រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ដែនជម្រកសត្វព្រៃ “​សំបូរ​”

1538
ចែករម្លែក
  • 32
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​ដែនជម្រកសត្វព្រៃ​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា “​ដែនជម្រកសត្វព្រៃ​សំបូរ​” នៅលើ​មាន​ផ្ទៃដី​សរុប ៥០០៩​ហិកតា ស្ថិតក្នុង​ភូមិសាស្ដ្រ​ស្រុក​សំបូរ ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ ដែលមាន​ហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ទទួលបាន​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​។​

​នៅក្នុង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ដែនជម្រកសត្វព្រៃ “​សំបូរ​” ត្រង់​មាត្រា​២ បាន​ចែងថា អនុក្រឹត្យ​នេះ​មាន​គោលបំណង​ដើម្បី​ធានា​ឲ្យ​មានការ​ថែទាំ​ជម្រក​សត្វព្រៃ សត្វ​ស្លាប និង​ប្រពន្ធ​អេកូឡូស៊ី សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ ព្រមទាំង​ធានា​ឲ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វព្រៃ សត្វ​ស្លាប រុក្ខជាតិ និង​ជីវៈចម្រុះ​។ រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។ ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព​។ លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុងការ​ថែរក្សា​ការពារ​អភិរក្ស និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​។ ដោយ​នៅក្នុង​មាត្រា​៣ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់ថា ផ្ទៃដី​នៃ​អនុក្រឹត្យ​ដែនជម្រកសត្វព្រៃ “​សំបូរ​” នេះ មិន​រួមបញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។ មាត្រា​៤៖ ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​ដែនជម្រកសត្វព្រៃ “​សំបូរ​”​ដោយ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តក្រចេះ និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូ​ឡី​ស៊ី ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម