​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​នាយករដ្ឋមន្ត្រី​ន័​រវេ​ស​ថា​៖​កម្ពុជា​អាចជា​ដៃគូ​ក្នុង​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​ពាក់ព័ន្ធ​ទៅ​និង​បរិស្ថាន​ក្នុង​មហាសមុទ្រ

1218
ចែករម្លែក

​ភ្នំពេញ​៖​បន្ទាប់ពី​បញ្ចប់​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី ១២ រួចមក​នៅ​រសៀល​ថ្ងៃទី​១៩ តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ លោកស្រី អេ​ម៉ា សូល​ប៊ែ​ល (Ema Solbeng) នាយករដ្ឋមន្ត្រី​ន័​រ​វែ​ស​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​ទ្វេភាគី ។​
​ ​ ​
​លោកស្រី អេ​ម៉ា សូល​ប៊ែ​ល នាយករដ្ឋមន្ត្រី​ន័​រ​វែ​សមាន​ប្រសាសន៍ថា​បើទោះបី​ជា​លោកស្រី​មិនបាន​ទៅកាន់​ប្រទេស​កម្ពុជា​ក៏ពិតមែន​ប៉ុន្តែ​លោកស្រី​បានទទួល​នូវ​ព័ត៌មាន​និង​រូបភាព​ដ៏​ល្អ​ពី​ប្រទេស​កម្ពុជា​ដោយ​ចាត់ទុក​កម្ពុជា​គឺ ជា​ប្រទេសមួយ​ដ៏​ស្រស់បំព្រង  ។ លោកស្រី​មានប្រសាសន៍​បន្តថា​ប្រទេស​ន័​រវែ​សមាន​ឆ​ន្ទះ​ខ្ពស់​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជាពិសេស​ការផ្តល់​ជំនួយ​ដល់​ការស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។ លោកស្រី​បន្តថា​ទម្រាំ​តែ​ពិភពលោក​បានដឹង​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​គឺ​បាន​ចំណាយពេល​វេលា​ដ៏​យូរ​និង​មាន​ភាពស្មុគស្មាញ ។ ជាមួយនិង​សកម្មភាព​ដែល​ប្រទេស​ន័​រ​វែ​ស​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​បោសសំអាត​គ្រាប់មីន​លោកស្រី​ចង់ឃើញ​និង​ជំរុញ​ឲ្យ​មាន​អនុសញ្ញា​នៃ​ការ ហាមឃាត់​ជា​ផ្លូវការ​នៃ​ការប្រើប្រាស់​គ្រាប់មីន ក្នុង ន័យ​នេះ​លោកស្រី​សង្ឃឹមថា​កម្ពុជា​អាច​នឹង​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​នេះ​។
​ ​ ​
​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​ប្រទេស​ន័​រ​វែ​ស​គឺជា​ប្រទេសមួយ​ដែល​បាន​ផ្តល់ជំនួយ​ជាច្រើន​ដល់​កម្ពុ​ជាពិសេស​ការចូល​រួមចំណែក​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​និង​ការ​បោសសំអាត​គ្រាប់មីន និង ផ្តល់ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម ។ ទាក់ទិន​ទៅ​និង​ការជំរុញ​ឲ្យ​មាននូវ​អនុសញ្ញា​ស្តីពី​ការ ហាមឃាត់​ជា​ផ្លូវការ​នៃ​ការប្រើប្រាស់​គ្រាប់មីន សម្តេច​តេ​ជោ​មានប្រសាសន៍ថា​កម្ពុជា​ពិតជា​គាំទ្រ​ទាំងស្រុង​នូវ​អនុសញ្ញា​ស្តីពី​ការហាមឃាត់​ជា​ផ្លូវការ​នៃ ការប្រើប្រាស់​គ្រាប់មីន ។

​សម្តេច​តេ​ជោ​បន្តថា​កម្ពុជា​នឹង​បន្ត​បោសសំអាត​គ្រាប់មីន​ទាំងស្រុង​ក្នុងប្រទេស​កម្ពុជា​ពិសេស​កម្ពុជា​និង​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ស្តីពី​អនុសញ្ញា​នៃ​ការប្រើប្រាស់​គ្រាប់មីន​។ សម្តេច​តេ​ជោ​បន្តថា​កន្លងមក​កម្ពុជា​បាន​បន្ត​នូវ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​បោសសំអាត​គ្រាប់មីន​តាម​បណ្តា​ប្រទេស​មួយចំនួន ពិសេស​តាម​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អា​ហ្រិ​ក ។

​ទាក់ទិន​ទៅ​និង​ប្រសាសន៍​លើកឡើង​របស់​សម្តេច​តេ​ជោ លោកស្រី​មានប្រសាសន៍ថា​អ្វីដែល​កម្ពុជា​បានធ្វើ​គឺមាន​សកម្មភាព​ដ៏​ល្អ​។​តាមរយះ​នេះ​លោក ស្រី​ចង់ឃើញ​ពី​ទំហំ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​មាន​កំណើន​ខ្ពស់ ។ លោកស្រី​បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន គាំទ្រ​នូវ​បេក្ខភាព​របស់​ប្រទេស​ន័​រ​វែ​ស​ក្នុងការ​បោះឆ្នោត​ជា​សមាជិក​មិនមែន​អចិន្ត្រៃយ៍​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ក្នុង​អាណត្តិ​ឆ្នាំ ២០២១ – ២០២២ ។ លោកស្រី​នាយករដ្ឋមន្ត្រី​ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ​ហ៊ុន សែន ពី​សភាពការណ៍​ក្នុង​ដែនសមុទ្រ​ក្នុងប្រទេស​ន័​រ​វែ​ស​ពិសេស​ពី​បញ្ហា​បរិស្ថាន និង​ការនេសាទ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​កម្ពុជា​អាចជា​ដៃគូ​ក្នុង​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​ជាច្រើន​ពាក់ព័ន្ធ​ទៅ​និង​បរិស្ថាន​ក្នុង​មហាសមុទ្រ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម