​មាន​ការមិនសប្បាយចិត្ត​ចំពោះ​ចៅក្រម​ស៊ើបសួរ​ក្រោយ​ដោះលែង​ជនសង្ស័យ​ម្នាក់​

1036
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មន្ត្រីនគរបាល​និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​សម្តែង​ក្តី​មិន​ពេញចិត្ត​ចំពោះ​ការអនុវត្តន៍​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ក្រោយ​ការដោះលែង​ជនសង្ស័យ​ជា​គ្រូបង្រៀន​ម្នាក់​ឱ្យ​ស្ថិត​នៅក្រៅ​ឃុំ​ខណៈ​ជនរងគ្រោះ​កំពុងស្ថិត​ក្នុងស្ថានភាព​យ៉ាប់យឺន​។​

​ការសម្រេចចិត្ត​ដោះលែង​ជនសង្ស័យ​នោះ​គឺ​ក្រោយ​ពេលដែល​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ស្ទាក់ចាប់​និង​ប​ញ្ជួ​ន​ដល់​សាលាដំបូង​រយៈពេល​តែ​ជាង​កន្លះ​ថ្ងៃ​ខណៈដែល​ព្រះរាជអាជ្ញា​ស្នើរ​សុំឱ្យ​ឃុំខ្លួន​ជនសង្ស័យ​រូបនោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីសូ​សុវណ្ណ​ស្នងការរង​បានបង្ហាញ​ក្តី​មិន​សប្បាយចិត្ត​ក្រោយពេល​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ដោះលែង​ជនសង្ស័យ​ក្នុងករណី​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​នោះ​ឱ្យនៅ​ក្រៅ​ឃុំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ថា​”​ការដោះលែង​នេះ​វា​ជា​អំពើ​សម្តែង​ឱ្យឃើញ​នូវ​ភាពអយុត្តិធម៌​មួយ​សម្រាប់​ជនរងគ្រោះ​ខ្លាំងណាស់​ត្បិត​រហូតមក​ដល់ពេលនេះ​ជនរងគ្រោះ​កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​យ៉ាប់យឺន សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​នៅឡើយ​”​។​

លោក​ម៉ម​វណ្ណដា​អ្នកនាំពាក្យ​និង​ជា​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​ក្នុងករណីនេះ​ការសម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​ឬ​ត្រូវ​ឃុំ​ជា​ឆន្ទា​នុ​សិទ្ធ​របស់​ចៅក្រម​ស៊ើបសួរ​សម្រេច​។​

​ក្នុងនោះ​មន្ត្រីនគរបាល​យុត្តិធម៌​បាន​កសាង​សំណុំរឿង​បាន​ត្រឹមត្រូវ​ហើយ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ប​ញ្ជួ​ន​មកកាន់​អយ្យការ​អម​សាលាដំបូង​ដើម្បី​សាកសួរ​និង​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​។​ស្របពេល​ដែល​ប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​ចៅក្រម​ស៊ើបសួរ​នោះ​ព្រះរាជអាជ្ញា​បានស្នើរ​សុំឱ្យ​មានការ​ឃុំខ្លួន​ជនសង្ស័យ​ដោយ​បញ្ជាក់​អំពី​ស្ថានភាព​នៃ​របួស​របស់​ជ​ន​រងគ្រោះ​។​

​លោក​ព្រះរាជអាជ្ញារង​បន្តថា​ចៅក្រម​ស៊ើបសួរ​មិនបាន​យល់ព្រម​តាម​ការស្នើសុំ​របស់​ព្រះរាជអាជ្ញា​នោះទេ​ថែមទាំង​បាន​ដោះលែង​ជនសង្ស័យ​ក្រោយ​ប​ញ្ជួ​ន​ទៅដល់​រយៈពេល​តែ​ជាង​កន្លះ​ថ្ងៃ​។​ព្រះរាជអាជ្ញារង​ដដែល​បញ្ជាក់ថា​ក្នុងករណីនេះ​ព្រះរាជអាជ្ញា​បានសម្រេច​ប្តឹង​ឧទ្ធរណ៍​រួចរាល់​ហើយ​ដែរ​។​

​លោក​អឿន​កុស​ល្យ​មុនី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី​១៦​នេះ​បាន​បញ្ជាក់ដែរថា​ការដោះលែង​ជនសង្ស័យ​ឱ្យនៅ​ក្រៅ​ឃុំ​នេះ​គឺ​”​ដោយ​ផ្អែកទៅលើ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​”​។​

គួ​បញ្ជាក់ថា​គ្រូបង្រៀន​ជនជាតិដើម​ភាគតិច​ម្នាក់ ទប់​កំហឹង​មិនបាន​ទាញ​ពូថៅ​វាយ​គូទំនាស់ បែកក្បាល​រងរបួស​ធ្ងន់​។ ដែល​ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃទី​១៣ តុលា ២០១៨ វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​លោក​វ៉ាន់ ដា​នី​ន អធិការនគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹងថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​ដែល​បង្កឡើង​ដោយ​ឈ្មោះ ភេទ សម្បត្តិ ភេទ​ប្រុស អាយុ​ប្រហែល ២៥ ឆ្នាំ​ជនជាតិ​ព្នង សញ្ជាតិ ខ្មែរ មុខរបរ គ្រូបង្រៀន ។​ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ ព្រុំ សុខ​ណេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កសិករ រងរបួស​ត្រូវចំ​ក្បាល​ក្រោយ ។​ទាំងពីរ​នាក់​មាន​ទីលំនៅ​ស្ថិតក្នុង​ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង់ ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី ។​

ក្រោយ​កើតហេតុ​ជនដៃដល់​បាន​រត់​គេចខ្លួនបាត់ ចំណែកឯ​ជនរងគ្រោះ​ត្រូវបញ្ជូន​មកកាន់​មណ្ឌល​សុខភាព​។​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​ករណី​ខាងលើនេះ បណ្តាលមកពី​ទំនាស់​ពាក្យសម្ដី​គ្នា បន្តិចបន្តួច ក៏​ឈានដល់​ប្រើ​អំពើ​ហឹ​ង្សា​តែម្តង​។

គិត​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៣ តុលា ដដែល លោក​កាន់​ពេញ​អធិការ​នគ​បាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹងថា​កម្លាំង​របស់លោក​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត។

បាន​ចុះ​ស្ទាក់ផ្លូវ​ជនដៃដល់​ខាងលើ នឹង​ឃាត់ខ្លួន​បាន​នៅ​គោលដៅ​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​។​លោក​អធិការ​ក្រុង​បន្តថា​កម្លាំង​យើង​បានឃើញ​មុខសញ្ញា​បង្ហាញមុខ​ជិះ​ម៉ូតូ​សង់​015​ស្លាក​លេខ​1B.3713 រតនគិរី ។​

​ក្រោយ​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​មិនបាន​ឈប់​ហើយ​ជិះ​ម៉ូតូ​គេច​តែ​សមត្ថកិច្ច​បាន​ដេញតាម​ជនសង្ស័យ​ពីក្រោយ​ជាប់​។​រហូត​ជនសង្ស័យ​ផ្តួល​ម៉ូតូ​រត់​ចូល​ព្រៃ​។ លុះដល់​ម៉ោង​១០​និង​៣០ នាទី​ជនសង្ស័យ​បាន​ចេញពី​ព្រៃ​មកជួប​កម្លាំង​យើង​ដែល​ពួនស្ទាក់ ដោយ​សង្ស័យ​បាន​សួរនាំ​និង​សំគាល់​ភិនភាគ​ទើប​ឃាត់ខ្លួន​បានតែ​ម្តង​។​​

នាំ​ទាំង​ម៉ូតូ​និង​មនុស្ស​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​និង​ប្រគល់​ជនសង្ស័យ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រីឯ​ម៉ូតូ​រក្សារ​ទុក​ប​ណ្តះ​អាសន្ន​នៅ​អធិការដ្ឋាន​ក្រុង ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​

​មាន​ការមិនសប្បាយចិត្ត​ចំពោះ​ចៅក្រម​ស៊ើបសួរ​ក្រោយ​ដោះលែង​ជនសង្ស័យ​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម