មាន​ករណី​ប្លន់​អ្នករត់​ហាត់ប្រាណ នៅ​សៀមរាប​តែ​មិនបាន​សម្រេច​

804
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ស្ទាក់​ប្លន់ ដោយ​ប្រើ​កាំបិត​ប៉ាង​តោ​ខណ​:​កំពុង​រត់​ហាត់ប្រាណ តែ​មិនបាន​សម្រេច​នោះទេ លុះ​ពេល​បន្ទាប់​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​។​ ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែតុលា នៅ​ចំណុច សាលា​ឆក​ទាន​ថ្ម ពាក់កណ្តាល​ភ្នំ តាមផ្លូវ​ឡើងលើ​ខ្នងភ្នំ​ក្រោម ស្ថិតក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។

​តាម​ការ​បញ្ចាក់​របស់​លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ បានអោយដឹងថា ៖ ជនរងគ្រោះ​មានឈ្មោះ សុខ ខៀន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ ភូមិ​ពោធិ៍​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​។ ស្ត្រី​រងគ្រោះ​តែង​បាន​រត់​ហាត់ប្រាណ​ជាប្រចាំ​នៅលើ​ខ្នងភ្នំ​ក្រោម​។ រីឯ​ជនសង្ស័យ​មានឈ្មោះ នុត សំ ហៅ ឃ្លោក អាយុ​១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​៣ សង្កាត់ ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។ មាន​ម្ដាយ​ឈ្មោះ ឡ​ម លៀង និង​ឪពុក ឈ្មោះ នុត សុំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​៣ សង្កាត់ ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​បន្តថា នៅពេល​ជនរងគ្រោះ​រត់​ហាត់ប្រាន​មកដល់​ចំនុច​ខាងលើ ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​កាំបិត​ប៉ាង​តោ មក​គំរាម សំឡុត​យកប្រាក់ និង​ខ្សែរ​ដៃ ហើយ​មាន​ការប្រតាយប្រតប់គ្នា បណ្តាលឲ្យ​ជនរងគ្រោះ​របួស​ដៃ​ទាំងពីរ (​ស្រាល​)​។ ជនរងគ្រោះ​បាន​រត់​ចុះមក​ក្រោម​ដើម្បី ប្តឹង​សម​ត្តិ​កិច្ច​ដែល​នៅ​ប្រចាំការ​នៅ​គោលដៅ​នោះ ។

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កំលាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ដែល​ប្រចាំការ​នៅ​តំបន់​នោះ បាន​សហការ​ជាមួយប្រជា​ការពារ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក៏បាន​ឡើង​ល្បាត​តាម ទៅលើ​ភ្នំ តែ​មិនឃើញ​។​ប៉ុន្តែ​ដោយ​ជនរងគ្រោះ ធ្លាប់​ឲ្យប្រាក់ និង​បាន​ស្គាល់​ជនសង្ស័យ​ច្បាស់ ទើប​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​បាន​នៅផ្ទះ​របស់ខ្លួន ។ ក្នុង​គ្រានោះ​ជនសង្ស័យ​បាន​យក​កាំបិត​ទៅ​លាក់ទុក​នៅ ចំណុច​ខាងលិច​ជ្រុង​ខាងជើង​ខឿន​ប្រាសាទ លើ​ខ្នងភ្នំ​ក្រោម ។ បន្ទាប់ពី កំលាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ពាក់ព័ន្ធ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សៀមរាប យកទៅ​សាកសួរ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕​B

ជនរងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម