អភិបាល​រាជធានី​៖ រដ្ឋបាល​ខណ្ឌ​ត្រូវ​ជំរុញ​ការបង្ការ ទប់ស្កាត់​បទល្មើស សណ្តាប់ធ្នាប់​, និង​ការទប់ស្កាត់​ជនអន្តោប្រវេសន៍​រស់នៅ​តាម​ដង​ទន្លេសាប

795
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ពិសេស អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ការរៀបចំ​សណ្តាប់ធ្នាប់ និង​ការទប់ស្កាត់​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​តាម​ដង​ទន្លេសាប រួម​និង​ការថែរក្សា​បរិស្ថាន​ទន្លេ​ឱ្យបាន​ល្អប្រសើរ​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​១៨ តុលា​ក្នុង​ពិធី​សំណេៈ​សំ​ណា​ល​ជាមួយ​មន្ត្រីរាជការ​ចំណុះឱ្យ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​នៅ​សាលាខណ្ឌ​ឬ​ស្សី​កែវ​។​
​ក្នុងឱកាស​នោះ​លោក អភិបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​មន្ត្រីរដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​លើកឡើង​ពី​កង្វល់​និង​បញ្ហា​ប្រឈម​ខ្វះ ចន្លោះ​ដើម្បី​រិះរក​វិធី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ហើយ​ក្នុងឱកាស​នោះ លោក និង​លោកស្រី​ជា​ចៅសង្កាត់ ចៅ​ស​ង្លា​ត់រង​ក៏បាន​លើ​ឡើង​ពី​បញ្ហា​កង្វល់​មួយចំនួន​ផងដែរ ដើម្បីឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​សម្រួល ដោយមាន​ទាំង​បញ្ហា ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ លូ សំរាម ការកសាង​ស្នាក់ការ​ប៉ុស្តិ៍ សង្កាត់​ទើប​បង្កើត​ថ្មី​ជាដើម​។​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា គោលបំណង​ដែល​លោក មកជួប​បងប្អូន​មន្ត្រី​របស់​ខណ្ឌ​ឬ​ស្សី​កែវ​នៅពេលនេះ គឺ​ដើម្បី​សួរសុខទុក្ខ​មន្ត្រី​របស់​យើង​ធ្វើ​ការងារ​បាន​អ្វីខ្លះ ហើយ​នៅ​ខ្វះ​ចំណុច​ណាខ្លះ​ដើម្បី​បំពេញបន្ថែម​ធ្វើយ៉ាងណា​បម្រើ ប្រជាពលរដ្ឋ​ឱ្យ​រឹង​រិត​តែ​ល្អ​ប្រសើរឡើង​ថែមទៀត​។​
​ក្នុង​ពិធី​នោះ លោក​ឃួ​ង ស្រេង ក៏បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ រួមទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អប្រសើរ រហូត​ទទួលបាន​ស្នាដៃ​ជាច្រើន​។ ប៉ុន្តែ​ទន្ទឹមនឹង​ភាពល្អប្រសើរ​ហើយ​នោះ ខណ្ឌ​ឬ​ស្សី​កែវ​ក៏មាន​បញ្ហា​ប្រឈម ដែល​ត្រូវអនុវត្ត​បន្ត​ដែរ ក្នុងនោះ​មាន​បញ្ហា​សណ្តាប់​ធា្ន​ប់​មិនទាន់​រៀបចំ​បានល្អ​ប្រសើរ​នូវឡើយ​ប្រជាពលរដ្ឋ​មិនទាន់​គោរព​ច្បាប់​ចរាចរ បញ្ហា​គ្រឿងញៀន​នៅតែ​កើតមាន ការចុះកិច្ចសន្យា​ជាមួយ​ក្លឹប​កំសាន្ត​នានា​ក៏​នៅ​មិនទាន់បាន​គ្រប់​ជ្រុងជ្រោយ​ជាដើម​។
លោក​ឃួ​ង ស្រេង​បញ្ជាក់ថា នៅ​ភ្នំពេញ​មាន​កន្លែង​សប្បាយភាព​២៦៤២ ទីតាំង ក្នុងនោះ​សម្រាប់​ខណ្ឌ​ឬ​ស្សី​កែវ ក៏មាន​ក្លឹប​កម្សាន្ត កន្លែង​សប្បាយភាព​ច្រើន​ដែរ ដែល​អាជ្ញាធរ ត្រូវ​ណែនាំ​ឱ្យ​ម្ចាស់​ក្លឹប​កម្សាន្ត​ទាំងអស់នោះ បំពេញបែបបទ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន បើ​ទីតាំង​ណា​មាន​បទល្មើស​គ្រឿងញៀន ទីតាំង​នោះ​ត្រូវតែ​បិទ​ចោល ហើយ​ម្ចាស់​ទីតាំង​ក៏ត្រូវ​ប្រឈម​នឹង​ការ​មានទោស​ទណ្ឌ​ថែមទៀត​។​ក្រៅពីនេះ លោក​អភិបាល​រាជធានី ក៏បាន​ជំរុញឱ្យមាន​ការបង្ការ​ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់​គ្រប់​ប្រភេទ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ព្រោះ​សន្តិសុខ​នេះ ជា​តម្រូវការ​ចាំបាច់​និង​ចង់បាន​របស់​មនុស្ស​គ្រប់គ្នា​មិន​ថា អ្នកមាន និង​អ្នកក្រ​នោះទេ​។​
​ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង​នូវបាន​ដាក់ចេញ​ជា​ផែនការ​ចំនួន​១៣​ចំណុច​បន្ថែម​ដើម្បីឱ្យ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​អនុវត្ត​បន្ត ក្នុងនោះ មាន​ទាំង​មិន​អនុញ្ញាតឱ្យ​ផ្លូវជាតិ​លេខ​៥ ចត​យានយន្ត​នៅលើ​ទ្រូ​វ​ផ្លូវ​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​។ ការ​រិត​បណ្តឹង​ច្បាប់​ចរាចរណ៍ ដោយ​ត្រូវ​កោះហៅ​អ្នកពាក់ព័ន្ធ​មក​ប្រជុំ ដើម្បី​មាន​វិធានការ​លើ​បញ្ហា​នេះ ។ យកចិត្តទុកដាក់​លើ​បញ្ហា លូ​ស្ទះ និង​បញ្ហា​កកស្ទះ​សំរាម​។ លោក​បញ្ជាក់ថា​៖ ដាច់​ខែ​នេះ​យើង​នឹង​បើក​យុទ្ធនាការ​ជួសជុល​ផ្លូវ​ខូចខាត​ហើយ ដែល​ដាច់ខាត​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​មើល​ហើយ ក្នុង​មូលដ្ឋាន​របស់​យើង​មាន​ផ្លូវ​ប៉ុន្មាន​ខូច និង​ខូច​មាន​ទំហំ​ណា​។ ក្រៅ​ណី​នេះ​ក៏ ត្រូវ​ចុះ​ពិនិត្យមើល​ចំពោះ​ការសាងសង់​រោងបុណ្យ​រោងការ​នៅលើ​ទ្រូងផ្លូវ គឺអាច​ឱ្យធ្វើ​តែ​លើ​ចិញ្ចើមផ្លូវ និង​លើ​ទ្រូ​វ​ផ្លូវ​តែមួយ​ប្រឡោះ​បាន​ហើយ មិនឱ្យ​បិទផ្លូវ​ជាដាច់ខាត ដែល​ការងារ​នេះ​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ត្រូវធ្វើ​ការណែនាំ​។ បញ្ហា​នេះ​វា​មាន​ហានិភ័យ​ច្រើន ក្រៅពី​ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​គេ​ជេរ ហើយ​នៅ វា​ក៏​នឹង​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ បើ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​តែ​បន្តិច​។ ការងារ​ពិនិត្យ​អាវុធជាតិផ្ទុះ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវតែ​ធ្វើ ទោះជា​ក្នុង​បុរី​ក៏ដោយ​និង​ត្រូវ​បន្លាស​គោលដៅ​ជានិច្ច​កុំ​នៅ​មួយកន្លែង​។​
ពាក់ព័ន្ធ​បញ្ហា​តាម​ដង​ទន្លេសាប​លោក​បញ្ជាក់ថា​៖ បញ្ហា​អន្តោប្រវេសន៍​នៅតាម​ដង​ទន្លេសាប ពិសេស ការចិញ្ចឹម​ត្រី​ដែល​ធ្វើអោយ​ខូច​បរិស្ថាន និង​បានធ្វើឱ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​នោះ យើង​ត្រូវ​សហការ ជាមួយ​សមាគមន៍​ជនជាតិ​វៀតណាម ឥស្លាម​ជាដើម ដើម្បី​រិត​បណ្តឹង​ច្បាប់​អន្តោប្រវេសន៍ ថា​តើ​ពួកគាត់​មានច្បាប់​រស់នៅ​និង​រកស៊ី​នៅ​ស្រុក​ខ្មែរ​ត្រឹមត្រូវ​ឬទេ ។ យើង​ត្រូវ​រួមគ្នា​ធ្វើការ​ងារ​នេះ​ទាំងអស់គ្នា​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​៕