​មតិ​ចម្រុះ​ក្រោយ​ប្រេង​ឡើងថ្លៃ​ជា​បន្តបន្ទាប់​

1300
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ក្រោយ​ទទួល​ព័ត៌មាន​ពី​តម្លៃ​ប្រេងឥន្ធនៈ​បាន​ហក់​ឡើង​បន្តទៀត​ចាប់ពី​ថ្ងៃទី​១៦​ដល់​៣១​ខែតុលា​ឆ្នាំ​២០១៨​។​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ផ្សេងៗ​គ្នា​បាន​ត្អូញត្អែរ​និង​ធ្វើការ​សំណូម​ដល់​រាជរដ្ឋាភិបាល​មេត្តាជួយ​សម្រួល​ធ្វើយ៉ាងណា​កុំ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ទៀត​ដែល​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​ការចំណាយ​នានា​ប្រចាំថ្ងៃ​។​

​លោក​សា​វី​ដែលមាន​មុខរបរ​ត់​ម៉ូតូ​កង់​បី​រយៈពេល​៥​ឆ្នាំ​នៅ​ក្រុងភ្នំពេញ​បាន​រៀបរាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ប្រសិនបើ​ប្រេងសាំង​នៅតែ​បន្ត​ឡើងថ្លៃ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់លោក​។ ដោយ​ក្នុង​មួយថ្ងៃ​លោក​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​ពី​៥០.០០០ ទៅ​៦០.០០០​រៀល​ប៉ុណ្ណោះ និង​ចំណាយ​លើ​ការចាក់​សាំង​ចំនួន​៣​លីត្រ​ក្នុង​មួយថ្ងៃ​។​

​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ម្នាក់ទៀត​ឈ្មោះ មុត សា​ធិ បច្ចុប្បន្ន​រស់នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ​ទទួល​ប្រាក់​ពី​ឳ​ពុក​ម្តាយ​ចេញពីផ្ទះ​មក​សាលា​ប្រមាណ​២០.០០០​រៀល​រួមជាមួយ​ថ្លៃ​សាំង​។​យុវជន​រូបនេះ​បន្តទៀតថា​បើសិន​សាំង​នៅតែ​ឡើងថ្លៃ​នោះ​នឹង​គ្មាន​ប្រាក់​សល់​ដើម្បី​សន្សំ​និង​សម្រាប់​ចាយវាយ​លើ​ថ្លៃ​អាហារ​ហូបចុក​ក្រោយ​ចេញពីផ្ទះ​។​

​ដោយឡែក​ពលរដ្ឋ​រត់​ម៉ូតូឌុប​ស្ថិតនៅ​តំបន់​ខណ្ឌដូនពេញ​ក្រុងភ្នំពេញ​ឈ្មោះ​ទី​លើកឡើងថា​ក្រៅពី​ថយ​ចំណូល​ប្រចាំថ្ងៃ​ដោយសារ​មាន​អ្នករត់​ម៉ូតូ​កង់​បី​កើន​ឡើងជា​ហូរហែរ​។​ស្រប​ពេលដែល​ប្រេងសាំង​ឡើងថ្លៃ​ទៀត​នោះ លោក​យល់ឃើញថា​ពិតជា​ប៉ះពាល់​ខ្លាំង​មែនទែន​។ លោក​បន្តថា បើសិនជា​អាច សុំ​ឲ្យ​តម្លៃ​ប្រេង​ចុះថ្លៃ​ជាង​នេះ​មក​សល់​ត្រឹម​ជាង​៣.០០០​រៀល​។​

​ស្រដៀង​គ្នា​នេះ ក្រុម​អ្នករត់​តាក់ស៊ី (​រថយន្តឈ្នួល​) បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ជួយ​ត្រួតពិនិត្យ លើ​ការ​ឡើងថ្លៃ​ប្រេងសាំង​ប្រសិនបើ​តម្លៃ​ប្រេង​បន្ត​ឡើង​ទៀត​នោះ​នឹងធ្វើ​ឲ្យ​ខាតបង់​ប្រាក់ចំណូល​និង​គ្មាន​ប្រាក់​ដល់​ដើម្បី​ចិញ្ចឹម​គ្រួសារ​និង​គ្មាន​លទ្ធភាព​ឲ្យ​កូន​សិក្សា​បាន​ខ្ព​ស់នឹង​គេ​។​

​ជុំវិញ​បញ្ហា​នេះ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​គិត​ចាប់ពី​ថ្ងៃទី​១៦​ដល់​៣១​ខែតុលា​ប្រេងសាំង​ធម្មតា​ថ្លៃ​៤.២៥០​រៀល​ក្នុង​មួយ​លីត្រ​និង​ប្រេងម៉ាស៊ូត​ថ្លៃ​៤.១៥០​រៀល​ក្នុង​មួយ​លីត្រ​។​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ចន្លោះ​ថ្ងៃទី​០១​ដល់​១៥​ខែតុលា​កន្លងទៅ​តម្លៃ​ប្រេងសាំង​ធម្មតា​ថ្លៃ​៤.២០០​រៀល​ក្នុង​មួយ​លីត្រ​។​

​ចំណែក​ប្រេងម៉ាស៊ូត​ថ្លៃ​៤.០០០​រៀល​ក្នុង​មួយ​លីត្រ​។​សេចក្តីជូនដំណឹង​ដដែល​បន្ថែមថា​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​ធ្វើឡើង​តាម​ការឡើង​ចុះ​តាម​ទីផ្សារ​អន្តរជាតិ​។​មាន​រយៈ​១០​ថ្ងៃ​ម្តង​រៀងរាល់ខែ​ដោយ​តម្រូវ​ឲ្យ​ស្ថានីយ​ក៏ដូចជា​ដេប៉ូ​លក់​ប្រេងសាំង​ធម្មតា​លក់​ទៅតាម​ការកំណត់​របស់​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​លក់​លើសពី​តម្លៃ​ដែល​បានកំណត់​នោះឡើយ​។​

​លើកលែងតែ​តម្លៃ​សាំង​ស៊ុប​ពែរ​គឺ​ឡើង​ចុះ​តាម​ទីផ្សារ​អន្តរជាតិ​។​ក្រសួងពាណិជ្ជកម្ម​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ​គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​ចុះ​នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​ខាងលើ​ប៉ុណ្ណោះ​។

​គួរ​បញ្ជាក់ថា តម្លៃ​ប្រេងសាំង​ស៊ុប​ពែរ​នៅ​បណ្តា​ស្ថានីយ​ធំៗ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ បានបង្ហាញ តម្លៃ​លក់​ផ្សេងគ្នា​។ ក្នុងនោះ​ស្ថានីយ​តូ​តា​ល់លក់​ក្នុងតម្លៃ​៤.៥៥០​រៀល​ក្នុង​មួយ​លីត្រ​។ រីឯ​ស្ថានីយ​សូគីម៉ិច តេ​ឡា កាល់​តិច និង​ស្ថានីយ​ភី​ធី​ធី លក់​ក្នុងតម្លៃ​៤.៦០០​រៀល​ក្នុង​មួយ​លីត្រ​៕S/