​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ទៅដល់​ទីក្រុង​ប្រ៊ុ​ច​ហ្សែ​លប្រទេស​បែ​ល​ហ្សិ​ចដោយ​សុ​វត្តិភាព​កាលពី​ម៉ោងជិត​១​រសៀល​នេះ

1141
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ដល់ ទីក្រុង​ប្រ៊ុ​ច​ហ្សែ​ល​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ​នៅវេលា​ម៉ោង​៧៖៤០នាទីព្រឹក​ថ្ងៃទី ១៧ ខែតុលា ម៉ោង​នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​ហ្សែ​ល​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ត្រូវ​នឹង​ម៉ោងប្រមាណជាង១២៖៤០នាទីរសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ ២០១៨ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​សុ​វត្តិភាពនឹងត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បង​​ប្អូន​ប្រជា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ច និង សហគមន៍​អឺរ៉ុប ។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋា ភិ បាល​កម្ពុជា​ចាក​ចេញពី​ប្រ​ទស​កម្ពុជានៅ​ម៉ោងជាង​១២៖២០រំលង​អា​ធ្រា​ត្រ​ថ្ងៃទី១៦ ឈានចូល​ថ្ងៃទី១៧ ខែ តុលា ឆ្នាំ​២០១៨ ។

​ការអញ្ជើញ​ទៅកាន់​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​នាពេលនេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក Donald Tush ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​និង​លោក Jean Claude Juncher ប្រធាន​គណៈ​កម្ម ការ​អឺរ៉ុប ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី១២នឹងប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​អឺរ៉ុប​និង​អាស៊ី​៖​ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​»​មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ រវាង​តំបន់​អាស៊ី​និង​អឺរ៉ុប​ខណៈដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​នឹង​ជួបពិភាក្សា ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី​, លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​, លោក Viktor Orbán នាយករដ្ឋមន្ត្រី​ហុង​គ្រី​, លោកស្រី Erna Solberg នាយករដ្ឋមន្ត្រី​ន័​រវេ​ស​, លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក​និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ និង សិស្ស​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​បែ​ល ហ្ស៊ិ​ក​ផងដែរ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម