រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​លើកស្ទួយ​វិស័យ​ការងារ និង​កិច្ច​គាំពារ​សង្គម​កាន់តែ​ល្អប្រសើរ​ជាង​មុន​

1114
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លើកឡើងថា ចាប់ពី​ដើមឆ្នាំ​២០១៩​ខាងមុខនេះ ទៅ​នៅពេលដែល​រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​នូវ​វិស័យ​ការងារ និង​កិច្ច​គាំពារ​សង្គម​អាច​នឹង​ជួយ​លើកកម្ពស់​នូវ​វិស័យ​ទាំងនេះ កាន់តែ​ល្អប្រសើរ​ជាង​នាពេល​បច្ចុប្បន្ន​ថែមទៀត​។​

​ការបញ្ជាក់​បែបនេះ​រប​ស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣​នា សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​កន្លងមក​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​ដៃគូ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣​នា សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨(​រូប​៖​ដេប៉ូ​)

​លើកឡើង​ក្នុង​ពិធី​នេះ លោក អ៊ិត សំហេង​បានឱ្យដឹងថា​ក្រោយពី​ច្បាប់​ស្ដីពី​កិច្ច​គាំពារ​សង្គម នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​នេះ​គឺ​រាជរដ្ឋាភិបាល​នឹង​អនុវត្ដ​នូវ​កិច្ច​គាំពារ​សង្គម និង​ផ្នែក​គ្រោះថ្នាក់​ការងារ នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ ហើយ​ព្រម​ជាមួយគ្នា​បុគ្គលិក កម្មករ​-​កម្ម​ការ​នី នឹង​ទទួលបាន​នូវ​កិច្ច​គាំពារ​សង្គម​នេះ នឹងមាន​ភាពល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន​នេះ​ទៀតផង​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ឱ្យដឹងថា​វិស័យ​ការងារ និង​កិច្ច​គាំពារ​សង្គម គឺ​កម្ពុជា​ទទួលបាន​ជោគជ័យ​នៅក្នុង​នីតិកាល​ទី​៥​កន្លងមក ដោយបាន​អភិវឌ្ឍន៍​វិស័យ​ការងារ និង​សិទ្ធិសេរីភាព​នៅក្នុង​វិស័យ​ការងារ ដែល​ត្រូវ​បានទទួល​នូវ​កិច្ច​គាំពារ​តាមរយៈ​ការ​អនុវត្ដ​ច្បាប់ ស្ដីពី​ការងារ និង​ច្បាប់ ស្ដីពី​សហជីព​ជាដើម​។ ព្រម​ជាមួយគ្នានេះ​ចំពោះ​ការអនុវត្ត​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣​កម្ពុជា​ក៏បាន​កំណត់​អទិភាព​ចំនួន​៣​ដែរ​គឺ ទី​១- ការលើកកម្ពស់​ទំនាក់​ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ​, ទី​២- ការបង្កើត​ការងារ​ថ្មីៗ និង​ទី​៣- ការលើកកម្ពស់ និង​ការពង្រីក​ការ​គាំពារ​សង្គម និង​អនាម័យ និង​សុវត្ថិភាព​ការងារ​។

​លោក​បន្ថែមថា កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣​នេះ​ត្រូវ​ទាមទារ​ការចូលរួម​អនុវត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានកំណត់​ច្បាស់​ថា ការងារ​សមរម្យ គឺជា​មជ្ឈមណ្ឌល​សម្រាប់​ការប្រមូលផ្តុំ​កិច្ចខិតខំ​នានា ដើម្បី​លុបបំបាត់​ភាពក្រីក្រ និង​ជាម​ធ្យោ បាយ​សម្រាប់​សម្រេចបាន​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព សមធម៌ និង​បរិ​យា​ប័ន្ន ដែលជា​កត្តា​គន្លឹះ​បង្កើតឱ្យមាន​ឱកាស​ការ​ងារ ផលិតភាព ផ្តល់​ចំណូល​ត្រឹមត្រូវ កន្លែងធ្វើការ​មាន​សុវត្ថិភាព និង​មានការ​គាំពារ​សង្គម​សម​ស្របតាម​ដំណាក់កាល​នីមួយៗ​នៃ​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ថា ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣​នេះ គឺជា​តម្រូវ​ការចាំបាច់ និង​ត្រូវ​រៀបចំ​ឲ្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​ក្របខណ្ឌ​អភិវឌ្ឍន៍​ជាតិ​ក៏ដូចជា យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣​។​
​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​កម្ពុជា​បាន​កសាង និង​អនុវត្ត​នូវ​កម្មវិធី​ការងារ​សមរម្យ​បាន​ចំនួន​៤​លើក​រួចមកហើយ​។

​កម្មវិធី​នេះ​នឹង​ជួយ​ចង្អុលបង្ហាញ​អំពី​ការកំណត់​អាទិភាព​លើ​ការគាំទ្រ ដោយ​ផ្ដោត​គោលដៅ​ពិសេស​ទៅកាន់​ក្រុមកម្មករ​ដែល​ងាយ​រងគ្រោះ និង​ដើម្បី​ភ្ជាប់​ការពាក់ព័ន្ធ​ឱ្យមាន​ប្រសិទ្ធ ភាព​បំផុត​នៅក្នុង​ចំណុច​អាទិភាព អភិវឌ្ឍន៍​ជាតិ​ក្នុងការ​គាំទ្រ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព ក្នុងខណៈពេល​ដំណើរការ​របៀបវារៈ​នៃ​ការងារ​សមរម្យ​កម្រិត​ខ្ពស់​នៅ​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម