​កម្ពុជា​ស្នើ​ថៃ​បើក​ច្រកទ្វារ​អន្តរជាតិ​បន្ថែម​នៅតាម​ខេត្ត​ជាប់​ព្រំដែន

1616
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​កំ​ពតៈ​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ក​ម្ពុ​ជា​-​ថៃ​លើក​ទី​៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នា​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​នេះ​ភាគី​កម្ពុជា​បានលើកឡើង​នូវ​សំណូមពរ​ទៅ​ភាគី​ថៃ​ស្នើឱ្យ​បើក​ច្រកទ្វារ​អន្តរជាតិ​បន្ថែមទៀត​។ នៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ភ្ញៀវទេសចរ​ខណៈដែល​កំណើន​ភ្ញៀវទេសចរ​កំពុង​មានកា​រ​កើនឡើង​។​

​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ក​ម្ពុ​ជា​-​ថៃ​លើក​ទី​៤ ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ ឡឺ បូកគោ​ផា​លេស ដែលមាន​ទីតាំង​នៅលើ​កំពូលភ្នំ​បូកគោ ខេត្តកំពត​។​ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក​ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍​កម្ពុជា​។ រីឯ​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក អា​រុណ ប៊ុនឆ័យ (Arrun Boonchai) អនុ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ​។​

​ក្រោយ​បញ្ចប់​ប្រជុំ​ទ្វេភាគី​ខាងលើនេះ លោក ថោង រដ្ឋ​សក្តិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា «​ខេត្ត​ជាប់​ព្រំដែន​ដូចជា​ព្រះវិហារ​ពោធិ៍សាត់​ឧ​ត្ត​រ​មានជ័យ​និង​ខេត្ត​មួយចំនួនទៀត​ដែលជា​ប់​ព្រំដែន​ប្រទេស​ថៃ​បាន​ស្នើឱ្យ​ខាង​ថៃ​សម្របសម្រួល​បើក​ច្រកព្រំដែន​បន្ថែម​មួយចំនួនទៀត​ដោយសារ​បច្ចុប្បន្ននេះ ខេត្ត​ជាប់​ព្រំដែន​ខាងលើ បានទទួល​ភ្ញៀវទេសច​រ​ជាតិ និង​អន្តរជាតិ​ជាច្រើន គួរកត់សម្គាល់​»​។​

​លោក​បន្តថា​ខាង​ភាគី​ថៃ​ក៏បាន​ឆ្លើយ​មកវិញ​ដែរ​ថា​នឹង​យក​សំណូមពរ​ទាំងនេះ​ទៅ​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​និង​កីឡា​ថៃ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​របស់​ថៃ​ក្នុងការ​ពិចារណា​សម្រប​សម្រួល​បែបបទ​ដល់​ភាគី​កម្ពុជា និង​បើក​ច្រករបៀង ឬ​ច្រកទ្វារ​អន្តរជាតិ​នៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ទៅ​ថ្ងៃ​អនាគត​។​

​កម្ពុជា​ក៏បាន​ស្នើឱ្យ​ភាគី​ថៃ ចូលរួម​នៅក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នានា ដូចជា ព្រឹត្តិការណ៍​ជិះ​កង់​អន្តរជាតិ ព្រឹត្តិ​ការប្រកួត​កីឡា​ទូកក្តោង​អន្តរជាតិ កីឡា​ទ្រី​អា​ត្ល​ង់ (Triathlon) រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ និង​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ រួមមាន​ពិធីបុណ្យ​សមុទ្រ បុណ្យ​ទន្លេ និង​វេទិការ​វិនិយោគ​ទេសចរណ៍​លើក​ទី​២ ដែល​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​នៅ​ឆ្នាំ​២០១៩​។

​មួយវិញទៀត​កម្ពុជា​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ថៃ​បង្កើន​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅតាម​គោលដៅ​សក្តានុពល​មួយចំនួន​នៅ​តំបន់​ភូមិភាគ​ឦសាន​និង​ច្រករបៀង​ទេសចរណ៍​ឆ្នេរសមុទ្រ​ភាគខាងត្បូង ពិសេស​លើ​ផ្នែក​សណ្ឋាគារ​ស្តង់ដា​អន្តរជាតិ​លំដាប់​ផ្កាយ រមណីយដ្ឋាន និង​ភោជនីយដ្ឋាន​ប្រណិតៗ ឆ្លើយតប​នឹង​កំណើន​ទេសចរ​។​

​ភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​ដែរ​ក្នុង​ការតភ្ជាប់​ខ្សែ​ទស្សនកិច្ច​ផ្លូវ​សមុទ្រ​រវាង​កម្ពុជា​ថៃ​(​កោះ​សាមុយ​នៃ​ខេត្ត​ស៊ូ​រ៉ា​ត​ធានី​ត​មក​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៃ​ខេត្តកំពត​ពោលគឺ​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​ផ្លូវ​សមុទ្រ​នេះ នឹង​ផ្ដើមឡើង​ក្រោយពេល​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៃ​ខេត្តកំពត​សាងសង់​រួចរាល់ (​ប្រហែល​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០)​។​

​លោក​អគ្គនាយក​ថោង​រដ្ឋ​សក្តិ​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​វិស័យ​បណ្ដុះបណ្ដាល​វិញ​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ភាគី​កម្ពុជា​ភាគី​ថៃ​បាន​ឯកភាព​ជួយ​ជំរុញ​ការងារ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែមទៀត​សម្រាប់​ក្រសួងទេសចរណ៍​ផ្នែក​ឯកជន​។​ក្នុង​វិស័យ​ទេសចរណ៍​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ខេត្ត​នៅជាប់​ព្រំដែន​ខណៈ​ថៃ​កំពុង​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រីរាជកា​រ​ក្រសួងទេសចរណ៍​(​តាមរយៈ​ការចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងទេសចរណ៍ និង​សាកលវិទ្យាល័យ រា​ចា​ម៉ាន់​ហ្កា​ឡា ថា​ន់​យ៉ា​បុរី​)​។​

​សូមបញ្ជាក់ថា នា​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ស្អែក​នេះ នៅ​សណ្ឋាគារ ឡឺ បូកគោ ផា​លេស លើ​កំពូលភ្នំ​បូកគោ​ដដែល​នឹងមាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា​-​ថៃ​លើក​ទី​២​ផងដែរ​៕S/​

​កម្ពុជា​ស្នើ​ថៃ​បើក​ច្រកទ្វារ​អន្តរជាតិ​បន្ថែម​នៅតាម​ខេត្ត​ជាប់​ព្រំដែន

ទីតាំងផ្សាយពាណិជ្ជកម្ម