ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អារញ្ញ​សាគរ នាំយក​គ្រឿង​ឧបភោគបរិភោគ ចែកជូន​គ្រួសារ​ក្រីក្រ​

944
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅ​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨ ព្រះគ្រូ​សុធី​វរ​បញ្ញា​វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​ដឹកនាំ​ព្រះសង្ឃ​គណៈកម្មការ​អាចា​រ្យ​វត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នាំយក​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​មានដូចជា​អង្ករ មី ទឹកត្រី ទឹក​សុ​ទ្ឋ ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​១០៨​គ្រួសារ ដែល​ពួកគាត់​ជួបប្រទះ​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ​ឡើង​បណ្តាលឱ្យ​លិច​ផ្ទះ​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ជំលៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​បណ្តោះអាសន្ន​នៅក្បែរ​ជើងភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប។​

​ព្រះគ្រូ​សុធី​វរ​បញ្ញា​វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ មាន​ថេរៈ​ដីកា​ថា សម្ភារ​ដែល​នាំយកមក​ចែកជូន​នាពេលនេះ ថ្វីត្បិតតែ​មិន​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​ក្តី តែ​ជាស​មានចិត្ត បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដោយ​ក្ដី​អាណិតអាសូរ​។​

​លោក អ៊ុ ណា​រី ចៅសង្កាត់​ចុង​ឃ្នៀ​ស បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧​កន្លង​នេះ ទៅ​ភូមិសាស្ត្រ​នេះ ពុំបាន​ជួប​ទឹក​ទឹកទន្លេ​ឡើង​ខ្ពស់​ទេ ប៉ុន្តែ​ឆ្នាំនេះ​ខុសប្លែក បើទោះបីជា​នៅ​ប៉ែក​ខាងលើ​មិនសូវ​សម្បូរ​ភ្លៀង​ធ្លាក់​ក៏ពិតមែន តែ​បែរជា​ទឹកទន្លេ​សាប ហាក់​ហក់​ឡើង​ជាង​សព្វមួយដង បណ្តាលឱ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​តូច​ទាប​ស្រាប់ ជួប​ផល​លំបាក និង​បារម្ភ​ពី​ភាព​លិចលង់ ទើប​អាជ្ញាធរ​មូលដ្ឋាន​ជម្លៀស​ពួកគាត់​ចំនួន​ជាង​២០០​គ្រួសារ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​បណ្តោះអាសន្ន​នៅក្បែរ​ភ្នំ​ក្រោម ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជាយថាហេតុ​ដោយសារ​ទឹកទន្លេ​។​

​លោក​ចៅសង្កាត់ បានបញ្ជាក់​ទៀតថា ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ ក៏​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​គណៈកម្មាធិកា​រ​គ្រោះមហន្តរាយ ក៏​ដូ​ជា​មន្ត្រី​សុខាភិបាល​ក្នុង​មូលដ្ឋាន មិនដែល​ធ្វេសប្រហែស​នោះទេ តែងតែ​សហការគ្នា​អប់រំ​ណែនាំ​ដល់​ពួកគាត់​ជាប្រចាំ​ឱ្យ​ពួកគាត់​ប្រុងប្រយ័ត្ន​បង្ការ​ទប់ស្កាត់ និង​ណែនាំ​ដល់​កូនចៅ​នៅពេល​រដូវ​ទឹក​ឡើង​ត្រូវ​គិតពី​សុខភាព ពេល​មេឃងងឹត​ភ្យុះ​ភ្លៀង​ឆាប់​រក​កន្លែង​ជ្រក ជាពិសេស​យកចិត្តទុកដាក់​ដល់​ក្មេងៗ​និង​មនុស្ស​ចាស់ ក៏ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​៕