​រថយន្ត​និង​ម៉ូតូ​បុក​បន្តកន្ទុយ​គ្នា​រងរបួស​២​នាក់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

576
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹក​សុទ្ធតែ​តារា​សម្តែង​បើក​លឿន​ប្រញាប់​ទៅ​ថតកុន តែ​មិន​ដូច​បំណង បែ​ជា​ជ្រុល​ទៅបុក​ម៉ូតូ​សេ​១២៥ ពីក្រោយ​ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ ដួល​ខ្ទេច​រួញ​គូទ​ក្រោយ ប្តី​-​ប្រពន្ធ​២​នាក់​បោក​រងរបួស​។

ខណៈនោះ​មាន​ម៉ូតូ​កង់​បី​មួយគ្រឿង​ផ្សេងទៀត ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​គូទ​រថយន្ត​សាំ​យ៉ុង ដែល​កំពុង​ជួប​បញ្ហា​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ខ្ទេច​រួច​កង់​មុខ តែ​អ្នកជិះ​ពុំមាន​រងរបួស ។​

​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1P-7548 ជិះ​គ្នា​២​នាក់​ប្តី​-​ប្រពន្ធ ដំណើរ​ពី​កើ​តទៅ​លិច ។​លុះដល់​ចំណុច​ខាងលើ បាន​បើកភ្លើង​ស៊ីញ៉ូ ឆ្វេង ហើយ​ប្រពន្ធ​អង្គុយ​ពីក្រោយ​ក៏​លក​ដៃ​សញ្ញា ឆ្វេង​ទៅទៀត​។

តែ​មិនទាន់បាន​បត់​ផង ត្រូវបាន​រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-3471 ដឹក​សុទ្ធតែ​តារា​ថតកុន ប្រុស​ស្រី បើក​ស្រប​ទិស​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​រងរបួស​២​នាក់​។

​ឯ​ម៉ូតូ​ខ្ទេច​រួញ​កំណាត់​ក្រោយ ហើយ​ស្របពេលនោះ ស្រាប់តែ​ម៉ូតូ​កង់​បី​មួយគ្រឿង បើក​ពី​កើ​តទៅ​លិច​ស្រប​ទិស​ដែរ ជ្រុល​ទៅបុក​គូទ​រថយន្ត​បន្ថែមទៀត បណ្តាល​ឲ្យ​រថយន្ត​កំពិត​គូទ​ក្រោយ ម៉ូតូ​កង់​បី​បាក់​រួញ​កង់​មុខ តែ​មិន​បង្ក​ឲ្យ​មាន​រងរបួស ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​សម្រួល រាច​រណ៍ បាញ់ថ្នាំ​ចំណាំទុក យក​រថយន្ត​និង​ម៉ូតូ ទៅ​ដាក់​កៀន​ខាង​ចិញ្ចើមផ្លូវ ជៀសវាង​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ភាគី​ទាំង​៣ និយាយ​សម្របសម្រួល​គ្នា ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម