អាជ្ញាធរ​ខណ្ឌដង្កោ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​២​ខ្សែ​ជូន​ប្រជាពលរដ្ឋ​សង្កាត់​ព្រៃវែង​និង​សង្កាត់​ពងទឹក​

855
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​កាលពី​រសៀល​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​និង​ជា​អភិបាល​ខណ្ឌដង្កោ រួមជាមួយ​លោក​អភិបាលរង លោក​អធិការនគរបាល​ខណ្ឌ មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ភូមិ បាន​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន ២​ខ្សែ មាន​ប្រវែង​សរុប ៨០៦​ម៉ែត្រ ដែលជា​គម្រោង​មូលនិធិ​អភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​ព្រៃវែង និង​សង្កាត់​ពងទឹក​។​
​មន្ត្រី​ជំនាញ​ឱ្យដឹងថា​៖ ផ្លូវ​ខ្សែ​ទី​១ ប្រវែង ៤៥៥​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កំរៀង សង្កាត់​ព្រៃវែង និង​ខ្សែ​ទី​២ ប្រវែង​៣៥១​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ស្ថិតក្នុង​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក​។​
​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​បានធ្វើ​ការលើកឡើង​អំពី​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយគ្នា​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង បានគិត​គូរ​អំពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ផ្លូវ​បេតុង​ថ្មី ២​ខ្សែ ក្នុង​សង្កាត់​ទាំង​២​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ប្រកប​របរ​ចិញ្ចឹម ជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​សោភ័ណភាព នៃ​ការរស់នៅ​ផងដែរ​។​
​ជាមួយ​គ្នាះ​ដែរ​លោក​អភិបាលខណ្ឌ បានធ្វើការ​ថ្លែង អំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រៃវែង និង​សង្កាត់​ពងទឹក ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ដើម្បី​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព ការអភិវឌ្ឍ និង​សុខសន្តិភាព​។​
​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខណ្ឌ​ក៏បាន​ណែនាំ ដល់​ក្រុមហ៊ុន​សូម យកចិត្តទុកដាក់​អនុវត្ត​គម្រោង​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់ ដើម្បី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ ជាមួយគ្នា​ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ចំពោះ​ផលប៉ះពាល់​តិចតួច ដែល​បណ្តាលមកពី​ការស្ថាបនា​ផ្លូវ ដើម្បី​ឲ្យ​ផ្លូវ​នេះ​បាន​ឆាប់​រួចរាល់ និង​មានគុណ​ភាពល្អ ប្រើប្រាស់​បានយូរ​អង្វែង​។​
​ជាការ​ឆ្លើយតប​នោះ បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើការ​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូ​អំពី​ការលំបាក​របស់​ពួកគាត់ ហើយ​ផ្លូវ​ទាំង​២​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពួកគាត់​យ៉ាងច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម