អ៊ីស្រាអែល​វាយប្រហារ​គោល​ដៅ​របស់​ក្រុម​ហា​ម៉ាស​នៅ​ហ្កា​ហ្សា​ក្រោយ​ការបាញ់​រ៉ុក្កែត​ចូល​អ៊ីស្រាអែល​

1091
ចែករម្លែក

យោធាអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលបានវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្រ្ទីបកាលពីថ្ងៃពុធទី១៧តុលា នៅក្នុងការឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតចេញពីទឹកដីប៉ាឡេស្ទីនដែលបានបង្កការខូចខាតនៅក្នុងទីក្រុងភាគខាងត្បូងមួយរបស់អ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបានអះអាងថាខ្លួនបានទប់ស្កាត់គ្រាប់រ៉ុក្កែតទី២ និងយន្តហោះរបស់ខ្លួនបានវាយប្រហារលើគោលដៅនៅហ្កាហ្សា ជាការសងសឹក

ការវាយប្រហារនេះកើតឡើងចំពេលមានភាពតានតឹងសាជាថ្មីរវាងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដែលបង្កការព្រួយបារម្ភអំពីការកើតមានជម្លោះថ្មីមួយនៅក្នុងតំបន់។

យោធាអ៊ីស្រាអែលបាននិយាយថា” យន្តហោះអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារគោលដៅនៅហ្កាហ្សាស្រ្ទីប”ខណៈក្រុមមេដឹកនាំហាម៉ាសនិយាយថាទីតាំងចំនួន៦ត្រូវបានវាយប្រហារ តែមិនបាននិយាយអំពីការខូចខាត រងរបួសឬស្លាប់មនុស្សទេ។

មុននោះប៉ុន្មានម៉ោង គ្រាប់រ៉ុក្កែតមួយបានធ្លាក់ចូលទីក្រុងបៀសេបា ។វាត្រូវបានបាញ់ចេញពីទឹកដីប៉ាឡេស្ទីន តែមិនមានរបាយការណ៍អំពីការស្លាប់ឬរងរបួសមនុស្សនៅក្នុងទីក្រុងនេះទេ។វាមិនច្បាស់ថាតើនរណាបាញ់គ្រាប់រ៉ុក្កែតនេះតែយោធាអ៊ីស្រាអែលតែងអោយក្រុមប្រដាប់អាវុធហាម៉ាសទទួលខុសត្រូវចំពោះការបាញ់គ្រាប់រ៉ុក្កែតទាំងអស់ចេញពីហ្កាហ្សានិងតែងតែឆ្លើយតបវិញ។

វាកើតឡើងបន្ទាប់ពីមានការតវ៉ាប្រឆាំងរបស់ជនប៉ាឡេស្ទីននៅហ្កាហ្សាអស់ពេលរាប់ខែមកហើយប្រឆាំងនឹងការរាំងខ្ទប់របស់អ៊ីស្រាអែលនិងទាមទារវិលទៅកាន់ទឹកដីចាស់របស់ពួកគេដែលអ៊ីស្រាអែលកំពុងកាន់កាប់។យ៉ាងតិចមានជនប៉ាឡេស្ទីន២០៥នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមការតវ៉ានៅតាមរបងព្រំដែនហ្កាហ្សានិងអ៊ីស្រាអែលកាលពីថ្ងៃ៣០មីនាឆ្នាំ២០១៨។ក្នុងរយៈពេលដូចគ្នា មានតែទាហានអ៊ីស្រាអែលម្នាក់គត់ត្រូវបានសម្លាប់ពីការលបបាញ់ប្រហារពីខាងប៉ាឡេស្ទីន។

អ៊ីស្រាអែល ចោទប្រកាន់ក្រុមហាម៉ាសដែលកាន់កាប់តំបន់ហ្កាហ្សា ថាជាអ្នកដឹកនាំការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល។រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារទី១៦តុលាថា ការប្រឆាំងតវ៉ានេះមិនអាចអនុញ្ញាតអោយបន្តទៅទៀតទេ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម