ស្គា​ល់ហើយ​!​រឿង​ផ្ទុះអាវុធ​នៅ​ខណ្ឌ​ច្បារអំពៅ​ធ្វើឱ្យ​ពលរដ្ឋ​ភ័យខ្លាច​ដួលសន្លប់​នោះ​គឺ​ប៉ូលីស​៧​នាក់​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​

784
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ជន​ស្លៀកពាក់​ស៊ីវិល​មួយក្រុម មាន​គ្នា​៧​នាក់​គឺជា​ប៉ូលីស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​ជា​អ្នក​ផ្ទុះអាវុធ​រហូតដល់​៦​គ្រាប់ ដើម្បី​បង្ក្រាប​បទល្មើស បែរជា​ធ្វើឱ្យ​ពលរដ្ឋ​ស្លូតត្រង់​២​នាក់​ដួលសន្លប់ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ទៅវិញ​។

​របាយការណ៍​ទើបបាន​ពី​នគរបាល​ខណ្ឌ​ច្បារអំពៅ បង្ហាញថា កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​២០៖៣០​នាទី កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រហែល​៧​នាក់ ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ស្រី​ម្នាក់​និង​ប្រុស​ម្នាក់ ។

​របាយការណ៍​បន្តថា ពេល​ឃាត់ខ្លួន​បាន​ហើយ នគរបាល​បាន​វៃ​ខ្នោះ ពេលនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​នោះ​នាំគ្នា​តវ៉ា​មិន​ព្រមឱ្យ​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ទេ​។​ពេលនោះ​ក៏មាន​ការ​ប្រទាញប្រទង់​គ្នា រួច​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​៥​ទៅ​៦​គ្រាប់ ជនសង្ស័យ​ទាំង​២​នាក់​នាំគ្នា​គេចខ្លួន រីឯ សមត្ថកិច្ច​បាន​ដក​កម្លាំង​ទៅវិញ​អស់ ។
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ រកឃើញ​សំបក​គ្រាប់​អាវុធខ្លី​ចំនួន​៤​សំបក និង ខ្នោះដៃ​មួយគូ ដែល​ប្រជាពលរដ្ឋ​ដោះ​ចេញពី​ជនសង្ស័យ ។

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ រិះគន់ ថា ពេល​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​បង្ក្រាប​បទល្មើស​បែ​ប​នេះ ធ្វើឱ្យ​ពលរដ្ឋ​មិនដឹងថា ជា​ករណី​អ្វី​ពិតប្រាកដ នោះទេ ហើយ​មានការ​ភ័ន្តច្រឡំ ថា ជា​ករណី​ប្លន់ ឬ ករណី​គំនុំ​អ្វី​ផ្សេង​ទៅវិញ ។ ប្រជាពលរដ្ឋ អ្នកឃើញ​ហេតុការណ៍ បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ដើរ​ចូលមក​ក្នុងភូមិ​កើតហេតុ​។

​មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយក្រុម​ស្លៀកពាក់​ស៊ីវិល​ពាក់មួក​សុវត្ថិភាព​បាំង​មុខ​ជិត មាន​ទាំង​រថយន្ត​មាន​ទាំង​ម៉ូតូ មិនដឹងថា​តាម​នារី​ជនជាតិ​វៀតណាម​រូបនេះ មកពីណា​ទេ ក៏​ឆ្មក់​ចូលមក​តាម​ក្រោយ ។​

ចំណែកឯ​នារី​ជនជាតិ​វៀតណាម​វិញ បាន​រត់​ឡើងផ្ទះ​ប្រជាពលរដ្ឋ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ​រត់​ដេញតាម​ចាប់​ទាំង មនុស្ស​ស្រី​ម្នាក់ និង​យុវជន​ម្នាក់ទៀត ដាក់​ខ្នោះ​ជាប់​គ្នា រួច​បម្រុង​នាំខ្លួន ចេញ​ក្រៅ​។​

​ស្រាប់តែ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះមក​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោឡើង​បង្ក​ការ​ភ្ញាក់​ពេញ​មួយ​ភូមិ នាំគ្នា​រត់​មករា​រាំង​សមត្ថកិច្ច​មិនឱ្យ​នាំខ្លួន​ចេញទៅ​ទេ ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើនពេក​ព្យាយាម រារាំង​មិនឱ្យ​សមត្ថកិច្ច​នាំមុខ​ជន​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ចេញ ទើប​សមត្ថកិច្ច​ផ្ទុះអាវុធ​បាញ់​ឡើងលើ​៣​គ្រាប់ ដើម្បី​បំបែកហ្វូង​ប្រជាពលរដ្ឋ​។

​តែ​នៅ​មិនអាច​បំបែក​បាន​ទើប​សមត្ថកិច្ច​បន្ត​បាញ់​ឡើងលើ​៣​គ្រាប់​ផ្ទួនៗ​គ្នា​ទៀត​ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មានការ​ភិន​ភ័យ នាំគ្នា​ស្រែក​ឆោឡោឡើង ទើប​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ នាំគ្នា​ដកខ្លួន​ចេញ​បាត់​អស់ពី​កន្លែងកើតហេតុ ដោយ​បន្សល់ទុក​ក្មេងស្រី​ម្នាក់ និង​មនុស្ស​ចាស់​ម្នាក់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ភិត​ភ័យញ័រ​ខ្លួន​ដួលសន្លប់​នៅ​កន្លែងកើតហេតុ ។​

​ប្រភព​បន្ថែមទៀតថា ក្រោយពី​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ទាំងនោះ​ចេញ​បាត់អស់​ទៅ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែកប្រា ចុះមក​សាកសួរ រួច​ដំណើរ​រឿងហេតុ និង​ជួយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​យក​អ្នក​ដែល​សន្លប់​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ