ស្ថាប័ន​គណនេយ្យ កម្ពុជា​-​ម៉ា​ឡ​ស៊ី ចុះ​អនុស្សរណៈ ពង្រឹង​កិច្ចសហប្រតិបត្តិការ​

1333
ចែករម្លែក

​​ដោយ​៖​គ​ន្ធា / ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ មាន​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ យោគយល់​គ្នា​មួយ រវាង​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា និង​វិទ្យាស្ថាន គណនេយ្យករ​ជំនាញ ម៉ាឡេស៊ី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ក្នុង​ការកសាង​ភាពជា​ដៃគូ រវាង​ស្ថាប័ន​ទាំងបី ដើម្បី​អភិវឌ្ឍន៍​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម នៅ​កម្ពុជា ជាពិសេស​ការពង្រឹង​សមត្ថភាព វិជ្ជាជីវៈ​គណនេយ្យ ដើម្បី​គាំទ្រ​ដល់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។​

​អនុស្សរណៈ​យោគយល់​គ្នា​នេះ បាន​ត្រូវ​ចុះហត្ថលេខា ដោយ​លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​ក្រុម​ប្រឹក្សាជាតិ គណនេយ្យ (​ក​.​ជ​.​គ​.) និង​ជា​ស្នងការ​រាជរដ្ឋាភិបាល ប្រចាំ​វិទ្យាស្ថាន គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា និង​កញ្ញា ហេង សិ​តា ប្រធាន​វិទ្យាស្ថាន គណនេយ្យករ​ជំនាញ និង​សវ​ករ​កម្ពុជា (​វ​.​គ​.​ស​.​ក​.) លោក សាលី​ហីន អា​បាំង ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ ជំនាញ​ម៉ាឡេស៊ី ។​

​គោលបំណង នៃ​ពិធី​ចុះហត្ថលេខា​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ក្នុង​ការកសាង​ភាពជា​ដៃគូ រវាង​ស្ថាប័ន​ទាំងបី ដើម្បី​អភិវឌ្ឍន៍ វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា ជាពិសេស​ការពង្រឹង សមត្ថភាព​វិជ្ជាជីវៈ គណនេយ្យ ដើម្បី​គាំទ្រ​ដល់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។​

តាមរយៈ​អនុស្សរណៈ យោគយល់​គ្នា​នេះ ស្ថាប័ន​ទាំងបី នឹងធ្វើ​កិច្ចការ​រួមគ្នា ដើម្បី​ជំរុញ និង​ធ្វើ​ឲ្យ​បានសម្រេច ស្តង់ដា​វិជ្ជាជីវៈ ក្រមសីលធម៌ និង​អភិបាលកិច្ច ខ្ពស់បំផុត និង​ក៏​ដើម្បី​គាំទ្រ​ដល់ ការអភិវឌ្ឍ​វិជ្ជាជីវៈ គណនេយ្យ និង​សវនកម្ម នៅ​កម្ពុជា​។​

​លោក ងី តា​យី បាន​មានប្រសាសន៍ ក្នុងឱកាស​នោះ​ថា “​បញ្ញត្តិ​ករ ស្ថាប័ន​វិជ្ជាជីវៈ និង​អ្នកជំនាញ​វិជ្ជាជីវៈ មាន​តួនាទី​ស្នូល ក្នុងការ​ការពារ ផលប្រយោជន៍​សាធារណៈ និង​ប្រសូត្រ​កម្ម​តម្លៃ របស់​មហាជន​។ ក្នុងនាម​ជា​បញ្ញត្តិ​ករ វិជ្ជាជីវៈ​គណនេយ្យ នៅ​កម្ពុជា ក​.​ជ​.​គ​. មាន​សេចក្តី សោមនស្ស​រីករាយ ក្នុង​ការធ្វើ​សហប្រតិបត្តិការ ជាមួយ​វិទ្យាស្ថាន គណនេយ្យករ​ជំនាញ ម៉ាឡេស៊ី ដើម្បី​លើកស្ទួយ​វិជ្ជាជីវៈ​និយម និង​ស្តង់ដារ ក្រមសីលធម៌ ឲ្យ​ដល់​កម្រិត​ខ្ពស់​មួយ​។

​ដោយឡែក កញ្ញា ហេង សិ​តា បាន​មានប្រសាសន៍ថា វ​.​គ​.​ស​.​ក​. មាន​សេចក្តីសោមនស្ស​រីករាយ ដោយបាន​ធ្វើ កិច្ចសហប្រតិបត្តិការ ជាមួយនឹង​វិទ្យាស្ថាន គណនេយ្យករ ម៉ាឡេស៊ី ហើយ ស្ថាប័ន​ទាំងពីរ នឹង​ខិតខំ​បម្រើ ផលប្រយោជន៍​រួម របស់​សមាជិក ក៏ដូចជា សាធារណៈជន និង​ខិតខំ​កសាង​សមត្ថភាព និង​លទ្ធភាព​កាន់តែខ្លាំង​ឡើង នៃ​វិជ្ជាជីវៈ​គណនេយ្យ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​។ ដោយ​ឈរលើ ផលប្រយោជន៍ ទៅវិញទៅមក ស្ថាន​ប័ន​ទាំងពីរ នឹង​ធ្វើការ​ជាមួយគ្នា លើ​គំនិត​ផ្តួចផ្តើម​នានា ដែល​ពាក់ព័ន្ធ ជាមួយនឹង​ការអប់រំ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការសិក្សា​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​វិស័យ​គណនេយ្យ និង​សវនកម្ម​។ កិច្ចសហប្រតិបត្តិការ​នេះ ក៏​នឹង​លើកស្ទួយ​ផលប្រយោជន៍ និង​សមត្ថភាព របស់​អ្នក​វិជ្ជាជីវៈ​គណនេយ្យ និង​ធ្វើ​ឲ្យ​អ្នក​វិជ្ជាជីវៈ ក្លាយជា​តម្រូវការ ដ៏​ចាំបាច់ របស់​អាជីវកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

​លោក សាលី​ហីន អា​បាំង បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​នេះ គឺជា​ភាពជា​ដៃគូ ដ៏​មាន​សារៈសំខាន់ ដោយហេតុថា វា​ជា​កិច្ចសហប្រតិបត្តិការ ដែល​នឹង​បន្ត​ទៅមុខ ជាច្រើន​ឆ្នាំ​ទៀត ហើយ​ការធ្វើការ​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ក​.​ជ​.​គ​. និង វ​.​គ​.​ស​.​ក​. គឺជា​ផ្នែក​ដ៏​សំខាន់​មួយ នៃ​យុទ្ធសាស្ត្រ របស់​វិទ្យាស្ថាន គណនេយ្យករ​ជំនាញ ម៉ាឡេស៊ី​។ លោក​មានជំនឿថា កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ទាំងបី នឹង​ធានាបាន​នូវ​ការអភិវឌ្ឍ នៃ​វិជ្ជាជីវៈ​គណនេយ្យ សវនកម្ម និង​ហិរញ្ញវត្ថុ និង​ជា​ប្រភា​គារ នៃ​វិស្សុតភាព នៅ​កម្ពុជា​។​

​ជា​មូ​យ​គ្នា​នេះ លោក ងី តា​យី ក៏បាន​ថ្លែងអំណរគុណ ដល់​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ ម៉ាឡេស៊ី ដែល​បានផ្តល់ កិច្ចសហប្រតិបត្តិការ​នេះ និង​សំណូមពរ ដល់​វិទ្យាស្ថាន បន្ត​គាំទ្រ​ថែមទៀត ដល់​ស្ថាប័ន​ជាតិ ទាំងពីរ​នេះ​៕v

លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច បាន​អញ្ជើញ​ចូលរួម​ពិធី​ចុះហត្ថលេខា រវាង​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ វិឡា​ស្ថាន​គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា និង​វិឡា​ស្ថាន​គណនេយ្យករ​ជំនាញ ម៉ាឡេស៊ី ។ ( រូបថត គ​ន្ធា )

ទីតាំងផ្សាយពាណិជ្ជកម្ម