ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ ត្រូវបាន​ស្នើឱ្យ​មានការ​ប្រជុំ​អំពី​បញ្ហា​មី​យ៉ាន់​ម៉ា​

3237
ចែករម្លែក

សហរដ្ឋអាមេរិកនិងប្រទេស៨ផ្សេងទៀតកាលពីថ្ងៃអង្គារទី១៦តុលាបានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យរៀបចំកិច្ចប្រជុំមួយអំពីប្រទេសមីយ៉ាន់ម៉ាដើម្បីស្តាប់ការលើកឡើងពីក្រុមបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដែលបានចោទប្រកាន់កងទ័ពរបស់ប្រទេសនេះថាបានប្រព្រឹត្តអំពើឃោរឃៅប្រឆាំងក្រុមជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។

សំណើនេះទំនងជាត្រូវបានជំទាស់ប្រឆាំងដោយប្រទេសចិនដែលមានចំណងមិត្តភាពជាមួយយោធាមីយ៉ាន់ម៉ា។

ប្រទេសទាំង៩នេះ បាននិយាយនៅក្នុងលិខិតរួមគ្នាមួយថា ប្រធានបេសកកម្មស្វែងរកការពិតនេះត្រូវផ្តល់ការជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខនេះដើម្បីអនុញ្ញាតឱ្យខ្លួនទទួលបានព័ត៌មានបន្ថែមទៀតអំពីស្ថានភាពនេះ និងផលប៉ះពាល់របស់ខ្លួនចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។

ក្រុមបេសកកម្មស្វែងរកការពិតនេះ បានចេញផ្សាយរបាយការណ៍ដ៏ភ្ញាក់ផ្អើលមួយកាលពីខែមុនដែលបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនេះលើកយកបញ្ហានៃស្ថានភាពមីយ៉ាន់ម៉ាទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេឬបង្កើតសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិពិសេសមួយដូចដែលបានធ្វើជាមួយ អតីតប្រទេសយូហ្គោស្លាវី។

ក្រុមបេសកកម្មស្វែងរកការពិតនេះ បាននិយាយថាឧត្តមសេនីយ៍មីយ៉ាន់ម៉ាជាន់ខ្ពស់ច្រើននាក់ដោយរួមទាំង លោកMin Aung Hlaing អគ្គមេបញ្ជាការមីយ៉ាន់ម៉ាត្រូវតែបានដាក់ក្នុងការស៊ើបអង្កេតនិងចោទប្រកាន់ចំពោះអំពើប្រល័យពូជសាសន៍នៅរដ្ឋរ៉ាឃីន។

មីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់ដែលថាកងទ័ពរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅក្នុងការបង្ក្រាបកាលពីឆ្នាំមុន ដែលបានបង្ខំអោយជនរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់ រត់ភៀសខ្លួនឆ្លងកាត់ព្រំដែនទៅប្រទេសបង់ក្លាដែស។

ប្រទេសអង់គ្លេស បារាំង ប៉េរូ ស៊ុយអែត កូតឌឺវ័រ ហូឡង់ ប៉ូឡូញ និង កូវ៉ែត បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការស្នើឱ្យមានកិច្ចប្រជុំនេះដែលនឹងប្រព្រឹត្តទៅនៅខែតុលានេះ។

ការគាំទ្រពីប្រទេសចំនួន៩សម្រាប់សំណើនេះមានន័យថាប្រទេសចិនទំនងជាមិនអាចរារាំងកិច្ចប្រជុំតាមរយៈការបោះឆ្នោតតាមនីតិវិធីនោះទេ។ ការបោះឆ្នោតគាំទ្រចំនួន៩ប្រទេស(៩សំឡេងគាំទ្រ) ត្រូវបានតម្រូវឱ្យមាននៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានប្រទេសជាសមាជិកចំនួន១៥នេះ ដើម្បីអនុម័តសំណើផេ្សងៗនៃរបៀបវារៈ ហើយការបោះឆ្នោតវ៉េតូមិនអនុវត្តទេ៕ដោយ:វាសនា

មីយ៉ាន់ម៉ាច្រានចោលការចោទប្រកាន់ដែលថាកងទ័ពប្រព្រឹត្តអំពើឃោរឃៅក្នុងការបង្ក្រាបកាលពីឆ្នាំមុន ដែលបង្ខំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស

ទីតាំងផ្សាយពាណិជ្ជកម្ម