រថយន្ត​ដឹក​ទឹកដោះគោ​បែក​កង់​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​កាត់​ទទឹងផ្លូវ​

1015
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ដឹក​ទឹកដោះគោ​ក្រដាស​មួយគ្រឿង បាន​បែក​កង់​ខាងក្រោយ​ចំហៀង​ខាងស្តាំ រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង​កណ្តាលផ្លូវ​ចាក់​ទឹកដោះគោ​ចោល និង​ហូរ​ប្រេង​ចេញពី​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​គា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W 4654 បើកបរ​ដោយ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ពី​ជើង​មក​ត្បូង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​បែក​កង់​ខាងក្រោយ​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង​កណ្តាលផ្លូវ​តែម្តង សំណាង​ណាស់​គ្មាន​នរណាម្នាក់​របួស​អ្វី​នោះទេ គ្រាន់តែ​ចាក់​ទឹកដោះគោ​ចេញពី​ក្នុង​ឃ្លុប​រថយន្ត និង​ហូរ​ប្រេង​ប្រឡាក់​ផ្លូវ ហើយ​រង​ការខូចខាត​រថយន្ត​យ៉ាងដំណំ​តែប៉ុណ្ណោះ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ដោយសារតែ​ករណីនេះ​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​ខាង​រថយន្ត​ដឹក​ទឹកដោះគោ​ខាងលើ ហៅ​រថយន្ត​មួយគ្រឿង​ទៀត​មក​ផ្ទេរ​ទឹកដោះគោ​ចេញ និង​ហៅ​រថយន្តស្ទូច ស្ទូច​យក​រថយន្ត​ខាងលើ​ទៅធ្វើ​ការជួសជុល​ដោយ​ខ្លួនឯង គ្រាន់តែ​យក​ខ្សាច់​មកចាក់​លុប​ប្រេងម៉ាស៊ីន​ដែល​ហូរ​កាត់​ផ្លូវ​តែប៉ុណ្ណោះ ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកធ្វើដំណើរ​ផ្សេងទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម