ម៉ា​តទី​ស​ទៅ​មើល​តំបន់​រង​ផលប៉ះពាល់​ពីសារ​ធាតុគីមី​ពុល​Agent Orange​នៅ​វៀតណាម​

3206
ចែករម្លែក
  • 8
    Shares

កេរ្តិ៍ដំណែលសារធាតុគីមីពុលនៃសង្រ្គាមវៀតណាមបានស្ថិតក្រោមការចាប់អារម្មណ៍ជាថ្មីនៅថ្ងៃពុធទី១៧តុលា នៅពេលរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ជីម ម៉ាតទីសទៅទស្សនាអតីតទីតាំងស្តុកទុកសារធាតុគីមីពុលAgent Orange ដែលត្រូវបានបន្ទោសចំពោះការបង្កកំណើតកូនមកមានរាងកាយនិងសុខភាពមិនប្រក្រតី និងជម្ងឺមហារីកក្នុងចំណោមជនជាតិវៀតណាម១លាននាក់។

កងកម្លាំងអាមេរិកបានប្រើអ្វីដែលឥឡូវជាអាកាសយានដ្ឋានបៀន ហ័រ នៅក្រៅទីក្រុងហូជីមីញ ជាកន្លែងស្តុកទុកសារធាតុពុលធ្វើអោយស្លឹកឈើជ្រុះដែលបានជ្រាបចូលក្នុងទឹកក្នុងដី ទន្លេនិងអាហារក្នុងមូលដ្ឋាន។

សារធាតុAgent Orangeនេះបានប៉ះពាល់មនុស្សជាច្រើនជំនាន់នៅវៀតណាម ភាគច្រើនក្មេងៗដែលកើតមកពិការទាំងចិត្តនិងរាងកាយ មានចាប់តាំងពីកើតមកក្បាលធំរហូតដល់ដៃជើងខុសធម្មតា ដែលសុទ្ធតែផលនៃសារធាតុគីមីពុលនេះ។

នៅក្រោមកិច្ចព្រព្រៀងសម្អាតសារធាតុគីមីនេះរយៈពេល១០ឆ្នាំ ដែលដឹកនាំធ្វើដោយទីភ្នាក់ងារអភិវឌ្ឍន៍USAID ការងារសម្អាតនេះត្រូវចាប់ផ្តើមនៅឆ្នាំក្រោយនៅកន្លែងដែលលោកម៉ាតទីទៅមើលនៅថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅក្រុងហូជីមិញ។

ម៉ាតទីសបានប្រាប់អ្នកយកព័ត៌មានថា”ខ្ញុំគ្រាន់តែទៅមើល និងពេលត្រឡប់ទៅវិញខ្ញុំនឹងប្រាប់សភា ។យើងបានសន្យាជួយ…អាមេរិកសន្យាជួយបោសសម្អាតសំណល់អតីតកាលខ្លះ”។

សូមបញ្ជាក់ថា កងកម្លាំងអាមេរិកបានបាញ់សារធាតុAgent Orangeនេះចំនួន៨០លានលីត្រលើវៀតណាមខាងត្បូងរវាងឆ្នាំ១៩៦២និង១៩៧១ នៅក្នុងកិច្ចខិតខំមួយដើម្បីកំចាត់ពួកឧទ្ទាមកុំម្មុយនីស្តវៀតកុង តាមរយៈបំផ្លាញព្រៃដែលពួកគេធ្វើជាជម្រកបិទបាំង។

ក្រៅពីអាកាសយានបៀនហ័រ អាមេរិកនិងវៀតណាមបានសំគាល់ទីតាំងពីរទៀតថាមានសារធាតុគីមីពុលផងដែរគឺ អាកាសយានដ្ឋានដាណាំងនិងភូកាត។

រដ្ឋាភិបាលក្រុងហាណូយនិយាយថា ប្រជាជនវៀតណាមដល់ទៅ៣លាននាក់រងផលប៉ះពាល់ពីភ្នាក់ងារពុលAgent Orangeនិង១លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលសព្វថ្ងៃ៕ដោយ:វាសនា

រដ្ឋមន្រ្តីការពារជាតិអាមេរិក ជីម ម៉ាតទីស ត្រូវបានស្វាគមន៍ដោយប្រធានបក្សក្រុងហូជីមិញ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅក្រុងពាណិជ្ជកម្មភាគខាងត្បូងនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម