សូត្រ ប៊ុន​ធី រក្សា​តំណែង​កំពូល​បាន​ឬទេ​?

1246
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍​រសៀល​ថ្ងៃទី​២០​តុលា អ្នក​ប្រដាល់​សូត្រ ប៊ុន​ធី​របស់​កម្ពុជា​ត្រូវគេ​ជឿថា នឹង​ឈរជើង​ក្នុង​តំណែង​កំពូល​របស់​ពូ​ល​កម្ពុជា បាន​តទៅទៀត​ជាមិនខាន​។​

​សូត្រ ប៊ុន​ធី ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ម៉ា​ហា (Phat Maha) ដែល​២​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ត្រឹមតែ​ចាញ់​២​ប្រកួត​ប៉ុណ្ណោះ​ទេ តែ​ចាញ់​ដោយ​សន្លប់​ទាំង​២​ប្រកួត​។ ចំពោះ សូត្រ ប៊ុន​ធី​វិញ​២​ប្រកួត​របស់គេ ឈ្នះ​ទាំង​២​ប្រកួត ចំពោះ ផាត ម៉ា​ហា គេ​គិត​ជា​មិនមែនជា​ឧបសគ្គ​របស់ ប៊ុន​ធី ឡើយ ហើយ​អ្នក​ប្រដាល់​ថៃ​រូបនេះ អាច​នឹងត្រូវ ប៊ុន​ធី វាយ​ឲ្យ​សន្លប់​មុន​ទឹក​ទី​៥​ទៀតផង​។​

​ប៊ុន​ធី ទោះបី​ការប្រកួត​របស់គេ​មិនសូវ​វាងវៃ​ក៏ពិតមែន តែ​អ្នក​ប្រដាល់​រូបនេះ​មាន​ស្នៀត​ជង្គង់ និង​កែង​ល្អ​ខ្លាំងណាស់ គ្រាន់តែ​ពេលខ្លះ​គេ​វ៉ៃ​ចេញ​ច្រើនពេក ដោយ​មិនសូវ​បាន​ផល​។ មិនតែប៉ុណ្ណោះ គេ​មិនសូវ​ចេះ​ផ្លាស់ប្ដូរ​ឥរិយាបទ​ប្រកួត​ទៅតាម​ការប្រែប្រួល​រប​ស់​គូប្រកួត​ឡើយ​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១១​ដង ឈ្នះ​៨៧​ដង ចាញ់​២០​ដង ស្មើ​ពិន្ទុ​៤​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​២១​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ផាត ម៉ា​ហា គេ​មាន​ផ្លែ​វ៉ៃ​ល្អ​គ្រាន់បើ​ដែរ តែ​គេ​ជា​អ្នក​ប្រដាល់​ចិត្ត​តូច និង​ភាព​អំណត់​ក៏​តូច​ដែរ គឺ​បើ​គូប្រកួត​វ៉ៃ​ចំ​ខ្លាំង​បន្តិច​គេ​សន្លប់​តែម្ដង​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​ចំនួន​៥៦​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ គេ​ជឿថា សូត្រ ប៊ុន​ធី នឹង​ឈ្នះ​ឯ ផាត ម៉ា​ហា នឹង​បន្ត​ចាញ់​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ លី ភា ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ផាត ឆា​យ៉ា​ភូមិ (Phat Chhayajphum)​។​

​លី ភា ២​ប្រកួត​របស់គេ​ឈ្នះ ១ ប្រកួត និង​ចាញ់​១​ប្រកួត​មុន​ទឹក​ទី​៥ រីឯ ផាត ឆា​យ៉ាក​ភូមិ វិញ​២​ប្រកួត​របស់គេ​ចាញ់​ទាំង​២​ប្រកួត​។ ផាត ឆា​យ៉ាក​ភូមិ គេ​ចាញ់​ទាំង​២​ប្រកួត​មែន តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ គេ​មាន​ផ្លែ​វ៉ៃ​ល្អ​រហ័ស​។ កែង និង​ជង្គង់​របស់គេ​មិន​ស្រួល​ទប់ទល់​ឡើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​ដង ឈ្នះ​៧០​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១​ដង​។​

​ចំពោះ លី ភា វិញ​គេ​ពេលខ្លះ​គេ​វ៉ៃ​បានល្អ​តែ​ពេលខ្លះ​គេ​វ៉ៃ​អន់​តែម្ដង​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ចូលចិត្ត​បើក​ការវាយប្រហារ​លើ​គុប្រ​កួត​មុន​ណាស់ ពិសេស​គេ​ចូលចិត្ត​វាយប្រហារ​ជើង​ក្រោម​គូប្រកួត ឯជើង​ក្រោម​គេ​ក៏​ជ្រាយ​ដែរ​។ តែបើ​គូប្រកួត​ក្លាហាន ហើយ​ហ៊ាន​ច្រាស់​សង​មកវិញ​នោះ ចិត្ត​របស់ លី ភា ស្រុតចុះ​តែម្ដង​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៦​ដង ឈ្នះ​៥៤​ដង ចាញ់​១២​ដង​។ ការប្រកួត​មួយ​នេះ មិនទាន់​ប្រាកដថា លី ភា ឈ្នះ​នោះទេ ហើយក៏​មិនទាន់​ប្រាកដថា ផាត ឆា​យ៉ាក​ភូមិ ឈ្នះ​នោះដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម