ត្រាំ​គំរាម​ប្រើ​ទ័ព​បិទ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក

1026
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​តុលា​បាន​ចោទប្រកាន់​បណ្តា​ប្រទេស​អាមេរិក​កណ្តាល គឺ អែល​សាល់​វើ​ឌ័​រ ក្វា​តេ​ម៉ា​ឡា និង ហុង​ឌូ​រ៉ា​ស ថា​បាន​ប្រព្រឹត្ត “​បំពាន​” មកលើ​សហរដ្ឋអាមេរិក​ដោយ​អនុញ្ញាតឱ្យ​មនុស្ស​ធ្វើដំណើរ​មក​ភាគ​ខាងជើង​ចូលទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​លោក​ត្រាំ​បាន​បន្ត​គំរាម​ប្រើប្រាស់​យោធា​ដើម្បី​បិទ​ព្រំដែន​ប្រសិនបើ​ម៉ិ​ក​ស៊ិ​ក​មិន​បញ្ឈប់​ជនអន្តោប្រវេសន៍​កុំឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​។

​លោក​ត្រាំ​បាន​អំពាវនាវ​ដល់​ម៉ិ​ក​ស៊ិ​ក​ឱ្យ​បញ្ឈប់​ជនអន្តោប្រវេសន៍​និង​បាន​ព្រមាន​ថា​គាត់​នឹង​បញ្ឈប់​ការផ្តល់​ជំនួយ​ដល់​បណ្តា​ប្រទេស​អាមេរិក​កណ្តាល “​ដែល​ហាក់ដូចជា​មិនបាន​គ្រប់គ្រង​លើ​ប្រជាជន​របស់ខ្លួន​ទាល់តែសោះ​”​។​

​ការគំរាមកំហែង​រប​ស់​ត្រាំ ដែល​លេចឡើង​នៅក្នុង Twitter ជា​ហូរហែ បានកើត​ឡើង ខណៈដែល​ជន​ចំណាកស្រុក​រាប់ពាន់នាក់​បានធ្វើ​ដំណើរ​ឆ្លងកាត់​ក្វា​តេ​ម៉ា​ឡា​ឆ្ពោះទៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​

​ក្បួន​ជនអន្តោប្រវេសន៍​ត្រឹមតែ​១​ខ្សែ ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​ពី ១.៥០០ ទៅ ៣.០០០ នាក់ បាន​ចាក​ចេញពី​ប្រទេស​ហុង​ឌូ​រ៉ា​ស ទៅ​ភាគ​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ មនុស្ស​ជាច្រើន​ដែល​កំពុង​គេច​ចេញពី​អំពើហិង្សា​បង្កដោយ​ក្រុម​ជន​អន្ធពាល​និង​ភាពក្រីក្រ ត្រូវគេ​ជឿថា​កំពុង​ស្វែងរក​ផ្លូវ​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក​។ អ្នកខ្លះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ពួកគេ​មាន​គម្រោង​សម្រុកចូល​ម៉ិ​ក​ស៊ិ​ក​ទ្រង់ទ្រាយ​ធំ​។​

​សារ Twitter ជាច្រើន​របស់​ត្រាំ​ក៏បាន​ស្តីបន្ទោស​គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ​ចំពោះ​ស្ថានភាព​នេះ ដោយ​អះអាងថា​ច្បាប់​ទន់ខ្សោយ​គឺ​គួរតែ​ត្រូវ​ស្តីបន្ទោស ហើយ​បាន​និយាយថា​ជន​ចំណាកស្រុក​ទាំងនោះ​ក៏​រួមមាន​ទាំង​ពួកឧក្រិដ្ឋជន​ដែរ​។ គេ​នៅ​មិនដឹង​ច្បាស់​ថា​តើ​ការគំរាមកំហែង​របស់​លោក​ត្រាំ អាច​នឹង​នាំឱ្យមាន​ការដាក់​ពង្រាយ​យោធា​ឬ​យ៉ាងណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​គំរាម​បិទ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ប្រសិនបើ​ម៉ិ​ក​ស៊ិ​ក​មិន​បញ្ឈប់​លំហូរ​ចូល​របស់​ជនអន្តោប្រវេសន៍