លោក ចូ​សេ ម៉ូ​រី​ញ៉ូ ទទូច​ឲ្យ​លោក អេ​ដ វូដ​វើដ ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ ហឺ​រ៉េ​រ៉ា និង វ័ន ម៉ា​តា​

1006
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​បង្គាប់​ឲ្យ​លោក អេ​ដ វូដ​វើដ (Ed Woodward) ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ​ពីររូប​គឺ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera) និង វ័ន ម៉ា​តា (Juan Mata) ។​

​គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​រូបនេះ​អន្ទះសា​ចង់​រក្សាទុក​កីឡាករ​ទាំងពីរ​នៅ ពហុ​កីឡដ្ឋាន Old Trafford លើសពី​កិច្ចសន្យា​បច្ចុប្បន្ន​ដែល​គ្រោង​នឹង​ចប់​នៅ​ដំណាច់ រដូវ​កាល​នេះ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ពេញចិត្ត ហឺ​រ៉េ​រា និង ម៉ា​តា​ដោយសារតែ​កីឡាករ​ទាំងពីរ​មាន​ទំនាក់ទំនង​វិជ្ជមាន និង​រឹងមាំ​ក្នុងចំណោម​កីឡាករ​ផ្សេងៗ​ទៀត​។​
​ ​
​ប៉ុន្តែ​លោក វូដ​វើដ មិន​ចង់​រក្សាទុក​កីឡាករ​ទាំងពីរ​ទេ បើទោះបីជា​លោក​ចាត់ទុក​ពួកគេ​គឺ ជា​កីឡាករ ក្នុង​ក្រុម​ជម្រើស​និង​អាច​ប្រើប្រាស់​ជា​ជម្រើស​ជំនួស​ឲ្យ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) និង ជេស លិ​ង​ហ្គា​ដ (Jesse Lingard) ក៏ដោយ​។​
​ ​
​កន្លងមក គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ធ្លាប់​បញ្ចុះបញ្ចូល​លោក វូដ​វើដ ឲ្យ​ផ្តល់​កិច្ចសន្យា បន្ថែម​សម្រាប់​កីឡាករ ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី (Marouane Fellaini) រយៈពេល​២​ឆ្នាំ​។ ខ្សែបម្រើ ហឺ​រ៉េ​រ៉ា បាន​ចូលរួម​ជាមួយ​ពហុ​កីឡដ្ឋាន Old Trafford ចាប់តាំងពី​ឆ្នាំ​២០១៤ នៅពេល​យូ​ណាយ​ធី​ត​ទិញ​ផ្តាច់​ពី​ក្លឹប Athletic Bilbao ក្នុងតម្លៃ​៣២.៤​លាន​ផោន​។​

​ហឺ​រ៉េ​រ៉ា ធ្លាប់​បង្ហាញមុខ​១៦៤​លើក​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន FA Cup កាលពី​ឆ្នាំ​២០១៦ ពាន EFL Cup កាលពី​ឆ្នាំ​២០១៧ និង​ពាន Europa League នៅ​ឆ្នាំ​២០១៧​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera) និង វ័ន ម៉ា​តា (Juan Mata)

ទីតាំងផ្សាយពាណិជ្ជកម្ម