​កសិករ​ស្រុក​កំពង់សៀម​សម្រុក​សាបព្រោះ​ស្រូវប្រដេញទឹក​និង​ស្រូវប្រាំង​

3171
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: ប្រជាកសិករ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​សម្រុក​សាប ព្រោះស្រូវ​ប្រដេញទឹក​និង​ស្រូវប្រាំង​បាន​រួចរាល់​ស្ទើរ​១០០​ភាគរយ​ហើយ​មកទល់​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៨​នេះ​។​

ក្រោយពី​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ​ផុត​ច្រាំង​ជាច្រើន​ម៉ែត្រ​នោះ​។​ប៉ុន្តែ​មន្ត្រី​ជំនាញ​កសិកម្ម​សម្តែង​ការ​ខ្វាយខ្វល់​អាច​នឹង​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​និង​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមសត្វ បណ្តាល​ពី​ទឹកទន្លេ​មេគង្គ​ឆ្នាំ​២០១៨ នេះ​បាន​ស្រក​លឿន​រហ័ស​ជាង​ឆ្នាំ ២០១៧​។​

​អ្នកស្រី អ៊ុច សុភា ដែល​កំពុង​សាបព្រោះ ស្រូវប្រដេញទឹក​នៅ​តំបន់​ព្រែក​ត្នោត ភូមិ​រអាង​ក្រោម ឃុំ​រអាង បាន​និយាយ​ឲ្យ​ដឹងថា ស្រូវ​ដែល​អ្នកស្រី​កំពុង ព្រោះនេះ ជា​ប្រភេទ​ស្រូវស្រាល មាន​អាយុ បី​ខែ​បាន​ប្រមូល​ផល​ហើយ​។

ជា​ពូជស្រូវ​ឈ្មោះ « ៤៩» ដែល​បាន​ទិញ​ពី​ឈ្មួញ មួយ​គីឡូក្រាម​តម្លៃ ២.៨០០​រៀល​។​ដោយ​ប្រើប្រាស់​ពូជ​ចំនួន​៤០​គីឡូក្រាម​ដើម្បី​សាបព្រោះ​លើ​ផ្ទៃដី​ចំនួន​ប្រាំ​ស្រែ​ដែល​ប្តី​កំពុង​ភ្ជួរ​រាស់​នេះ​។​

​ស្ត្រី​ដែលមាន​វ័យ​៤២​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ស្រែ​ចំនួន​ប្រាំ​នេះ​គឺ​គ្រួសារ​អ្នកស្រី​ប្រើប្រាស់​បូមទឹក​ពី​ស្រះ​ទំហំ​ទទឹង​២០​ម៉ែត្រ​និង​បណ្តោយ​៥០​ម៉ែត្រ​។​បី​ខែក្រោយ​ដល់ពេល​ស្រូវ​ទុំ​ប្រមូល​បានផ្តល់​ទិន្នផល​ជា​មធ្យម​ចំនួន​ប្រាំបី​បេ​(​ការុង​)​និង​ទិន្នផល​ឆ្នាំ​ដែល​ល្អ​ខ្ពស់បំផុត​ឡើងដល់​ចំនួន​១០​បេ​ដែល​ក្នុង​មួយ​បេ​ទម្ងន់​៤០​គីឡូក្រាម​។​

ទិន្នផល​នេះ​មិនអាច​ផ្គត់ផ្គង់​គ្រួសារ​អ្នកស្រី​ដែលមាន​សមាជិក​ចំនួន បួន នាក់​បានទេ​។ ប៉ុន្តែ​ជា​ទៀត​ទាត់​ដី​នៅ​ចំណុច​នេះ​ក្រោយ ពី​ទឹកទន្លេ​ស្រក ដាំ​ដុះ​បាន​ផល​តែ​ដំណាំ​ស្រូវ ហើយ​បន្ទាប់មក គឺ​ដាំ​ល្ង​។​

លោក អ៊ិន គឹមហួន មេឃុំ​រអាង​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៨ តុលា​នេះ​ថា គិត​ត្រឹម​សប្តាហ៍​ទី​២ ខែតុលា​នេះ កសិករ​បាន​សាប ព្រោះ ជិត​រួចរាល់​ហើយ​លើ​ស្រូវប្រដេញទឹក​សរុប​ចំនួន ៦៤,៧០​ហិកតា និង​ស្រូវប្រាំង​ចំនួន​១០៨,៥៤​ហិកតា​។​

កត្តា​ដែល​ពួកគាត់​ជា​កសិករ​ប្រញាប់​រូតរះ​សាបព្រោះ​ស្រូវ​ទាំង​ពីរបាន​លឿន​បែបនេះ​ដោយ​ទឹកទន្លេ​បាន​ស្រក​ចុះ​យ៉ាង​ប្រញាប់​ហើយ​ម្យ៉ាង​ក៏​ខ្សត់​ទឹកភ្លៀង​ទៀត​។​

​លោក​មេឃុំ​បាន​បន្តថា​ទូទាំង​ឃុំ​រអាង​ក្រៅពី​ផ្ទៃដី​ដំណាំ​ស្រូវ​ទាំងពីរ​ប្រភេទ​ខាងលើ​យើង​មាន​ផ្ទៃដី​ដំណាំ​រួមផ្សំ​ចំនួន ៤៣៧ ហិកតា ,​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​ចំនួន ១.២៩៦ ហិកតា និង​ផ្ទៃ​លំនៅស្ថាន​ចំនួន ៤០៩,៩៧ ហិកតា​។ មាន​ប្រជាពលរដ្ឋ​ចំនួន ២.៩៨១ គ្រួសារ ស្មើនឹង​ចំនួន ១១.៧៧៧ នាក់ គឺ​ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៥.៩៨៥ នាក់​។​

​លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ខាង​លោក​នៅ​មិនទាន់បាន​ស្រង់​ចំនួន​កសិករ​ដាំ​ដំណាំ​ក្រោយពី​ទឹកទន្លេ​មេគង្គ​ស្រក​ផុត​ច្រាំង​នោះទេ​។

ប៉ុន្តែ​សូម​សម្តែង​ការ​ខ្វាយខ្វល់​បញ្ហា​កសិករ​ប្រឈម​រឿង​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​និង​ការ​ចិញ្ចឹមសត្វ​នាពេលខាងមុខ​។​ដោយ​ទឹកទន្លេ​មេគង្គ​ឆ្នាំ​២០១៨​នេះ​បាន​ស្រក​ចុះ​លឿន​ជាង​កាលពី​ឆ្នាំ​២០១៧​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ​ខ្វះ​ទឹក​នាពេលខាងមុខ​យើង​សូម​ចាត់​នូវ​វិធានការ​ចាំបាច់​និង​បន្ទាន់​ជូន​បងប្អូន​ប្រជាកសិករ​ដូចតទៅ​:​ត្រូវ​ឧស្សាហ៍​ចុះទៅពិនិត្យ​ស្រែ រៀបចំ​ភ្លឺស្រែ​ដើម្បី​រក្សា​ទឹក​ក្នុង​ស្រែ​ធានា​ឲ្យ​បានយូរ​នៅក្នុង​ស្រែ​បង្ការ​ពេលខាងមុខ​គ្មាន​ភ្លៀង​។ត្រូវ​ថែរក្សា​ទឹក​ក្នុង​ប្រឡាយ​ស្រះ​បឹង​ត្រពាំង​និង​ប្រភពទឹក​ផ្សេងទៀត​ដែលមាន​ទឹក​កុំ​ឲ្យ​ហូរ​ទៅ​ទំនាប​ក្រោម​។

ម្ចាស់​ស្រែ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ធ្វើការ​ហាមឃាត់​និង​ណែនាំ​ដល់​ប្រជាជន​ដែល​គាត់​បង្ហូរទឹក​ចេញពី​តំបន់​មាន​ប្រភពទឹក​ក្នុង​បំណង​ចាប់​ត្រី​។​ត្រូវ​យកចិត្តទុកដាក់​លើ​របប​ទឹកទន្លេ​មេគង្គ​និង​ទន្លេសាប​ដែល​ត្រូវ​ហូរ​ចូលក្នុង​អាងទឹក​ព្រែក​បឹង​ប្រឡាយ​និង​អូរ​ដែលជា​ទឹក​សម្រាប់​ត្រៀម​បម្រុង​សម្រាប់​ធ្វើស្រែ​នា​រដូវប្រាំង​ខាងមុខ​នោះ​៕S/

​រូប​::​សកម្មភាព​ប្រជាកសិករ​នៅ​ឃុំ​រអាង​ស្រុក​កំពង់ចាម​កំពុង​មមាញឹក​សាបព្រោះ​ស្រូវប្រដេញទឹក និង​ស្រូវប្រាំង ខណ​:​ដែល​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ​លឿន​ជាង​ឆ្នាំ​២០១៧​។​

​រូប​::​សកម្មភាព​ប្រជាកសិករ​នៅ​ឃុំ​រអាង​ស្រុក​កំពង់ចាម​កំពុង​មមាញឹក​សាបព្រោះ​ស្រូវប្រដេញទឹក និង​ស្រូវប្រាំង ខណ​:​ដែល​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ​លឿន​ជាង​ឆ្នាំ​២០១៧​។​

ទីតាំងផ្សាយពាណិជ្ជកម្ម