​មេប៉ូលីស​ខេត្តព្រះវិហារ​ដាក់បទបញ្ជា​ករណី​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​

1744
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យិន​ចំណាន​បានដាក់​បទបញ្ជា​ឱ្យ​អធិការ​ក្រុង​-​ស្រុក​ទូទាំង​ខេត្ត​ត្រូវ​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​ក្នុងឱកាស​ដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​គណៈ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

ក្នុង​កិច្ចប្រជុំ​នេះ​ឧ​ត្ត​ម​សេនីយ៍​ទោ​យិន​ចំណាន​បាន​កោតសរសើរ​ដល់​អ​ធិ​ការ​ក្រុង​-​ស្រុក​ទាំង​៨​របស់​ខេត្តព្រះវិហារ ដែល​មួយ​រយៈកាល​កន្លងមក​នេះ បានធ្វើ​កិច្ចការ​ធំៗ ជាច្រើន​ទទួលបាន​ជោគជ័យ ពិសេស គឺ​ការពារ​បាន​នូវ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​បាន​បន្តថា កន្លងមក​ការបង្ក្រាប​ករណី​គ្រឿងញៀន នៅតាម​បណ្តា​អធិការ​ក្រុង​-​ស្រុក​នីមួយៗ មានការ​ចូលរួម​សហកា​រ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ជានិច្ច​។​ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ​អធិការ​ក្រុង​ស្រុក​ទាំងអស់​ត្រូវ​ឈរលើ​ម្ចាស់ការ​បង្ក្រាប​គ្រឿងញៀន​ដោយ​ខ្លួនឯង ប្រសិនបើ​ក្រុង​-​ស្រុក​ណា មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​គឺ​អធិការ​ក្រុង​-​ស្រុក​នោះ ជា​អ្នកទទួលខុសត្រូវ​។​

​លោក​យិន​ចំណាន​បាន​ថ្លែងថា​កន្លងមកនេះ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ប្តេជ្ញាចិត្ត​និង​បង្ក្រាប​ឱ្យអស់​ករណី​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​។​លោក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​លើក​រ​ណី​នេះ​ឱ្យបាន​ខ្លាំងក្លា​បំផុត​។​ដូច្នេះ​ជាមួយនិង​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​ខេត្ត​សូមឱ្យ​អធិការ​ក្រុង​-​ស្រុក​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ដោយ​ការទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច​របស់ខ្លួន​៕S/​

​មេប៉ូលីស​ខេត្តព្រះវិហារ​ដាក់បទបញ្ជា​ករណី​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​

ទីតាំងផ្សាយពាណិជ្ជកម្ម