នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​៖ គណៈកម្មការ​ចំពោះ​កិច្ច​កំពុង​ស្រាវជ្រាវ​រឿង​មេ​ប៉េអឹម​ខេត្តព្រះវិហារ​-​កំពង់ស្ពឺ​-​កំពង់ឆ្នាំង​

1219
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ដែល​បាន​ចុះ​ធ្វើ​អធិការកិច្ច​មេបញ្ជាការ​កងរាជអាវុធហត្ថ​ចំនួន​បី​ខេត្ត គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ , លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ និង​រឿងអាស្រូវ​មួយចំនួន មកដល់ពេលនេះ នៅ​មិនទាន់បាន​បង្ហាញ​លទ្ធផល​នៅឡើយ​ទេ ដោយ​កំពុងតែ​ស្ថិតនៅក្នុង​ការស្រាវជ្រាវ​នៅឡើយ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស (រូបឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ចំពោះ​ករណី​ខាងលើនេះ គណៈកម្មការ​ចំពោះ​កិច្ច​នេះ នឹង​បូកសរុប​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​រាយការណ៍​ជូន​អង្គប្រជុំ​របស់​គណៈបញ្ជាកា​រ ជាពិសេស​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ ដើម្បី​ពិនិត្យ​មើលថា តើ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​មាន​កំហុស ឬ​មិនមាន​កំហុស​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា “​មកដល់​ម៉ោង​នេះ អាច​និយាយបានថា កិច្ចការងារ​នៅក្នុង​ដំណើរការ នៃ​ការសិក្សា​ស្រាវជ្រាវ​មិនទាន់បាន​ចប់សព្វគ្រប់ ដើម្បី​ធ្វើការ​សម្រេច​នៅឡើយ​ទេ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​ឧបត្ថម្ភ​ចំនួន ៨០​លាន​រៀល ដែលជា​លុយ​ឧបត្ថម្ភ​ដល់​អង្គភាព ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ​។ គណៈកម្មការ​ចំពោះ​កិច្ច​បាន​ចុះ​ទៅដល់​ខេត្តព្រះវិហារ​ហើយ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​ឲ្យ​ដឹង​ការពិត​។

ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ (រូបឯកសារ)

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ត្រូវបាន​កូនចៅ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមាណ ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព “​ខ​26-2” កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ក្រៅពី​លុយ ៨០​លាន​រៀល លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​ទៀត​មានដូចជាៈ​
១.​យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដូចជា​ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង ដី​ស្នាក់ការ​កំពង់​ស្រឡៅ​។ ២.​បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តាល​ក្រុង​ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា​ខ្លួន​ជា​អ្នក​កសាង​។ ៣.​គំរាម​គំហែង​មេបញ្ជាការរង រហូតដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។ ៤.​ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទា​ប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។ ៥.​ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ​។ ៦.​ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ (រូបឯកសារ)

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច ចុះទៅ​ធ្វើ​អធិការកិច្ច​នៅ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ រង​ការចោទប្រកាន់​ពី​មន្ត្រី​នៅក្រោម​ឱវាទ​ពាក់ព័ន្ធ​ការ​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ និង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត​។​

​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រ​ញ ស៊ឹម ហុង ចុះទៅ​ធ្វើ​អធិការកិច្ច​នៅ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​រង​ការចោទប្រកាន់​ពី​កូនចៅ​ថា បាន​ស៊ីដាច់​អង្ក​រប​ត្ថ​ម្ភ​របស់លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ផ្តល់ជូន​អាវុធហត្ថ​។ ស៊ីដាច់​លុយ​ការពារ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ រួមទាំង​ស៊ីដាច់ របប​អង្ករ​ចំនួន​ពីរដង ដោយ​លើក​ទី​1 អង្ករ​8​តោន លើក​ទី​2 អង្ករ​៥​តោន​។ (​លុយ​ការពារ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​លុយ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បន្ទាប់ពី​ផ្ទុះ​ការតវ៉ា គឺ​បាន​បើក​ឲ្យ​ហើយ​)​។​

​ប្រភព​ដដែល​បាន​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បានអោយ​មនុស្ស​ជំនិត​របស់ខ្លួន​ដើរ​ប្រមូល​គាបសង្កត់​អ្នករ​ស៊ី ដោយ​ក្នុងនោះ​ឲ្យ​លោក​វរសេនីយទោ លឹម ឧសភា ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ និង​ទំនិញ​នៅ​ផ្លូវជាតិ​លេខ​៤​។ ចំណែក​លោក​វរសេនីយទោ គង់ វាសនា ហៅ​មហាមេឃ ប្រមូល​លុយ​ផ្លូវជាតិ​លេខ​៥ ដោយ​ដេញចាប់​ឡាន នៅ​ស្នាក់ការ​អាវុធហត្ថ ៥៥១ នៅ​ស្រុក​ឧដុង្គ​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង (រូបឯកសារ)

​ចំណេ​កលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ និង​រឿងអាស្រូវ​មួយចំនួន​ដូចជា​អោយ​កូនចៅ​ដេញ​ឡាន​ដឹក​ដឹកឈើ និង​ទំនិញ​…​ក៏​ត្រូវបាន​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម