អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា បាន​អញ្ជើញ​ដាក់​គម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​

1177
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: គណៈប្រតិភូ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​លោក​ស៉ឹ​ម កា អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ដាក់​គម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​។

​ព្រះមហាវីរក្សត្រ (​ព្រះ​បរម​រតន​កោដ្ឋ​) នៅ​ព្រះ​មណ្ឌល​តម្កល់​ព្រះ​បរម​រូប ជិត​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន​សោយ​ព្រះ​ទិវង្គត នៅវេលា​ម៉ោង​១:២០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ (​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​) ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​។​

ការ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​ឡើង​គឺ​ដើម្បី​បង្ហាញ​នូវ​សេចក្តី​គោរព​ស្រឡាញ់​លើសពី​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភក្ដីភាព​ដ៏​ជ្រាលជ្រៅ​មិនអាច​កាត់ថ្លៃ​បាន​របស់​ប្រជារាស្ត្រ​របស់​ព្រះអង្គ និង​ជាការ​រំលឹក​នូវ​គុ​ណុ​បការៈ​គុណ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ដ នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ជាពិសេស​នោះ​គឺ​ជោគជ័យ​នៃ​កម្ពុជា ក្នុងការ​ដណ្តើមយក​ឯ​ក​រាជ្យ​ជាតិ​ពី​អាណានិគមនិយម​បារាំង​សេស នា​ឆ្នាំ​១៩៥១​និង​ការទាមទា​នូវ​ប្រាសាទព្រះវិហារ​ខ្មែរ​មកវិញ​ពី​សំណាក់​សៀម ឈ្លានពាន​នា​ឆ្នាំ​១៩៦២ ការបង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​សមិទ្ធផល​ធំៗ​ជាច្រើន​ផងដែរ​។​

​សូម​រំលឹកថា​ព្រះករុណា ព្រះបាទ​សម្តេច​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិ បានប្រសូត​នៅ​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ និង បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​១៥ ខែ តុលា ឆ្នាំ ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា​។

​អតីតព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហនុ គឺជា​ឥស្សរជន​លេចធ្លោ​បំផុត​ក្នុង​ឆាកនយោបាយ កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា ៧ ទសវត្សរ៍​កន្លងទៅ ។​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​គ្រង​រាជបល្ល័ង្ក​រហូតដល់​ទៅ ២ លើក​ហើយ​បានដាក់​រាជ្យ ២​លើក ទ្រង់​គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប​រាប់​ចាប់តាំងពី​កម្ពុជា ស្ថិតក្រោម​អាណានិគម​បារាំង​សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ​ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព ការផ្សះផ្សារ​ជាតិ និង ការបង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅក្នុង​ទសវត្សរ៍​ទី ៩០​។​អ្វីដែល​ប្រជារាស្ត្រ​ខ្មែរ​ចងចាំ​មិន​ភ្លេច​ពី​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ចំ ពោះ​ជាតិ​មាតុភូមិ​កម្ពុជា គឺ​ការទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​មកវិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣៕

ទីតាំងផ្សាយពាណិជ្ជកម្ម