សហភាព​អឺរ៉ុប​ក​សាង​ទំនាក់ទំនង​ជាមួយ​អាស៊ី​នៅ​ចំពោះ​មុខការ​គាំពារ​និយម​របស់​អាមេរិក​

998
ចែករម្លែក

​មេដឹកនាំ​អឺរ៉ុប​បាន​ស្វែងរក​ការគាំទ្រ​ពី​អាស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​តុលា​ក្នុងការ​ការពារ​ពាណិជ្ជ​កម្ម​សេរី​និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​នៃ​ការ​គាំពារ​និយម​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។​

​រដ្ឋ​ទាំង ២៨ របស់​សហភាព​អឺរ៉ុប​ត្រូវបាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ដោយ​មេដឹកនាំ​អាស៊ី​ជាង ២០ នាក់ រួមទាំង​លោក​លី កេ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន លោក ស៊ិន ហ្សូ​អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជែ​អ៊ី​ន​។​

​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌី​មេ​ទ្រី ម៉េ​ត​វ៉េ​ដេ​វ ក៏​កំពុង​ចូលរួម​ផងដែរ ទោះបី​ជាមាន​ភាព​តានតឹង​ជុំវិញ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​លើ​ស្ថាប័ន​អន្តរជាតិ​និង​លទ្ធិប្រជាធិបតេយ្យនៅ​អឺរ៉ុប​ក៏ដោយ​។​

​ចំពេល​កំពុងមាន​ជម្លោះ​ពន្ធគយ​ដ៏​ជូរចត់​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ពួក​មេដឹកនាំ​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រើប្រាស់​កិច្ចពិភាក្សា​រយៈពេល​២​ថ្ងៃនេះ​ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​ដែល​ផ្អែកលើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស់ បាន​ថ្លែង នៅពេល​លោក​បើក​កិច្ចប្រជុំ​កំពូល​នេះ​ថា “​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ដោះស្រាយ​ភ្លាមៗ​ដោយ​គ្មាន​ច្បាប់​ច្បាស់លាស់ ខ្ញុំ​សូម​និយាយថា វា​គ្មាន​តម្លៃ​ទេ​។ ពិភពលោក​គ្មាន​ច្បាប់ តាម​និយមន័យ គឺ ពិភពលោក​ភាពវឹកវរ​”​។​

​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គឺ​រី​នី បាន​ទទូចថា​នៅពេល​លោកស្រី​បានមក​ដល់​ថា វា​មិនមែនជា​កិច្ចប្រជុំ​ប្រឆាំងនឹង​ត្រាំ​ទេ មុនពេល​លើក​បង្ហាញ​ពី​វិស័យ​ខុសប្លែកគ្នា​ជាច្រើន​នាពេល​បច្ចុប្បន្ន​រវាង​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។​

​លោកស្រី​បាន​និយាយថា “​យើង​មិន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ប្រឆាំងនឹង​នរណាម្នាក់​ទេ​។ យើង​មាន​របៀបវារៈ​របស់​យើង​។ វា​ជា​របៀបវារៈ​ច្បាស់លាស់​ដែល​គាំទ្រ​ពហុភាគី​និយម ដែល​ចាប់ផ្តើម​ពី​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិ សកម្មភាព​ប្រែប្រួល​អាកាសធាតុ ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​និង​យុត្តិធម៌ ការមិន​រីកសាយ​អាវុធ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា ដែល​គាំទ្រ​ដល់​សាកលលោក​ដែល​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​”​។​

​បន្ទាប់ពី​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ពួក​មេដឹកនាំ​បាន​ឈានដល់​កិច្ចចរចា​ចូលដល់​ថ្ងៃ​សុក្រ​ខណៈដែល​សិង្ហបូរី​និង​វៀតណាម​ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​នៅក្រៅ​ព្រឹត្តិការណ៍​នេះ​។​

​ការធូរស្រាល​ស្ថានការណ៍​នៅ​កូរ៉េ​ក៏​នឹង​ស្ថិតនៅក្នុង​របៀបវារៈ​ផងដែរ ជាមួយ​មន្ត្រីជាន់ខ្ពស់​ស​ហ​ភាព​អឺរ៉ុប​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​លោក​មូ​ន ដែល​កាលពីដើម​សប្តាហ៍​នេះ​បាន​និយាយថា មហាអំណាច​ពិភពលោក​ត្រូវ​ធានា​ដល់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ថា​លោក​បានធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុងការ​ប្តេជ្ញា​លុបចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​។​

​សហភាព​អឺរ៉ុប​ក៏​នឹង​ព្យាយាម​បង្កើន​ការគាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ នៅពេល​អាមេរិក​ដកខ្លួន​ចេញ​កាលពីដើម​ឆ្នាំនេះ​និង​បានដាក់​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ថ្វីបើ​មានការ​អំពាវនាវ​យ៉ាងខ្លាំង​ក្លា​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​ក្តី​។​

​រដ្ឋាភិបាល​ក្រុង​ព្រុ​ច​សែ​ល​កំពុង​ស្វែងរក​ការបង្កើន​តួនាទី​របស់ខ្លួន​នៅក្នុង​កិច្ចការ​ការទូត​អន្តរជាតិ ដោយ​ឆ្លើយតប​ទៅតាម​ការអំពាវនាវរ​បស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ហ្ស​ង់ ក្លោដ​ចាំង​ឃើ ដើម្បីឱ្យ​សហភាព​អឺរ៉ុប​បង្កើត​គោលនយោបាយ​បរទេស​រឹងមាំ​ដើម្បី​សម​នឹង​អំណាច​សេដ្ឋកិច្ច​របស់ខ្លួន​។​

​មេដឹកនាំ​ទាំងអស់​នឹង​ពិភាក្សា​ពី “​យុទ្ធសាស្ត្រ​ត​ភ្ជាប់​អាស៊ី​ថ្មី​របស់​សហភាព​អឺរ៉ុប​” ដែលមាន​គោលបំណង​ដើម្បី​កែលម្អ​ការដឹក​ជ​ញ្ចូ​ន ទំនាក់ទំនង​ឌីជីថល និង​ថាមពល រវាង​ទ្វីប​ទាំង​២ ខណៈ​លើកកម្ពស់​ស្តង់ដារ​បរិស្ថាន​និង​កម្លាំង​ពលកម្ម​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់ ក្លោដ​ចាំង​ឃើ (​ស្តាំ​) នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន ហ្សូ​អា​បេ (​កណ្តាល​) និង ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស់ (​ឆ្វេង​)

ទីតាំងផ្សាយពាណិជ្ជកម្ម