នាយករដ្ឋមន្ត្រី​ស្តីទី ៖ នៅ​ខេត្ត​ព្រះសីហនុ​មិនមាន​បញ្ហា​អ្វី​ធំដុំ​ដែល​ដោះស្រាយ​មិន​ចេញ​នោះទេ​

870
ចែករម្លែក
  • 18
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែង​បញ្ជាក់ថា ចំពោះ​ក្រុមការងារ​ចំពោះ​កិច្ច ដែល​ចុះទៅ​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ការចុះ​ទៅនេះ មិនមែន​បានន័យថា ដើរតួនាទី​ជំនួស​ឲ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ទេ គ្រាន់តែ​ជា​អ្នកចូលរួម​យោបល់ ចំណែក​សិទ្ធិ​សម្រេច​កិច្ចការ​ទាំងឡាយ គឺ​អាជ្ញាធរ​នៅនឹងកន្លែង​។

ម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី (រូប៖ មុនីរ័ត្ន)

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា “​ក្រុមការងារ​ចំពោះ​កិច្ច​ដែល​ចុះទៅ​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ខ្ញុំ​មិន​ឲ្យ​ទៅ​នៅ​អចិន្ត្រៃយ៍​ទេ គ្រាន់តែ​ទៅមួយ​រយៈ ពីរ​ថ្ងៃ ឬ​បី​ថ្ងៃ ក្តាប់​សភាពការណ៍ ផ្លាស់ប្តូរ​យោបល់ មាន​បញ្ហា​ប្រឈម​យ៉ាងណាខ្លះ បើ​គាត់​ដោះស្រាយបាន​គាត់​ដោះ បើ​ដោះស្រាយ​មិនបាន​របាយការណ៍​ក្រសួង ក្រសួង​ដោះ​បាន​ក៏​ដោះ ដោះ​មិនបាន​រាយការណ៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​។ ដោយសារ​ថា​បញ្ហា​នេះ វា​ជា​បញ្ហា​ប្រឈម​ថ្មី ដែល​ពី​មក​មិន​ធ្លាប់​ជួបប្រទះ​”​។​

​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​នាយករដ្ឋមន្ត្រី​ស្តីទី​បាន​បន្តទៀតថា ចំពោះ​បញ្ហា​នៅ​ខេត្ត​ព្រះសីហនុ គឺ​រហូតមក​ដល់ពេលនេះ វា​មិនទាន់​ដល់​ថ្នាក់​គ្រប់គ្រង​សភាពការណ៍​មិនបាន​នោះទេ ហើយ​វា​មិនទាន់​ដល់​ថ្នាក់​នឹង​ទេ ប៉ុន្តែ​យើង​ត្រូវ​ម្ចាស់ការ កុំ​ឲ្យ​គ្រប់គ្រង​លែង​បាន​ហើយ បាន​យើង​ទៅ គឺ​វា​អាច​យឺត​ពេល​។ ហើយ​មកដល់ពេលនេះ នៅ​ខេត្ត​ព្រះសីហនុ ដូចជា​មិនមាន​បញ្ហា​អ្វី​ធំដុំ​ដែល​ដោះស្រាយ​មិន​ចេញ​នោះទេ ។ ដោយ​សម្តេច​ក្រឡាហោម​លើកឡើងថា “​បញ្ហា​នៅ​ទីនោះ សំខាន់​គឺ​ដូចជា បទល្មើស​គ្រឿងញៀន បទល្មើស​ប្លន់ ការ​តាម​សម្លាប់​គ្នា​ហូរហែរ និង​បរិស្ថាន អនាម័យ​ក៏​មិនទាន់​ធ្ងន់ធ្ងរ​ដែរ​។ ហើយ​ក្រៅពីនេះ បញ្ហា​ធម្មតា​ទេ មានការ​វិនិយោគ​ទៅ​ដី​វា​ឡើងថ្លៃ ដល់​វា​ឡើងថ្លៃ​ទៅ​ជម្លោះ​រឿង​ដី​កើតឡើង​ច្រើន យើង​ខិតខំ​ដោះស្រាយ​បញ្ហា​នឹង ហើយ​អាជ្ញាធរ​ក៏​គាត់​មានលទ្ធភាព​ដោះស្រាយ យើង​គ្រាន់តែ​ចូលរួម​យោ​ប់​”​។​

​ទាក់​ទ​ការ​លើកឡើងថា ប្រជាពលរដ្ឋ​លែង​ចង់​ទៅលេង​ខេត្ត​ព្រះសីហនុ ត្រូវបាន​សម្តេច​ក្រលាហោម ស ខេង បញ្ជាក់ថា ដោយសារតែ​បញ្ហា​នេះហើយ បានជា​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ចុះទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ការងារ​អស់​នឹង​។ ដោយសារតែ​គិតពី​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នឹង​ហើយ បានជា​ក្រសួងមហាផ្ទៃ​យកចិត្តទុកដាក់​អំពី​បញ្ហា​អស់ទាំង​នឹង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម