កាកបាទក្រហម​តែង​រួសរាន់​ក្នុងការ​សម្រាល​ទុក្ខលំបាក​របស់​ពលរដ្ឋ​

1020
ចែករម្លែក

ដោយ​: បូកគោ / កែបៈ ក្នុងន័យ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​ដោយ​ភាពរួស​រាល់​ចំពោះ​ទុក្ខលំបាក​របស់​ពលរដ្ឋ​ទូទៅ នា​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​ចុះ​ជួប​រំលែក​ក្តីកង្វល់ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ជនរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ដំណាក់​ចង្អើរ កាលពី​ថ្ងៃទី​១៨ ខែតុលា​ថ្មីៗ កន្លងទៅនេះ​។​

​នៅ​សាលប្រជុំ​សាលាស្រុក​ដំណាក់​ចង្អើរ ក្នុងនាម​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប លោក កែន ស​ត្ថា បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ក្តី​ទុក្ខលំបាក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជិត​១៩០​គ្រួសារ មកពី​ឃុំ​ពងទឹក និង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្មីៗ​នេះ​។ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​តែង​គិតគូរ​រាល់​ក្តី​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច​ដោយ​មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្ថិតនៅ​ឯកា ឬ​ខ្វះ​អាហារ​ឡើយ​។ ជាក់ស្តែង​នាពេលនេះ ក្រោយពី​បានទទួល​ដំណឹង​ថា មាន​ករណី​ខ្យល់​កន្ត្រាក់​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ស្រុក​ដំណាក់​ចង្អើរ​កាលពី​រសៀល​ថ្ងៃ​តី​១៨ ខែតុលា ឆ្នាំ​២០១៨ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ណែនាំ​ដល់​ក្រុមការងារ​ខេត្ត​កែប ឱ្យ​ចុះ​មកជួប​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្ស ធម៌​ជា​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ដើម្បី​រំលែក​ការលំបាក​ភ្លាមៗ​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​ទទួល​អំណោយ​មាន​១៨៩​គ្រួសារ មកពី​ភូមិ​ចំនួន​ប្រាំ​នៃ​ឃុំ​ពងទឹក និង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​។ អំណោយ​ដែល​សាខា​កាកបាទក្រហម​ខេត្ត​កែប​ផ្តល់ជូន​នាពេលនេះ រួមមាន អង្ករ​២០​គីឡូក្រាម មី​១​កេស ត្រីខកំប៉ុង​១​ឡូ និង​ថវិកា​ពី​៥​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល​តាម​ស្ថានភាព​នៃ​ការខូចខាត​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំងក្លា​បាន​បោកបក់​ចំ​ភូមិសាស្ត្រ​ឃុំ​ពងទឹក និង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ប៉ះ​លើ​ភូមិ​ចំនួន​ប្រាំ គឺ​ភូមិរ​នេស ភូមិ​អូរ​ដូង ភូមិ​ភ្នំ​លាវ ភូមិ​កោះ​សោម និង​ភូមិ​អំពែង ដោយ​បណ្តាលឱ្យ​ពលរដ្ឋ​រងគ្រោះ​១៨៩​គ្រួសារ ក្នុងនោះ​ធ្ងន់ធ្ងរ​៦៧​គ្រួសារ​។ ជាមួយនឹង​ហេតុការណ៍​នេះ​ផងដែរ បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​៕ ល​