មួយ​ទសវត្សរ៍​ទៀត​អាច​នឹងមាន​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សំឡេង បន្ទាប់ពី​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការចេញ​ម៉ូត​ម៉ាស៊ីន​ត្រូវបាន​លុបបំបាត់បាន​

1350
ចែករម្លែក
  • 18
    Shares

​ក្រុមហ៊ុន General Electric Co បានសម្រេច​រួចរាល់​នូវ​ការចេញ​ម៉ូត​ដំបូង​របស់ខ្លួន​សម្រាប់​ម៉ាស៊ីន​យន្តហោះ​ពាណិជ្ជកម្ម​ប្រភេទ​លឿន​ជាង​សំឡេង​ទី​១ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ដែល​វា​ជា​ឧបសគ្គ​ចម្បង​មួយ​សម្រាប់​ការអភិវឌ្ឍ​យន្តហោះ​ឯកជន និង​ទីបំផុត​ប្រហែលជា​យន្ដហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សំឡេង​។​

​ក្រុមហ៊ុន GE បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​តុលា​ថា “​ការចេញ​ម៉ូត​ម៉ាស៊ីន​ភ្លោះ​និង​ស្លាបចក្រ​ភ្លោះ នឹង​កាត់បន្ថយ​ការធ្វើដំណើរ​បានជា​ច្រើន​ម៉ោង​បន្ទាប់ពី​រយៈពេល ៥០ ឆ្នាំ ដែល​ក្នុងនោះ​ល្បឿន​យន្តហោះ​ឯកជន​បាន​កើនឡើង​ត្រឹមតែ ១០​ភាគរយ​ប៉ុណ្ណោះ​”​។​

​ម៉ាស៊ីន​នេះ​ត្រូវ​បានចេញ​ម៉ូត​ឡើង​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Aerion ដែលជា​ក្រុមហ៊ុន​ថ្មីថ្មោង​ទើប​បើក​ដោយ​មហាសេដ្ឋី​នៅ​រដ្ឋ​តិច​សាស លោក រ៉ូបឺត បាស (Robert Bass) ដែល​បាន​ព្យាយាម​អភិវឌ្ឍ​យន្តហោះ​ពាណិជ្ជកម្ម​លឿន​ជាង​សំឡេង​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។​

​លោក ប្រ៊ែ​ត ម៉ូត​ធៀ អនុប្រធាន​ក្រុមហ៊ុន GE សម្រាប់​អាកាសចរណ៍​ពាណិជ្ជកម្ម​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​ជំនួស​ឱ្យ​ការធ្វើដំណើរ​លឿន​ជាង​មុន កាប៊ីន​បាន​ពង្រីក​ទំហំ និង​កាន់​តែមាន​ផាសុកភាព ហើយ​ចម្ងាយ​បើកបរ​កាន់តែ​បាន​ឆ្ងាយ​ជាង​មុន​។ ដំណាក់កាល​បន្ទាប់ គឺ​ល្បឿន​”​។​

​ការ​រចនា​ម៉ាស៊ីន​នេះ​បាន​ជួយ​ជំរុញ​ដល់​គោលដៅ​របស់​ក្រុមហ៊ុន Aerion ក្នុង​ការដាក់​យន្តហោះ​លឿន​ជាង​សំឡេង​ឱ្យ​បើក​លើ​មេឃ​នៅ​មួយ​ទសវត្សរ៍​ទៀត​។​

​ក្រុមហ៊ុន Lockheed Martin Corp កំពុង​ជួយ​ក្នុងការ​រចនា​ម៉ូត​និង​ផលិត​យន្ដហោះ​ពាណិជ្ជកម្ម​លឿន​ជាង​សំឡេង AS2 សម្រាប់​ក្រុមហ៊ុន Aerion ដែលមាន​កៅអី ១២​។​

​ក្រុមហ៊ុន Aerion គ្រោង​នឹងដាក់​យន្ដហោះ AS2 ឱ្យ​ហោះហើរ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០២៣ ដែល​បន្ទាប់មក​នឹង​ចាប់ផ្តើម​យន្តហោះ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស

យន្ដហោះ​ពាណិជ្ជកម្ម​លឿន​ជាង​សំឡេង AS2

ទីតាំងផ្សាយពាណិជ្ជកម្ម