ហេង វាសនា មានឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង​

1602
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ហេង វាសនា ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង បានទទួល​ឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង ណា​ជីប .​ដ​.​ហ្ស៊េ​លូ​ឌី (Najib D’Jeloudi) លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​២០​តុលា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥០​គីឡូក្រាម​។ នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​របស់​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​។

​វាសនា មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នោះទេ ហើយ​មួយរយៈ​នេះ គេ​មិនសូវ​មានឱកាស​បាន​ឡើងមក​ប្រកួត​នៅ​ភ្នំពេញ​ទៀតផង​។ នេះ​ជា​ឱកាស ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ដើម្បី​ស្វែងរក​ទីផ្សារ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។​

​បើ​គេ​ចាញ់​ក្នុង​ការប្រកួត​នេះ ឱកាស​ដើម្បី​បាន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​លើក​ក្រោយៗ​ទៀត ទំនងជា​លំបាក​ហើយ តែបើ​គេ​ប្រកួត​ឈ្នះ​គេ​នឹង​មានឱកាស​ច្រើន​ថែមទៀត​។ វាសនា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​ដង ឈ្នះ ៤០​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​បារាំង ណា​ជីប .​ដ​.​ហ្ស៊េ​លូ​ឌី វិញ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​បាន​មួយ​លើក​ហើយ​។ គេ​ជា​អ្នក​ប្រដាល់​ថ្មី ដែល​ហាត់​នៅ​ប្រទេស​ថៃ​។ គេ​មិន​ខ្លាំង​ឡើង​តែ​ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​ដែរ គេ​មាន​កណ្ដាប់ដៃ​ធ្ងន់​ណាស់​។ អ្នក​ប្រដាល់​បារាំង​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៦​ដង ឈ្នះ​២៤​ដង ចាញ់​១២​ដង​។​

​នេះ​ជាការ​ចួប​គ្នា​ដំបូង​របស់​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​។ ជ័យជំនះ​ជា​របស់​អ្នក​ប្រដាល់​បារាំង ណា​ជីប .​ដ​.​ហ្ស៊េ​លូ​ឌី ឬ​ជា​របស់​អ្នក​ប្រដាល់​កម្ពុជា ហេង វាសនា​?

​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ដែរនោះ ធន ចាន់​តាក់ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រ៉ុង រ៉ាវី (Rong Ravy) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​។​

​ចាន់​តាក់ ជា​អ្នក​ប្រដាល់​ចិត្តធំ និង​ចូលចិត្ត​វ៉ៃ​ប្ដូរ​ណាស់ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​ដង ឈ្នះ​៥៩​ដង ចាញ់​១១​ដង ស្មើ​ពិន្ទុ​១​ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ រ៉ុង រ៉ាវី វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥២​ដង ចាញ់​១១​ដង ស្មើ​ពិន្ទុ ២​ដង​។ នរណា​ឈ្នះ​?៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម