ព្រំ ធី ហៅ ឆេង ជា​យុទ្ធ​នារី​ចិញ្ចឹមសត្វ​នៅ​ពេទ្យ ព​-១៧

- ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព​លេខ D00090

1555
ចែករម្លែក

ដោយ​: ទ្រី សុជាតា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​

​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ​១៩៧៨
​ខ្ញុំ​ឈ្មោះ ព្រំ ធី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្បែង ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ តំបន់​៤១ ភូមិភាគ​ឧ​ត្ត​រ​ចាស់ ខេត្តកំពង់ធំ​។ គ្រួសារ​ខ្ញុំ​ជា​អ្នក​ធ្វើស្រែ​។ កាលពី​ឆ្នាំ ១៩៧០ តំបន់​ដែល​ខ្ញុំ​រស់នៅ​ត្រូវបាន​រំដោះ​ហើយ​។ ដល់​ឆ្នាំ​១៩៧២ ខ្ញុំ​ចូលធ្វើ​បដិវត្តន៍​តាម​ពូ ម៉ែន ដែលជា​ប្រធានភូមិ​។ ខ្ញុំ​ចូលមក​នៅ​មន្ទីរ​ឃុំ​សាន​គរ ខាង​ធ្វើស្រែ មាន ពូ​វ៉ង់ ជា​ប្រធាន​ក្រុម​។ ខ្ញុំ​នៅបាន​ប្រហែល​៣​ខែ ក៏​ចេញមក​ជីក​ប្រលាយ​នៅ​ស្រុក​សណ្តាន់​វិញ​។
​មកដល់​ពាក់កណ្តាល​ឆ្នាំ​១៩៧២ ខ្ញុំ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​កុមារ​ជីក​ប្រឡាយ​នៅ​មន្ទីរ​តំបន់​៤១ ក្រោម​ការដឹកនាំ​របស់​ពូ ផន​។ នៅបាន​ប្រហែល​១​ខែ ពូ​ផន បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​សរសេរ​ប្រវត្តិរូប​សង្ខេប​។ គាត់​សួរ​រឿងរ៉ាវ​របស់ខ្ញុំ ហើយ​បញ្ចុះបញ្ចូល​ខ្ញុំ​ថា ៖ “​មិត្ត​ត្រូវតែ​នៅ​ខាង​ខ្ញុំ ទើប​មិត្ត​បាន​នៅ​មន្ទីរ​នេះ បើ​មិត្ត​មិន​ចូល​ខាង​ខ្ញុំ​ទេ មិត្ត​ច្បាស់​ជា​ឃ្លាត​ពី​ទី​នេះហើយ​”​។ គាត់​ប្រាប់​ខ្ញុំ​ថា​៖ “​មិត្តឯង​កុំ​ធ្វើ​បដិវត្តន៍​អី ព្រោះ​ធ្វើ​បដិវត្តន៍​យ៉ាប់​ខ្លួន​ណាស់ ក្រីក្រ​អត់បាយ​ស៊ី ហើយ​អាយុ​ក៏​មិន​វែង​ដែរ​”​។ ខ្ញុំ​ក៏​ព្រមធ្វើ​ខ្មែរ​ស​ជាមួយ​គាត់ ដើម្បី​ឲ្យ​តែ​បាន​រស់​។ ពូ​ផន ប្រាប់ថា ៖ បើ​ខ្ញុំ​ព្រម ខ្ញុំ​ត្រូវធ្វើ​សកម្មភាព​ប្រឆាំង​បដិវត្តន៍ កាប់បំផ្លាញ​ភ្លឺស្រែ​។
​ខ្ញុំ​និង​គាត់​បាន​ទៅ​កាប់​ភ្លឺស្រែ​ចំនួន​២​កន្លែង​នៅ​ស្រែ​វាល​។ នៅ​ឆ្នាំ​ដដែល គាត់​បាន​ឲ្យ​ខ្ញុំ​ផ្លាស់​មក​នៅ​មន្ទីរពេទ្យ​យោធា​ភូមិភាគ​ឧ​ត្ត​រ​ចាស់​។ មុនពេល​ចេញដំណើរ គាត់​ផ្តាំ​ខ្ញុំ​ថា ៖ “​ពេលទៅដល់​មន្ទីរពេទ្យ ខ្ញុំ​ត្រូវ​ទាក់ទង​ជាមួយ​ឈ្មោះ សេត ជា​អនុប្រធាន​មន្ទីរពេទ្យ​ភូមិភាគ​ឧ​ត្ត​រ ព្រោះ​សេត ក៏​ជា​ខ្សែរ​រយៈ​របស់ខ្ញុំ​ដែរ​”​។ ប៉ុន្តែ​ក្រោយមក​បាន​៧​ថ្ងៃ ទើប ពូ​ផន ឌុប​កង់​ជូន​ខ្ញុំ​មក​នៅ​មន្ទីរពេទ្យ​យោធា​ភូមិភាគ​ឧ​ត្ត​រ​បារាយណ៍​។ ខ្ញុំ​មិនទាន់បាន​ស្គាល់ឈ្មោះ សេត ទេ​។ រហូតដល់​មួយ​សប្តាហ៍​ក្រោយមក​ទើប ពូ​ផន មក​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​គាត់​។ សេត ឲ្យ​ខ្ញុំ​ទៅ​ព្យាបាល​ជាមួយ​ឈ្មោះ ហ៊ាន ដើម្បី​បូម​ថ្នាំ​ចាក់​សម្លាប់​អ្នកជំងឺ​។ បន្ទាប់មក សេត បាន​ណែនាំ​ឲ្យ​ខ្ញុំ​ស្គាល់​ខ្សែរយៈ​របស់គាត់​៧​នាក់​ទៀត ដែល​ធ្វើការ​នៅក្នុង​មន្ទីរពេទ្យ​នេះ និង​នៅ​ចម្ការកៅស៊ូ​បារាយណ៍​។ ក្រោយមក ខ្ញុំ​ក៏​ទៅ​នៅ​ជាមួយ​ហ៊ាន​។ ហ៊ាន បាន​បូម​ថ្នាំ ៥cc ចាក់​ឲ្យ​អ្នកជំងឺ​ប្រកាច់​បែកពពុះមាត់​ស្លាប់​។

​ដល់​ឆ្នាំ​១៩៧៣ សេត បាន​ឲ្យ​ខ្ញុំ និង វ៉ាន (​ខ្សែរយៈ​ខាង​នារី​) ស្ងោរ​សឺ​រ៉ាំ​ង ដាក់​ទឹក​តិចជាង​ចំនួន​កំណត់​ធ្វើ​ឲ្យ​បែក​សឺ​រ៉ាំ​ង និង​ខូច​ម្ចុ​ល​អស់​។
​បន្ទាប់មក សេត បាន​ចាត់តាំង​ឲ្យ​ខ្ញុំ និង​មិត្ត​នារី​បីនាក់​ទៀត​ទៅធ្វើ​ការ​នៅ​ចម្ការកៅស៊ូ​។ យើង​បាន​បំផ្លិចបំផ្លាញ​ដើម​កៅស៊ូ​អស់​មួយចំនួន​។ ដល់​ចុងឆ្នាំ​១៩៧៣ បង​សេត បាន​ឲ្យ​ពួក​ខ្ញុំ​ប្តូរ​មក​ត្រង​ជ័រកៅស៊ូ​វិញ​។ គាត់​ប្រាប់​ឲ្យ​យើង​ដាក់​ចាន​ត្រង​កៅស៊ូ​រាក់ៗ ងាយ​នឹង​ជ្រុះ​បែក និង​កំពប់​ជ័រ​។ ក្រៅពី​ត្រង​ជ័រ គាត់​បញ្ជា​ឲ្យ​យើង​ទៅ​បោសសម្អាត​គល់​កៅស៊ូ​។ លើក​នេះ ខ្ញុំ​បោស​ស្លឹក​ក្រៀមៗ​ទៅ​ដា​ក់នៅ​គល់​ដើម​កៅស៊ូ រួចហើយ​ដុត​ឲ្យ​ឆេះ​អស់​ប៉ុន្មាន​ដើម​ធំៗ​។

​នៅ​ដើមឆ្នាំ​១៩៧៤ សេត បាន​ឲ្យ​ខ្ញុំ​ទៅ​នៅ​ជាមួយ​ឈ្មោះ ដឿ​ន ជា​ប្រធាន​ចម្ការកៅស៊ូ​ភូមិភាគ​ឧ​ត្ត​រ​។ គាត់​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ទាក់ទង​ជាមួយ​ឈ្មោះ ដឿ​ន​។ ដឿ​ន បាន​ឲ្យ​ខ្ញុំ​ទៅទាក់ទង​ជាមួយ​ខ្សែរយៈ​គាត់ ៤−៥ នាក់​ទៀត នៅ​ចម្ការកៅស៊ូ​ចម្ការអណ្តូង​។ គាត់​បាន​បញ្ជា​ឲ្យ​ខ្ញុំ និង​មិត្ត​៣​នាក់​ទៀត កាប់​ដើម​កៅស៊ូ​ដែល​កំពុង​ពេញជំទង់ និង​ដើមឈើ​ហូប​ផ្លែ​មួយចំនួនទៀត​។ ដល់​ចុងឆ្នាំ ខ្ញុំ​ត្រូវ​ប្តូរ​កន្លែង​ម្តងទៀត​ទៅ​នៅ​មន្ទីរ​សិល្បៈ ប​២០ ដែលមាន ភុំ ជា​ប្រធាន​។ គាត់​ក៏​ជា​ខ្សែរយៈ​របស់ ដឿ​ន ដែរ​។ ភុំ ប្រើ​ខ្ញុំ និង​នារី ឃាង ឲ្យ​ទៅ​ដាំ​ស្ពៃ តែ​គាត់​បញ្ជាក់ថា​ត្រូវ​ដាំ​គល់​ឡើងលើ​។ យើង​ធ្វើតាម​គាត់ ហើយ​ស្ពៃ​ងាប់​អស់​មួយ​រង​។
​ក្រោយ​ថ្ងៃ​រំដោះ​ទូទាំងប្រទេស អង្គការ​បាន​ដក​ខ្ញុំ និង​មិត្ត​ប្រាំ​នាក់​ទៀត​ទៅ​ដាក់​នៅ​មន្ទីរ​សង្គមកិច្ច ក​២​។ ភុំ បាន​ផ្តាំ​ថា ពេលទៅដល់​ទីនោះ កុំ​ភ្លេច​បំផ្លាញ​ថ្នាំពេទ្យ​របស់​អង្គការ ហើយ​ត្រូវ​ទាក់ទង​មក​គាត់ និង ដឿ​ន ផង ទោះជា​នៅក្រោម​ការដឹកនាំ​របស់ ធឿន ក៏ដោយ​។

​នៅ​មន្ទីរ​សង្គមកិច្ច ធឿន បាន​បញ្ជា​ឲ្យ​ខ្ញុំ និង​មិត្ត​បីនាក់​ទៀត យក​ថ្នាំ​ដេដេតេ ទៅ​បង់​ក្នុង​បាយ​សម្ល នៅ​កន្លែង​ដាំ​ស្ល​របស់​មន្ទីរ នៅ​ម៉ោង​៨​យប់ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​។ នៅ​យប់នោះ ខ្ញុំ​និង​នារី ឃាង បាន​យក​ថ្នាំ​ពី ធឿន​។ ពេល​ដើរ​ជិត​ដល់​ផ្ទះបាយ ស្រាប់តែ​ខ្ញុំ​ជួបនឹង ស៊ូ ដែលជា​ប្រធាន​មន្ទីរ​។ យើង​ក៏​សម្រេចចិត្ត​មិន​យក​ថ្នាំ​ដាក់ចូល​បាយ​សម្ល ព្រោះ​ខ្លាច​បែកការណ៍​។

​ដល់​ខែ​៦ ឆ្នាំ​១៩៧៥ ធឿន បាន​ហៅ​ក្រុម​យើង​ប្រាំ​នាក់មក​ប្រជុំ​។ គាត់​រៀប​ផែនការ​ឲ្យ យើង​ដើរ​គោះទ្វារ​ផ្ទះ​គេ​ពេលយប់ ដើម្បី​កុំ​ឲ្យ​គេ​ដេក​បាន​។ គាត់​ថា ធ្វើបែបនេះ អ្នក​ទាំងនោះ​នឹងមាន​អារម្មណ៍មិនល្អ បង្ក​ភាពស្មុគស្មាញ​ក្នុង​មន្ទីរ​។ សកម្មភាព​នេះ​បង្ក​ឲ្យ​មិត្ត​នារី​ដែល​ដេក​នៅក្នុង​មន្ទីរ​ភ័យ​ផ្អើល​អស់ពីរ​យប់​។ ក្រោយពី​បង្ករឿង​មិន​ឲ្យ​គេ​ដេក​ពួក ខ្ញុំ​និង​មិត្ត​បួន​នាក់​ដដែល បាន​យក​ពូថៅ​ទៅ​វាយ​ម៉ាស៊ីនបូមទឹក​មួយគ្រឿង​ខូច​ប្រើ​លែងកើត​។​

​មួយខែ​ក្រោយមក ធឿន បាន​ហៅ​យើង​ទាំង​បួន​ទៅ​ប្រជុំ​។ គាត់​និយាយថា ‘​មិត្ត​ជិត​បែក​ពី​ខ្ញុំ​ហើយ ពេលទៅដល់​មន្ទី​ពេទ្យ ត្រូវ​ទៅទាក់ទង​ជាមួយ​ឈ្មោះ សី ដែលជា​គណៈ​ពេទ្យ ព​-១៧ ហើយ​បើ​មាន​បញ្ហា​ក្តាប់​សភាពការណ៍​មិនបាន​យ៉ាងណា ត្រូវ​ប្រាប់​ឲ្យ​ខ្ញុំ​ដឹងផង​។ ២​ថ្ងៃ​ក្រោយមក យើង​ក៏​ធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ ព​-១៧​។​

​នៅទីនេះ អង្គការ​បាន​ចាត់​ឲ្យ​នារី ឃាង ទៅ​មន្ទីរពេទ្យ ព​-១ ខាង​ព្យាបាល​កុមារ ឈ្មោះ​ដន និង ធុន ទៅ​មន្ទីរ ព​-២ ចំណែក​ខ្ញុំ និង សៀន នៅ​មន្ទីរ ព​-១៧ នេះ​តែម្តង​។ ២−៣​ថ្ងៃ​ក្រោយមក សី បាន​ហៅ​ខ្ញុំ​ទៅ​សួរ​ប្រវត្តិរូប ហើយ​សួរ​បញ្ជាក់ថា ខ្ញុំ​ពិតជា​ខ្សែរយៈ​របស់ ធឿន មែន​ឬទេ​? ពេល​ប្រាកដ​ក្នុង​ចិត្ត​ហើយ គាត់​ក៏​នាំ​ខ្ញុំ​ទៅ​ជួប​មនុស្ស​៦​នាក់​ទៀត​ដែលជា​ខ្សែរយៈ​របស់គាត់​។

​មកដល់​ខែ​៣ ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវ​ផ្លាស់​ចេញពី​កន្លែង​កុមារ មក​នៅ​ខាង​ដាំ​ស្ល​វិញ​។ ក្នុង​ខែ​ដដែល សី បាន​ហៅ​ខ្ញុំ និង​ខ្សែរយៈ​គាត់​៦​នាក់​ទៀត​ទៅ​ប្រជុំ​នៅ​សាលា​មួយ មុខ​អគារ​ពេទ្យ​។ គាត់​រៀបរាប់​ផែនការ​ក្បត់​អង្គការ​ជាច្រើន​ដូចជា​តទៅ​៖
១) ខាង​សំណង់ ត្រូវធ្វើ​ឲ្យ​ខូច​ម៉ាស៊ីនបូមទឹក​ធុន​ធំ​
២) ខាង​ផ្នែក​ផ្ទះបាយ ត្រូវដាក់​ថ្នាំ​បំពុល​អ្នកជំងឺ​និង​ពេទ្យ​
៣) ផ្នែក​វះកាត់ ត្រូវ​ចាក់​ថ្នាំ​សន្លប់​ឲ្យ​ហួសកំណត់ ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​
៤) ផ្នែក​ជំងឺ​ភ្នែក ត្រូវ​លាង​ភ្នែក​អ្នកជំងឺ​ឲ្យ​ខូច​ខ្វាក់​
៥) ផ្នែក​ធ្មេញ ត្រូវ​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​ធ្វើ​ទុក ទៅជា​ល្ងីល្ងើ​

​ពេលនោះ ឈ្មោះ ម៉ៅ ដែល​ទទួលបន្ទុក​ផ្នែក​ផ្ទះបាយ​ជាមួយ​ខ្ញុំ បានផ្តល់​យោបល់​ឲ្យ​ប្រើ​ថ្នាំ​អង់ទ្រីន​ជំនួស​ម្សៅ​ដេដេតេ​វិញ​។ សី ក៏​យល់ព្រម​ដែរ​។ ២​ថ្ងៃ​ក្រោយមក ម៉ៅ បាន​ហៅ​ខ្ញុំ និង​មិត្ត​ដែល​ធ្វើការ​ក្នុង​ផ្ទះបាយ​ពីរ​នាក់​ទៀត មក​និយាយ​ពី​ផែន​ការយក​អង់ទ្រីន​ទៅ​ដាក់​ក្នុង​ទឹក​សម្រាប់​ដាំ​ស្ល​។ ស្អែក​ឡើង​ពេល​ល្ងាច យើង​ទាំងបី​បាន​យក​ថ្នាំ​ទៅ​ដាក់​ក្នុង​ទឹក នៅពេល​អ្នកដាំបាយ​មិន​នៅ​កន្លែង​។ ដល់​ថ្ងៃ​ឡើង អ្នកជំងឺ​នៅ​ជាន់​ទី​៥ និង​ពេទ្យ​ដែល​ហូបបាយ​ទាំង​ប៉ុន្មាន ពុល​ទាំងអស់ ប៉ុន្តែ​ត្រូវបាន​គេ​ព្យាបាល​ទាន់​។ ក្រោយមក ខ្ញុំ​បាន​ឮថា​ឈ្មោះ ភា នៅ​ខាង​ផ្នែក​ជំងឺ​ទូទៅ បាន​ចាក់​ថ្នាំ​សម្លាប់​អ្នកជំងឺ​អស់​៥​នាក់​។​
​ខែ​៥ ឆ្នាំ​១៩៧៦ ម៉ៅ កោះប្រជុំ​ម្តងទៀត និយាយ​ពី​រឿង​ដាក់​ថ្នាំ​ក្នុង​ទឹក​ដដែល​។ ២​ថ្ងៃ ក្រោយមក ម៉ៅ យក​ថ្នាំ​មក​ឲ្យ​ខ្ញុំ​យកទៅដាក់​ក្នុង​ខ្ទះ​ទឹក នៅពេល​យប់​គ្មាន​មនុស្ស​។ ព្រឹក​ឡើង ខ្ញុំ​ប្រាប់​ទៅ​ខ្សែរយៈ​ដែល​នៅ​ដាំបាយ​មិន​ឲ្យ​ដងទឹក​ចេញ​ច្រើនពេក​ទេ ព្រោះ​ខ្លាច​អស់​ជាតិ​ថ្នាំ​។ ពេល​ហូបបាយ ខ្ញុំ​ក៏​ប្រាប់​ឲ្យ​អ្នក​ដួស​បាយ​ដួស​ឆ្នាំង​ដែលមាន​ថ្នាំ​មុនគេ​។ អ្នក​ដែល​មក​ហូបបាយ​ទាំង​ប៉ុន្មាន​សុទ្ធតែ​ពុល​ក្បែរ​នឹង​ស្លាប់​។​

​ក្រោយមកទៀត ម៉ៅ ហៅ​ខ្សែរយៈ​ចាស់ៗ​មក​ប្រជុំ​ដើម្បី​ណែនាំ​ឲ្យ​ស្គាល់​ជាមួយ​ខ្សែរយៈ​ថ្មី ៥​នាក់​ទៀត​នៅ​មន្ទីរពេទ្យ ព​-១៧ នេះ​។ លើក​នេះ ម៉ៅ លែងយក​អង់ទ្រីន​ទៅ​បង់​ក្នុង​ទឹក​ទៀតហើយ​។ ម៉ៅ បញ្ជា​ថា មិត្ត​ត្រូវយក​ថ្នាំ​ចាក់​ទៅ​លាយ​ជាមួយ​អង់ទ្រីន​សិន សឹម​ចាក់​ឲ្យ​អ្នកជំងឺ​។ ចំពោះ​ថ្នាំ​គ្រាប់ មិត្ត​ត្រូវ​យកទៅ​ប្រឡាក់​ឲ្យ​ជាប់​នឹង​ទឹក​អង់ទ្រីន មុននឹង​យកទៅ​ចែក​ឲ្យ​អ្នកជំងឺ​។ អ្នក​នៅ​ចិញ្ចឹមសត្វ ត្រូវដាក់​ថ្នាំ​បំពុល​ជ្រូក ឬ​ទាញ​កទា​ឲ្យ​ងាប់​។ ចំណែក​អ្នក​ដាំ​ស្ល ចាំ​បំផ្លាញ​ចាន ឆ្នាំង និង​សម្ភារ​ផ្សេងៗ​។ ក្រោយពី​ការប្រជុំ សកម្មភាព​បំផ្លិចបំផ្លាញ​សម្ភារ និង​សម្លាប់សត្វ ក៏​កើត​ឡើងជា​បន្តបន្ទាប់​។

​ដើមឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវបាន​ដក​ពី​កន្លែង​ដាំ​ស្ល ទៅ​ដា​ក់នៅ​កន្លែង​ចិញ្ចឹមសត្វ​វិញ​។ ឯ​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​គ្មានអ្វី​ក្រៅពី​ការបំពុល​ជ្រូក​ទេ​។ ខ្ញុំ​ធ្វើ​ឲ្យ​ជ្រូក​ងាប់​អស់​១០​ក្បាល និង​មេ​ជ្រូក​មួយទៀត​ដែល​កំពុងតែ​មានកូន​ក្នុង​ពោះ​។​
​នៅ​ខែ​៤ ឆ្នាំ​១៩៧៧ ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ ហើយ​ត្រូវ​មក​ដេកពេទ្យ​ព​-១៧ ជាន់​ទី​៣​។ សី បាន​ប្រាប់ថា ពេល​នៅ​មន្ទីរពេទ្យ ខ្ញុំ​ត្រូវ​ខូច​សីលធម៌​ជាមួយ​យុទ្ធជន ហើយ​បើ​មានឱកាស ត្រូវ​ចាក់​ថ្នាំ​សម្លាប់​អ្នកជំងឺ​ឬ​ធ្វើ​ឲ្យ​អាប់​សែ​។
​ពេលយប់ ខ្ញុំ​ជួយ​យាម​ពេទ្យ​។ ខ្ញុំ​បាន​លួច​ចូល​មុង​យុទ្ធជន​ពីរ​នាក់​ដែល​ខ្ញុំ​មិនដែល​ស្គាល់​ពីមុន​សោះ​។ យើង​ក៏បាន​ខុសសីលធម៌​ជាមួយគ្នា​ក្នុង​យប់នោះ​។ មកដល់​ខែ​៥ ខ្ញុំ​បាន​ទាក់ទង តាម​សំបុត្រ​ជាមួយ​យុទ្ធជន​៣​នាក់​ទៀត​។ ខ្ញុំ​ក៏មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ទាំងបី​នេះ ដូច​យុទ្ធជន​២​នាក់​ខាងលើ​ដែរ​។

​មួយខែ​ក្រោយមក ខ្ញុំ​បាន​ចាក់​ថ្នាំ​សម្លាប់​នារី​២​នាក់​ដែលជា​អ្នកជំងឺ​នៅ​ជាន់​ទី​៣​។ ពេល​ចេញពី​ពេទ្យ ត្រឡប់​ទៅ​កន្លែង​ចិញ្ចឹមសត្វ​វិញ ខ្ញុំ​បាន​ទៅ​បំផ្លាញ​រង​ស្ពៃ និង​វាយ​ទា​ដែល​ខ្ញុំ​ចិញ្ចឹម​ផ្ទាល់ដៃ​ងាប់​អស់​៧​ក្បាល​។​
​មកដល់​ដើមឆ្នាំ​១៩៧៧ ថ្ងៃ​មួយពេល​ខ្ញុំ​កំពុង​ដាក់​ថ្នាំ​បំពុល​ជ្រូក​ជាមួយ​មិត្ត​ម្នាក់​ឈ្មោះ វ៉ុ​ន ស្រាប់តែ​កុមារ​ម្នាក់​ឈ្មោះ ខន មក​សួរថា ខ្ញុំ​កំពុង​ដាក់​អ្វី​? ខ្ញុំ​កុហកថា វា​ជា​ថ្នាំ​ធ្វើ​ឲ្យ​ជ្រូក​ធាត់​។ ក្មេង​នោះ​នៅតែ​ឈរ​មើល​មិន​ព្រម​ដើរចេញ​សោះ​។ ជ្រូក​ស៊ី​ចំណី​តែមួយ​ភ្លែត​ក៏​ដួល​ងាប់​អស់ ក្មេង​នោះ​ក៏​រត់​រាយការណ៍​ជូន​អង្គការ​។
៣​ថ្ងៃក្រោយ អង្គការ​ក៏​ចាប់ខ្លួន​ខ្ញុំ​។ ថ្ងៃនេះ​គឺ ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​១៩៧៨ ហើយ​សំណេរ​ខាងលើ ជា​ចម្លើយសារភាព​របស់ខ្ញុំ​។ ព្រំ ធី​

​កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​ស​ន្និ​ដ្នា​ន​បាន​ថា ចម្លើយ​របស់ ព្រំ ធី ហៅ ឆេង ពិត​ឬ​យ៉ាងណា​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម