​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បោះបង្គោល​កំណត់​ព្រំដី​បឹង​សំរោង​តាម​អនុក្រឹត្យ​

1480
ចែករម្លែក

ដោយៈ​ប​.​ខុន​ / ភ្នំពេញៈ ​បឹង​សំរោង​ដែល​គេ​បាន​ទន្ទ្រាន​កាន់កាប់​ស្ទើរ​គ្មាន​សល់​ត្រូវបាន​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បន្ត​ចុះ​បោះបង្គោល​ព្រំដី​តាម​ការ​កំណត់ដោយ​អនុក្រឹត្យ​បន្ទាប់ពី​មានការ​ណែនាំ របស់ អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​បឹង​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​ផ្ទៃ​សរុប​ចំនួន​៣៣៦​ហិកតា​ឲ្យ​បាន​គង់វង្ស​។​

លោក​ស៊ឹម សុ​ផង់ ដឹកនាំ​ក្រុមការងារ​បោះបង្គោល​កំណ​ត់​ព្រំ​បឹង​សំរោង​

​លោក​ស៊ឹម​សុ​ផង់​នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ ថ្ងៃ ទី​១៦​ខែតុលា​ឆ្នាំ​២០១៨​ថា ការបោះបង្គោល​ព្រំដី​បឹង​សំរោង តាម​អនុក្រឹត្យ ដែល​បាន អនុវត្ត​តាំងពី​ថ្ងៃទី​១៤​ខែកញ្ញា​មក​នោះ ពេលនេះ​កំពុង​ធ្វើ​បន្ត​ជិត​ចប់​ហើយដោយ​នៅក្នុង ចំណោម​៤៨​គោលដៅ​បាន​បោះបង្គោល​រួច​ចំនួន​ចំនួន​៣៨​។​

​នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​រូបនេះ​បាន​បញ្ជាក់ថា​ការចុះ​បោះបង្គោល​ព្រំដី​បឹង សំរោង​នេះ​អនុវត្តតាម​អនុក្រឹត្យ និង តាម​ការណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី ថែរក្សា​ការពារ​ដី​បឹង​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស​។

​លោក សុ​ផង់ បាន​ឲ្យ​ដឹងផង​ដែរ​ថា​នៅក្នុង​ការចុះ​បោះបង្គោល​កំណត់​ព្រំដី​បឹង​សំរោង​នេះ មានការ​តវ៉ា​ពី​អ្នកកាន់កាប់​ដី​បឹង​នេះ​ជា​បន្តបន្ទាប់ តែ​ក្រោយពី​មានការ​ពន្យល់ ពួកគេ​ក៏​ស្ងប់ស្ងាត់​ទៅវិញ​។ ការបោះបង្គោល​តាម​ការ​កំណត់ដោយ​អនុក្រឹត្យ​នេះ​ឃើញ មានការ​ទន្ទ្រាន​ចូល​ដី​បឹង​ខ្លះ​តែ​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​មិនទាន់មាន​ទិន្ន​ន​យ័​ទេ ព្រោះ​ពេល នេះ​គ្រាន់តែ​បោះបង្គោល​នៅ​មិនទាន់បាន​ស្រង់​ស្ថិតិ​នៅឡើយ​។​

​វិសាលភាព​បឹង​សំរោង​

​បឹង​សំរោង​ស្ថិត​នៅជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ដែល​ពីមុន​ស្ថិតនៅក្រោម​ការ​គ្រប់ គ្រង​រដ្ឋបាល​ពី​ស្រុក​ពញាឮ ខេត្តកណ្តាល បច្ចុប្បន្ន​នៅក្រោម​ការគ្រប់គ្រង​រដ្ឋ​បាល​ខណ្ឌ ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ កាលពីមុន​បឹង​នេះ​ជា​កន្លែង​គេ​ចិញ្ចឹម​ត្រី​ដោយ​ស៊ង​តែ​ពេលនេះ​ទី តាំង​មួយចំនួន ត្រូវបាន​គេ​បូម​ខ្សាច់​លប់​និង​មានការ​លក់ដូរ​បន្ត​គ្នាច្រើន​តំណរ​។​

​អនុក្រឹត្យ​លេខ​៦៥ អនក្រ​.​បក ចុះ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០០៨ និង ចុះហត្ថលេខា​ដោយ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពី ការកំណត់​ផ្ទៃ​បឹង​សំរោង ស្ថិតក្នុង​សង្កាត់​សំរោង (​ពីមុន​ឃុំ​សំរោង ស្រុក​ពញាឮ​ខេត្តកណ្តាល​) ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មាន​ផ្ទៃ​សរុប ៣៣៦ ហិកតា​(​តាម​ប្រព​ន្ធ័​កំណត់​ទីតាំង​ភូមិសាស្ត្រ Geocraphical Position System GPS DATUM : INDIAN-THAILAND 1960) រួមមាន​៤៨​ចំណុច​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ