប់​និង​របួស​ជាច្រើន​នាក់​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវបំបែក​ប្រសព្វ​រាង​អក្សរ​Y​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ឈាម​ឃុំ​សំព្រោច​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ