ប្រជា​ពល​រងគ្រោះ​៤០០​គ្រួសារ មកពី​៣​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម

1030
ចែករម្លែក

​ដោយ​: បាយ័ន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំន​នួន​៤០០​គ្រួសារ មកពី​៣​ឃុំ ក្នុងស្រុក​ប្រាសាទបាគង រួមមាន​ឃុំ​បល្ល័ង្ក​, ឃុំ​អំពិល និង ឃុំ​កន្ទ្រាំ​ង ស្មើនឹង​២០​ភូមិ ដែលមាន​មុខរបរ​ជា​កសិករ បាន​ជួប​នូវ​កង្វះខាត​នូវ​ស្បៀងអាហារ​ប្រចាំថ្ងៃ បានទទួល​អំណោយ​មនុស្សធម៌ ពី​សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន តាមរយៈ​សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្តសៀមរាប ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​២៥ គីឡូក្រាម , មី​១​កេស , ទឹកត្រី​១​យួរ , ត្រីខ​១​យួរ និង​ថវិកា​មួយចំនួន​។​

​លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្តសៀមរាប បាន​និយាយថា កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មនុស្សធម៌​ធំជាងគេ​នៅក្នុង​ប្រទេស ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជា​ប្រធាន ហើយ​បាន​នឹង​កំពុង​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ជួយ​សម្រាល​ទុក្ខលំបាក​ដ​ល់​ប្រជា​ពល រដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​គណៈ​អភិបាល ក្រុម​ប្រតិបត្តិ អ្នកស្ម័គ្រចិត្ត ចាប់តាំងពី​ថ្នាក់ជាតិ​រហូតដល់​សហ​គម​ន៍​មូលដ្ឋាន ដោយមាន​ការសហការ​ពី​អាជ្ញាធរ​សាធារណ​ណៈ គ្រប់លំដាប់​ថ្នាក់ ដៃគូ​សហប្រតិបត្តិការ ស្ថាប័ន​ពាក់ព័ន្ធ សប្បុរស​ជនជាតិ និង​អន្តរជាតិ​។

​លោក​បាន​លើ​ឡើង​ថា កាកបាទក្រហមកម្ពុជា ក៏ដូចជា​អាជ្ញាធរ​សាធារណៈ​គ្រប់លំដាប់​ថ្នាក់ ក៏​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឱ្យស្លាប់​ដោយ​អត់​អាហារ​ឡើយ ដូចដែល​បាន​លើកឡើងថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិ​ទុក​នរណាម្នាក់​ចោល និង ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដូច្នេះហើយ​អាជ្ញាធរ​នៅ​គ្រប់​លំដាប់ថ្នាក់ សំខាន់​កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ជាពិសេស​គ្រួសារ​ទីទ័លក្រ ចាស់ជរា​គ្មាន​ទីពឹង ជនពិការ ស្ត្រី ម៉េ​ម៉ា​យ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារកំព្រា​។

លោក​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​សប្បុរសជន នៃ​សមាគម វី ឆាយ​រី​ថេប​ល ហ្វោ​ន​ដេ​សិន ដែលមាន​សន្ដាន​ចិត្ត​មនុស្សធម៌ ក្នុងការ​ចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ជាក់ស្តែង​ក្នុងការ​ចុះមក​ផ្ទាល់​ដល់​មូលដ្ឋាន ទោះបី​ការធ្វើដំណើរ​ឆ្ងាយ​មានការ​លំបាក​យ៉ាងណាក៏ដោយ ក្នុង​ទឹកចិត្ត​មនុស្សធម៌​ចំពោះ​ប្រជាជន​កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម