ថ្នាក់ដឹកនាំ និង​សមាជិក​រដ្ឋសភា ព្រមទាំង​មន្ត្រី អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​

828
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្នុងឱកាស​គម្រប់​ខួប​៦​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សមាជិក សមាជិកា​រដ្ឋសភា និង​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ជាច្រើនរូប ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ ព្រះ​បរម​រូប ខាងកើត​វិមានឯករាជ្យ​។​

​ក្រោយ​ការយាង​ចូល​ទិវង្គត​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​ព្រះបិតា​ឯករាជ្យ​ជាតិ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​បាន កំណត់​យក​ថ្ងៃទី​១៥​តុលា រៀងរាល់ឆ្នាំ ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាវីរក្សត្រ​។ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ថ្នាក់ដឹកនាំ ក្រសួង​មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ បាន​អញ្ជើញ​នាំគ្នា​យក​កម្រងផ្កា ថ្វាយ​គោរព​សក្ការៈ ចំពោះ​ព្រះ​បរម​រូប​។ ក្នុងឱកាស​នេះ អាជ្ញាធរ ខេត្ត​ក្រុង​នានា ទូទាំងប្រទេស ក៏​រៀបចំ​អោយមាន​ទី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ​ផងដែរ នៅតាម​មូលដ្ឋាន​របស់ខ្លួន​។​

​ព្រះករុណា សម្តេចព្រះ​នរោត្តម​សីហនុ អតីត​ព្រះមហាវីរក្សត្រ​ខ្មែរ បាន​យាង​សោយ​ទិវង្គត នៅវេលា​ម៉ោង​១ និង​២០​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​។ ប្រជារាស្ត្រ​ខ្មែរ​បាន សោកស្តាយ​យ៉ាង​ក្រៃលែង​ជាទីបំផុត ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ និង​បាន​ចងចាំ​ជានិច្ច ចំពោះ​ការលះបង់ និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ដូចជា​ដណ្តើម​ឯករាជ្យ​ជាតិ​ពី​អាណានិគម​បារាំង ការកសាង​កម្ពុជា​ជា​កោះសន្តិភាព ជាដើម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម