អនុប្រធាន​ទី​២​រដ្ឋសភា​: ពី​អតីតកាល កម្ពុជា​ត្រូវបាន​ពិភពលោក​ស្គាល់​ថា វាលពិឃាដ តែ​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ត្រូវបាន​ល្បីឈ្មោះ​ថា​ជា​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​

1048
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​សហភាព​អន្តរ​សភា​នាទី​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស គណៈប្រតិភូ​សភា​កម្ពុជា បាន​ជម្រាប​គណៈប្រតិភូ​សភា​នានា​មកពី​ពិភពលោក​អំពី​ការអភិវឌ្ឍ សន្តិភាព ដំណើរការ​អនុវត្ត​ប្រជាធិបតេយ្យ​និង​សភាពការណ៍​នៅ​កម្ពុជា ក្នុង​គោលបំណង​ឱ្យ​អង្គ​ប្រជុំបាន​យល់ បានដឹង បន្ថែមទៀត​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​ជម្រាប​មហាសន្និបាត​សហភាព​អន្តរ​សភា ដែល​ហៅ កាត់​ថា IPU ពី​ការរីកចម្រើន និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដល់​សមាជិក IPU បានដឹង​កាន់តែច្បាស់ (​រូប​: រដ្ឋសភា​)

​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា ក្នុងនាម​គណៈប្រតិភូ​ស​ភា​កម្ពុជា​ជា​ផ្លូវការ និង​ពេញសិទ្ធិ ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ ដែល​កំពុង​ប្រព្រឹត្តធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​ជម្រាប​មហាសន្និបាត​សហភាព​អន្តរ​សភា ដែល​ហៅ កាត់​ថា IPU ពី​ការរីកចម្រើន និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដល់​សមាជិក IPU បានដឹង​កាន់តែច្បាស់​។​

​លោកស្រី បាន​លើកឡើងថា​« ពី​អតីតកាល កម្ពុជា​ត្រូវបាន​ពិភពលោក​ស្គាល់​ថា វាលពិឃាដ តែ​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ត្រូវបាន​ល្បីឈ្មោះ​ថា​ជា គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជាងនេះទៀត ប្រទេស​កម្ពុជា តែងតែបាន​ស្វា​គម​ភ្ញៀវទេសចរ​ជាង​៥​លាន​នាក់ ជា​រៀងរាល់ឆ្នាំ និង​មាន​កំណើន​ជាប្រចាំ​ទៀតផង​»​។​

​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​គូសបញ្ជាក់ថា​« កាលពីមុន ប្រទេស​កម្ពុជា ត្រូវបាន​គេ​ដាក់​ស្លាក​ឲ្យ​ថា ជា​ប្រទេស​មិនមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ តែ​ឥឡូវនេះ​បែរជា​គេ​ទទួលស្គាល់ថា ជា​ប្រទេសមួយ​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​ពិភពលោក ហើយ​ថ្មីៗ​នេះ បាន​ជាប់​ចំណាត់ថ្នាក់​ដោយ​ជោគជ័យ​ថា ជា​ប្រទេស​មាន​កំណើន​ចំណូល​ទាប​ឋិត​ក្នុង​អត្រាកំណើន​៧%​ជាប្រចាំ​ឆ្នាំ​»​។​

​លោកស្រី ឃួន សុ​ដា​រី បាន​មានប្រសាសន៍​បន្តថា បន្ទាប់ពី​បានបញ្ចប់​សង្គ្រាមស៊ីវិល​ជាង​៣​ទសវត្សរ៍​ក្នុង​ឆ្នាំ​១៩៩៨​មក សិទ្ធិ​នយោបាយ សិទ្ធិមនុស្ស ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ និង​ការពារ​យ៉ាង​ទូលំទូលាយ​ព្រមទាំង​ជំរុញ​ឥតឈប់ឈរ​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ហេតុដូច្នេះ កម្ពុជា​បាន​តាក់តែង​ដាក់បញ្ចូល​សេចក្តីប្រកាស​ជាស​កល​នៃ​ការគោរព​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ​។ ប្រទេស កម្ពុជា​គឺជា​កន្លែង​មួយ​ដែល​សមាគមន៍​ជាតិ និង​អន្តរ​ជាតិប្រមាណ​៦០០០ បាន​ចុះបញ្ជី ហើយនឹង​មាន​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​សហជីព​ចំនួន ៤០០០​ទៀត បើ​គិត​មកដល់​ខែឧសភា ឆ្នាំ​២០១៨​នេះ​។ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង វា​មាន​ចំនួន​តួលេខ​លើសលប់​។ គណបក្សនយោបាយ ច្រើន​កំពុង​អនុវត្ត​សកម្មភាព​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​អនុលោម​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

“​សន្តិភាព​បើ​គ្មាន​ការអភិវឌ្ឍ​គឺ​មិន​អាចមាន​ស្ថេរភាព​បានទេ​។ ប្រទេស​កម្ពុជា ឥឡូវ​ជា​ប្រទេសមួយ​ដែល​គោរព​យ៉ាង​មុតមាំ នូវ​គោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ដោយមាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​បាន​។ យើង​គឺជា​រដ្ឋ អធិបតេយ្យ ឯករាជ្យ បូរណភាព​ដែនដី​ពេញលេញ​មួយ ដែល​គ្រប់គ្រង​ដោយ​ច្បាប់ ហើយ​និយាយ​រួម​គឺជា​នីតិរដ្ឋ​”​។ នេះ​ជាការ​គូសបញ្ជាក់​របស់ លោកស្រី ឃួន សុ​ដា​រី​។​

​សូមជម្រាបថា សហភាព​អន្តរ​សភា ដែល​ហៅ​កាត់​ថា IPU ជា​អង្គការ​សភា​ដ៏​ធំ​មួយ ដែលមាន​សភា​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចំនួន​១៧៣ ជា​សមាជិក​។ មហាសន្និបាត​លើក​ទី​១៣៩​របស់​IPU នាឱកាស​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ “​ភាពជា​អ្នកដឹកនាំ​របស់​សភា​ក្នុងការ​ជម្រុញ សន្តិភាព និង​ជម្រុញឱ្យមាន​ការបង្កើត​អ្វី​ថ្មីៗ​(​នវានុវត្តន៍​) និង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ថ្មីៗ​នា​យុគ្គ​សម័យថ្មី​។​
​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្របច្បាប់​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ទៅកាន់​អង្គ​មហាសន្និបាត កាលពី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ​។ ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​កន្លងទៅ​ថ្មីៗ​នេះ​វិញ លោកជំទាវ​ប្រធាន​គណៈ​ប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​បាន​ជម្រាប​IPU​ថា នៅក្នុង​អំឡុង​ការបោះឆ្នោត​ជា​សកល​ចុង​ក្រោយនេះ ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​មាន​គណបក្សនយោបាយ​ចំនួន​២០​ដែល​បាន​ប្រកួតប្រជែង​ដើម្បី​អាសនៈ​សភា​។ នេះ​គឺជា​ការបង្ហាញ​យ៉ាងច្បាស់​លាស់​ណាស់​ថា គណបក្ស​ទាំង​២០ នេះ​ជា​តំណាង​ស្របច្បាប់​នៃ​ពហុ​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​បាន​ឆ្លុះបញ្ចាំង​នូវ​អ្វីដែល​អ្នកសង្កេតការណ៍​មួយចំនួន ហៅថា​ដំណើរការ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ និង​ស្ថេរភាព​ជាទូទៅ​នៅ​កម្ពុជា​។ អ្នកចូលរួម​បោះឆ្នោត​ជិត​៧​លាន​នាក់ បើ​គិត​ជា​ភាគរយ​៨៣.០២% នៃ​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប បាន​បោះឆ្នោត និង​បានធ្វើ​ការជ្រើសរើស​តាម​បែបផែន​នយោបាយ​ដោយ​សេរី​របស់ខ្លួន​។​

​លោកស្រី​បាន​មានប្រសាសន៍ថា នៅក្នុង​ការបោះឆ្នោត​នោះ មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​៥៣៩ មកពី​ប្រទេស​ជាង​៥០​ប្រទេស ក្នុងចំណោម នោះ​មកពី​ស្ថាប័ន​អន្តរជាតិ​រួមមានៈ គណបក្សនយោបាយ​អាស៊ាន សភា​អាស៊ី អន្តរ​សភា​អាស៊ាន និង​ក្រុមប្រឹក្សា​សហគមន៍​អឺរ៉ុប​ផ្នែក​ទំនាក់ទំនង អន្តរជាតិ ដើម្បី​ជា​សាក្សី​តាមដាន​ពិនិត្យមើល​លើ​ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ​ពោរពេញ​ដោយ​សន្តិវិធី ដែលជា​ឱកាស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស កម្ពុជា​។ អ្នកចូលរួម​បោះឆ្នោត​សញ្ជាតិ​កម្ពុជា​ជិត​៧​លាន​នាក់ បានជ្រើសរើស​មេដឹកនាំ​តាម​បំណងប្រាថ្នា​របស់​ពួកគាត់ គឺ​ដើម្បី​សន្តិភាព ស្ថេរភាព បន្ត​ការអភិវឌ្ឍ និង​ភាពរុងរឿង​។​

​លោកស្រី​ប្រធាន​គណៈប្រតិភូ​បាន​សង្កត់ធ្ងន់ថា គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍ ហើយ​គ្មាន​ការអភិវឌ្ឍ​គឺ​គ្មាន​សន្តិភាព​។ សភា​កម្ពុ​ជាមាន​ជំហរ​ជា ស្រេច ដើម្បី​បំពេញការងារ​បន្ថែម​លើ​ក្របខណ្ឌ​ច្បាប់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជម្រុញ​ឱ្យ​ទទួលបាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ជោគជ័យ ក្នុង​យុគសម័យ​ការបង្កើត​នូវ​អ្វី​ថ្មីៗ​(​នវានុវត្តន៍​ភាព​) និង​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​។​
​ទាក់ទង​នឹង​ប្រធានបទ​នៃ​មហាសន្និបាត​សហភាព​អន្តរ​សភា​នាឱកាស​នេះ លោកស្រី ឃួន សុ​ដា​រី បាន​គូសបញ្ជាក់ថា លោកស្រី ពិតជា​ពេញចិត្ត ណាស់​ដែលថា​មហាសន្និបាត​អាយ​ភី​យូ​នាពេលនេះ បានសម្រេច​ជ្រើសរើស​មូលបទ​សម្រាប់​ឆ្នាំនេះ​គឺ ភាពជា​អ្នកដឹកនាំ​របស់​សភា​ក្នុងការ​ជម្រុញ សន្តិភាព និង​ជម្រុញឱ្យមាន​ការបង្កើត​នូវ​អ្វី​ថ្មីៗ​(​នវានុវត្តន៍​) និង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ថ្មី​។ មូលបទ​នេះ​មិន​ត្រឹមតែ​សំដៅ​លើកកម្ពស់ សន្តិភាព និង​ការអភិវឌ្ឍ ដែល​ពាក់ព័ន្ធ​នឹង​ភាពមិនច្បាស់លាស់​នៃ​សកលលោក​ប៉ុណ្ណោះ​ទេ ថែមទាំង​ជំរុញ​សន្តិភាព និង​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍​ភាព និង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​នា​យុគ​សម័យថ្មី​ដែលជា​ភាព​ទាន់ពេល និង​ទាន់សម័យ​ផងដែរ​។ ភាព​ទាន់ពេល និង​ទាន់សម័យ​ទាំងពីរ​នេះ​ប្រាកដជា​ប្រធានបទ​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍ និង​ជាហេតុ​មួយ​សម្រាប់​ការពិភាក្សា​ចំណោម​សមាជិក​អាយ​ភី​យូ​ទាំងអស់​។​

​សូម​ជម្រាប​ផងដែរ​ថា សមាសភាព​គណៈប្រតិភូ​សភា​កម្ពុជា ដែល​ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ នៃ​សហភាព​អន្តរ​សភា​(IPU)​ដែល​ដឹកនាំ​ដោយ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា នេះ រួមមាន លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។​លោក​យ៉ង់ សែម ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​។ លោកស្រី បាន ស្រីមុំ អនុប្រធាន​គណៈកម្មកា​រ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ឯកឧត្តម សុខ សូ​កាន អនុប្រធាន​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា និង លោកជំទាវ កុប ម៉ា​រី​យ៉ា​ស សមាជិក​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​។​

​គណៈប្រតិភូ​សភា​កម្ពុជា​នឹងចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ នៃ​សហភាព​អន្តរ​សភា​នេះ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ទើប​ធ្វើ មាតុភូមិនិវត្តន៍​មកកាន់​មាតុប្រទេស​វិញ ដោយនៅ​ក្នុងឱកាស​នោះ គណៈប្រតិភូ​សភា​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​ជាច្រើន​នៃ​វេទិកាសភា​នេះ ហើយ លោកស្រី ឃួន សុ​ដា​រី គ្រោង​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោកជំទាវ ហ្គា​ប្រី​ឡា គូ​វ៉ាស បា​រ៉ុ​ន ប្រធាន​សហភាព​អន្តរ​សភា​(IPU)​ទៀតផង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម