មនុស្ស​១៣​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​បារាំង​

965
ចែករម្លែក

យ៉ាងហោចណាស់មានមនុស្សចំនួន១៣ នាក់បានស្លាប់នៅពេលព្យុះភ្លៀងខ្លាំងបានបណ្តាលឱ្យទឹកទន្លេឡើងហូរហៀរជន់លិចនៅប្រទេសបារាំង ភាគនិរតីកាលពីថ្ងៃចន្ទទី១៥តុលា ដែលជាគ្រោះមហន្តរាយចុងក្រោយបំផុតនៃអាកាសធាតុដ៏អាក្រក់នៅទ្វីបអឺរ៉ុប។

ទឹកជំនន់ភ្លាមៗ ដែលបានជន់លិចទីប្រជុំជននិងភូមិជាច្រើនជុំវិញទីក្រុងCarcassonne បានបង្កការខូចខាតផ្លូវ ធ្វើឱ្យផ្ទះជាច្រើននិងស្ពានជាច្រើនរលំបាក់ ព្រមទាំង​ក្រឡាប់អណ្តែតរថយន្តជាច្រើន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាននិយាយថា មនុស្សសរុបចំនួន១៣នាក់ បានស្លាប់ ដោយសារទឹកជំនន់ដែលបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនេះ។

ក្រុមអាជ្ញាធរបានប្រើឧទ្ធម្ភាគចក្រច្រើនគ្រឿងនិងមានអ្នកពន្លត់អគ្គិភ័យ៦០០នាក់ដើម្បីធ្វើការសង្គ្រោះនៅតំបន់នៅតាមបណ្តោយទន្លេAude ដែលមានទឹកឡើងខ្លាំងបំផុតក្នុងរយៈពេល១០០ឆ្នាំចុងក្រោយបំផុតនេះ។

ក្រុមមន្ត្រីបាននិយាយថា នៅទីប្រជុំជនTrebes នៅជិតទីក្រុងCarcassonne ​ ​ទឹកនៅទន្លេAude បានឡើងដល់៨ម៉ែត្រ ក្នុងរយៈពេលតែ៥ម៉ោងប៉ុណ្ណោះ។ ​មនុស្សជិត១.០០០នាក់ ត្រូវបានជម្លៀសចេញនៅតំបន់Pezens នៅជិតទីក្រុងCarcassonne៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម