មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ស្លូ​វ៉ា​ក សម្ដែង​នូវ​ភាព​ស្ញប់់ស្ញែង​ចំពោះ​សំណង់​ប្រាង្គ​ប្រាសាទអង្គរវត្ត​

1939
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រាសាទអង្គរវត្ត កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ លោក ភី​ធើ កា​ស្ស៊ី​មៀ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​ក បាន​សម្តែង​ការចាប់អារម្មណ៍​ដោយ​ក្ដី រំភើប​រីករាយ ជាមួយនឹង​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​ធំ​ស្កឹមស្កៃ​គួរ​ជាទី​ស្ញប់ស្ញែង​ប្រកបដោយ​ក្បូរ​ក្បាច់រចនា ដែល​មនុស្សជាតិ​ក្នុង​ពិភពលោក​កោតសរសើរ​មិន​ដាច់​ពី​មាត់​។​

​លោក ភី​ធើ កា​ស្ស៊ី​មៀ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​ក បានបញ្ជាក់​ទៀតថា ប្រាសាទអង្គរវត្ត ពិតជា​អច្ឆរិយៈវត្ថុ​ក្នុង​លោក ដែល​មិនអាច​គណនា​បាន ខណៈ​កន្លងមក​ឯកឧត្តម ធ្លាប់បាន​ទៅ​ទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី​នេះដែរ តែ​កម្ពុជា​មានការ​ចាប់អារម្មណ៍​ខ្លាំងជាងគេ ជាពិសេស​ប្រាសាទអង្គរវត្ត​ពិតជា​អស្ចារ្យ​ហួស​ពី​ការ ស្មាន និង​បង្កើត​នូវ​មនោសញ្ចេតនា​ដក់​ជាប់​ក្នុង​អារម្មណ៍​។​

​សូមបញ្ជាក់ថា លោក ភី​ធើ កា​ស្ស៊ី​មៀ រួម​នឹង​ប្រតិភូ បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ខេត្តសៀមរាប រយៈ ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម